Saturday, May 23, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទណ្ឌិតក្មេងទំនើង ៧៩០នាក់ យកទៅលត់ដំ ជួយការងារទ័ពជួរមុខ

ទណ្ឌិតក្មេងទំនើង ៧៩០នាក់ យកទៅលត់ដំ ជួយការងារទ័ពជួរមុខ

ភ្នំពេញ ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ ដេលបានឱ្យស្ថាប័នជំនាញ រួមមាន ក្រសួងយុត្តិធម៌, អគ្គមបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ គិតគូររៀបចំនិងបញ្ជូនទណ្ឌិតក្មេងទំនើង ឱ្យទៅបម្រើការងារជួយដល់ជួរមុខ ក្នុងការធ្វើពុម្ពលេណដ្ឋាន និងការងារផ្សេងៗដែលសមស្រប ដើម្បីជួយដល់កងទ័ពជួរមុខក៏ដូចជាកងវិស្វកម្ម នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានពន្ធនាគារ បានចាត់ចែងផ្ទេរទណ្ឌិត ជាក្មេងទំនើង (ភេទប្រុស) សរុបចំនួន ៧៩០នាក់ ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនា គាររាជធានី-ខេត្ត ទៅអនុវត្តទោសបន្ត នៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារគោលដៅ ចំនួន០២ គឺមណ្ឌលអប់រំកែប្រែទី៤ (ខេត្តពោធិ៍សាត់) ចំនួន៦៥១នាក់ និងពន្ធនាគារខេត្តឧត្តរមានជ័យ ចំនួន ១៣៩នាក់។

ការផ្ទេរទណ្ឌិត ជាក្មេងទំនើងទាំងនេះ គឺក្នុងគោលបំណងបង្កើនការអប់រំកែប្រែ និងលត់ដំខ្លួន តាមរយៈការចូល រួមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផង និងដើម្បីធ្វើសកម្មភាពដែលមាន ប្រយោជន៍ជួយដល់សមរភូមិមុខផង។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធនាគារ នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងម ហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ បានចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើង (ភេទប្រុស) សរុបចំនួន៧៩០នាក់ ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ទៅអនុវត្តទោសបន្ត នៅមណ្ឌលអប់រំកែប្រែ និងពន្ធ នាគារគោលដៅ ចំនួន២ ដូចខាងក្រោម ៖

១- មណ្ឌលអប់រំកែប្រែទី៤ (ខេត្តពោធិ៍សាត់) ៖ ចំនួន៦៥១នាក់។

២- ពន្ធនាគារខេត្តឧត្តរមានជ័យ ៖ ចំនួន១៣៩នាក់។

អគ្គនាយកដ្ឋានពន្ធនាគារ បញ្ជាក់ថា ការផ្ទេរទណ្ឌិត ជាក្មេងទំនើងទាំងនេះ គឺក្នុងគោលបំណងបង្កើនការអប់រំកែប្រែ ស្តារនីតិសម្បទា តាមរយៈការចូលរួមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផង និងដើម្បីបុព្វហេតុបម្រើជាតិ និងការស្រឡាញ់ជាតិមាតុភូមិផងដែរ។

កម្មវិធីបណ្តុះបណ្តាលទាំងនោះ រួមមាន ជំនាញកសិកម្ម ដូចជាការដាំដុះបន្លែបង្ការ ការចិញ្ចឹមសត្វ និងជំនាញសំណង់ ដូចជា ការចាក់គម្របលេណដ្ឋាន និងសំណង់បេតុងផ្សេងៗ ដើម្បីគាំទ្រដល់កម្លាំងជួរមុខ ដែលកំពុងឈរជើងការពារអធិបតេយ្យជាតិ។

កម្មវិធីបណ្តុះបណ្តាលខាងលើនេះ នឹងត្រូវអនុវត្តឡើង ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ ពីមន្ត្រីជំនាញកសិកម្ម និងមន្ត្រីជំនាញផ្នែកកសាងលេណដ្ឋាន៕

RELATED ARTICLES