ខេត្តកណ្តាល ៖ លំនៅឋាន ១ខ្នង ដែលមានសមាជិកក្នុងគ្រួសាររស់នៅជុំគ្នា ដល់ទៅ២១នាក់ បានរងការឆាបឆេះអស់ទាំងស្រុង ដែលបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ក្លាយជាអគ្គិភ័យ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៏ឯក អៀង ធារី នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់ថា ផ្ទះដែលរងការឆាបឆេះ មានទំហំ១០ម៉ែត្រ គុណនឹង ១០ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ជញ្ជាំងឈើលាយស័ង្កសី រៀបបេតុងផ្នែកក្រោមផ្ទះពាក់កណ្តាល មានម្ចាស់ឈ្មោះអ៊ិត ម៉ក់ ភេទប្រុស អាយុ៥៩ឆ្នាំ និងប្រពន្ធឈ្មោះទូច ហន អាយុ៧១ឆ្នាំ មុខរបរ លក់ដូរបាយម្ហូប សម្រាប់កម្មករកម្មកា រិនីរោងចក្រ និងមានសមាជិករស់នៅជុំគ្នារហូត ចំនួន២១នាក់ (ស្រី៩នាក់)។

ចំពោះសម្ភារៈខូចខាត រួមមាន ផ្ទះ ១ខ្នងទាំងស្រុង គ្រឿងអលង្ការ ប្លាទីន ១ជី ទូរស័ព្ទស្មាតហ្វូន ចំនួន៦គ្រឿង (សាកថ្មលើផ្ទះ) កុំព្យូទ័រ ចំនួន១គ្រឿង សម្លៀកបំពាក់ ឯកសារប្រើប្រាស់សម្គាល់ខ្លួន ត្រូវឆេះខូចខាតទាំងអស់។ ចំណែកបាយវេចខ្ចប់រួច មុខម្ហូបជាច្រើនមុខ ដែលត្រៀមលក់ជូនកម្មករ ក៏ត្រូវភ្លើងឆេះខូចខាតអស់ទាំងស្រុងផងដែរ។

តាមសម្តីស្ត្រីជាម្ចាស់ផ្ទះ ឈ្មោះទូច ហន បានបំភ្លឺជូនសមត្ថកិច្ចថា មុនពេលកើតហេតុ គាត់នៅខាងក្រោមផ្ទះ បានឃើញភ្លើងចាប់ផ្តើមឆេះពីទីតាំងបារ៉ែតភ្លើង សម្រាប់ចែកចាយភ្លើងនៅលើផ្ទះ ពោលគឺឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ព្រោះខ្សែភ្លើងត មានព្រីបំបែក និងមានសភាពចាស់ ទើបឆ្លងចរន្តឆេះរាលដាលតែម្តង។ នៅក្នុងហេតុការណ៍អគ្គិភ័យនេះ បណ្តាលឱ្យរងរបួសសមាជិកគ្រួសារម្នាក់ ឈ្មោះអ៊ិត បូរិត ភេទប្រុស អាយុ២៦ឆ្នាំ មានស្នាមរលាកត្រង់ស្មាខាងឆ្វេង និងត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា លំនៅឋានដែលឆេះ គឺនៅឆ្ងាយពីផ្លូវជាតិ ចម្ងាយ១០០ម៉ែត្រ ហើយផ្លូវតូច ចង្អៀត មិនអាចចូលរថយន្តពន្លត់អគ្គិភ័យបានឡើយ ដោយត្រូវប្រើបច្ចេកទេស តទុយោ ចូលទៅអន្តរាគមន៍បាញ់ទឹកពន្លត់ គឺប្រើប្រាស់មធ្យោបាយជួយសង្គ្រោះ រថយន្តពន្លត់អគ្គិភ័យ ២គ្រឿង នៃស្នងការដ្នាននគរបាលខេត្តកណ្តាល ប្រើទឹកអស់ ២ស៊ីទែន ទើបអាចគ្រប់គ្រងបានទាំងស្រុង ដោយមិនរាលដាលទៅលំនៅឋានអ្នក ជិតខាងឡើយ ដោយភ្លើងបានរលត់ទាំងស្រុង នៅវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃដដែល៕



