Tuesday, May 12, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរលួចម៉ូតូស្រី ជាប់ខ្នោះ៤នាក់

ចោរលួចម៉ូតូស្រី ជាប់ខ្នោះ៤នាក់

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពលួចកាច់កម៉ូតូ ១គ្រឿង របស់យុវតីម្នាក់ បានសម្រេច រួចនាំគ្នារត់គេចខ្លួនបាន១ថ្ងៃ ត្រូវបានកម្លាំងជំនាញអាវុធហត្ថ ស្រាវជ្រាវចាប់ខ្លួនបាន សរុបចំនួន៤នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រហូតមកដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ទើប កម្លាំងជំនាញអាវុធហត្ថ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានជា បន្តបន្ទាប់ សរុបចំនួន៤នាក់។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះឌី វណ្ណីអាស្ទេវិន ភេទប្រុស អាយុ១៨ឆ្នាំ។ ទី២-ឈ្មោះវី ដាវីត ភេទប្រុស អាយុ១៨ឆ្នាំ។ ទី៣-ឈ្មោះហាក់ តាំងឆេង ភេទប្រុស អាយុ២៣ឆ្នាំ និងទី៤-ឈ្មោះផេង ភី ភេទប្រុស អាយុ២១ឆ្នាំ។ ចំណែកជនរងគ្រោះ មានឈ្មោះ ខាំ ណយស្រីល័ក្ខ ភេទស្រី អាយុ២០ឆ្នាំ មានលំនៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះខាំ ណយស្រីល័ក្ខ ភេទស្រី ស្តីពីករណីបាត់ម៉ូតូ នៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយទទួលបានបណ្តឹងខាងលើ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ និង ឈានទៅឃាត់ខ្លួនជនសង្ស័យ បានជាបន្តបន្ទាប់ ចំនួន៤នាក់ (១-ឈ្មោះឌី វណ្ណីអាស្ទេវិន ២-ឈ្មោះវី ដាវីត ៣-ឈ្មោះហាក់ តាំងឆេង ៤-ឈ្មោះផេង ភី) ព្រមទាំងចាប់យកវត្ថុតាង រួមមាន ម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ចំនួន១គ្រឿង (ជារបស់ជនរងគ្រោះ) តួល្វីសកែច្នៃមុខស្រួច ប្រវែង ២៥សង់ទីម៉ែត្រ ចំនួន១ដើម។ បន្ទាប់មក ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំមក កាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរ។

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោ យឃាត់ខ្លួននិងសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះ ប្រា កដមែន។

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿង បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានឱ្យដឹងថា ជនសង្ស័យ ទាំង៤នាក់ខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូ ត្រូវបានកម្លាំងជំនាញ ប្រគល់ជូនជនរងគ្រោះវិញ៕

RELATED ARTICLES