ខេត្តស្ទឹងត្រែងៈ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង សហការជាមួយសមត្ថកិច្ចនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍តំបន់ការពារធម្មជាតិ ក្នុងខេត្តស្ទឹងត្រែង នៅថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០២៦ បានចុះទៅត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាបបទល្មើសធ្វើអាជីកម្មរ៉ែខុសច្បាប់ គ្រប់រូបភាព ស្ថិតក្នុងឧទ្យានជាតិ វើនសៃ-សៀមប៉ាង ភូមិសាស្ត្រខេត្តស្ទឹងត្រែង។

ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានរកឃើញឃើញនៅចំណុចភ្នំកាពិន ស្ថិតក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ភូមិសាស្ត្រភូមិគិរីវង្សា ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មានរោងប្រក់តង់កៅស៊ូ (អញ្ញាតជន) និងកន្លែងរករ៉ែខុសច្បាប់ ចំនួន៣ទីតាំង ក្រុមការងារបានប្រមូលយកកវត្ថុតាងដែលជនសង្ស័យ បានលាក់ទុកនៅក្បែរទីតាំងនោះ រួមមាន ឧបករណ៍សម្រាប់រែងមាស (ឆាងម៉ាង) ប៉ែល យកមករក្សាទុកនៅស្នាក់ការឧទ្យានជាតិ ក្នុងស្រុកសៀមប៉ាង និងធ្វើការរុះរើរោងតង់ស្នាក់របស់ជនសង្ស័យផងដែរ។

សូមបញ្ជាក់ថា ទីតាំងខាងលើនេះ មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ធ្លាប់បានចុះបង្ក្រាប និងបានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ជាបន្តបន្ទាប់ កន្លងមកផងដែរ។ក្រុមការងារ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានបន្តចុះបង្ក្រាបការរុករករ៉ែខុសច្បាប់ នៅតាមតំបន់ការពារធម្មជាតិ ធ្វើឡើងក្នុងគោលបំណងការពារធនធានធម្មជាតិ និងបរិស្ថាននៅក្នុងតំបន់ការពារធម្មជាតិ។

ជាមួយគ្នានេះ សមត្ថកិច្ចបន្តនីតិវិធីច្បាប់ ស៊ើបអង្កេត ស្វែងរកជនល្មើស យ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់ទាំងនេះ៕
