Saturday, May 23, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមេអាប៉ោង ប៉ូលិសចាប់ប្រពន្ធ ប្តីរត់ចោល

មេអាប៉ោង ប៉ូលិសចាប់ប្រពន្ធ ប្តីរត់ចោល

ខេត្តកណ្តាល ៖ ប្តីប្រពន្ធជាមេអាប៉ោង និងយូគី ២នាក់ បានស្កាត់មកបើកវង់អាប៉ោង និងយោគី ក្នុងតំបន់រោង ចក្រសួនឧស្សាហកម្មសំរោងធំ លុះកម្លាំងសមត្ថកិច្ចចុះបង្ក្រាប មេអាប៉ោង ជាប្តី បានរត់គេចខ្លួនបាត់ បន្សល់ទុកប្រពន្ធ និងអ្នកចាក់២នាក់ សរុប៣នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ការបង្ក្រាបវង់ល្បែងអាប៉ោង និងយូគី នេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៣៥នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងរោងចក្រសួនឧស្សាហកម្មសំរោងធំ ស្ថិតក្នុងភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនបានមេអាប៉ោងម្នាក់ ឈ្មោះជា ស៊ីម ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរកសិ ករ មានលំនៅ ភូមិគរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ចំណែកគូកនម្នាក់ទៀត ឈ្មោះសេង រ៉ន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិគរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល បានរត់គេចខ្លួនបាត់។ ជាមួយនេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកលេងល្បែង បានចំនួន ២នាក់ ទី១-ឈ្មោះដុះ សុផល ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត ភូមិតាកែន ឃុំតាកែន ស្រុកឈូក ខេត្តកំពត ស្នាក់នៅបណ្តោះអាសន្ន ក្នុងរោងចក្រសួនឧស្សាហកម្មសំរោងធំ ស្ថិតក្នុងភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល  និងទី២- ឈ្មោះច្រូច ឈិត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត ភូមិព្រែកពោធិ៍ ឃុំសន្តី ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ស្នាក់នៅបណ្តោះអាសន្ន ក្នុងរោងចក្រសួនឧស្សាហកម្មសំរោងធំ ស្ថិតក្នុងភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ចំពោះវត្ថុតាងចាប់យក រួមមាន ១-ទូរស័ព្ទ ៣គ្រឿង (ម៉ាក Oppo ពណ៌ស ម៉ាក Redmi ពណ៌ខៀវ និងម៉ាក Oppo ពណ៌ទឹកសមុទ្រ១)។ ២-ប្រាក់រៀល ចំនួន៤៥ម៉ឺនរៀល។ ៣-គម្របអាប៉ោង ចំនួន១។ ៤-កម្រាលអាប៉ោង ចំនួន១ ពណ៌ខៀវក្រហម។ ៥-កូនកន្សែង១ ពណ៌លឿង។ ៦-ចានអាប៉ោង ចំនួន១ ពណ៌ស។ ៧-កាបូបស្ពាយ៤ (ម៉ាក Kimlong ពណ៌ក្រហម ចំនួន១ ម៉ាក minmini ពណ៌កាហ្វេ ចំនួន១ គ្មានម៉ាក ពណ៌ប្រផេះ លាយរូបតុក្កតា ចំនួន១ គ្មានម៉ាក ពណ៌ក្រមៅ ចំនួន១)។ ៨-កម្រាលជ័រ រូបសត្វទាំង១២ ចំនួន ១ផ្ទាំង។ ៩-ឆ្នោតកោស (យូគី) សត្វទាំង១២ ចំនួន១២៧សន្លឹក។ ១០-អំពូលភ្លើង មានខ្សែចាប់ និងអាគុយ ចំនួន២។ ១១-អាគុយ ចំនួន១គ្រាប់ ម៉ាក PANA។ ១២-ចម្ពាមកៅស៊ូ១ ពណ៌ក្រហម។

មន្ត្រីនគរបាលស្រុកកៀនស្វាយ បានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ សហការជាមួយផ្នែកព្រហ្មទណ្ឌស្រុកកៀនស្វាយ បានដឹកនាំកម្លាំង ចុះទៅបង្ក្រាបទីតាំងលេងល្បែង មួយកន្លែង ក្នុងភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ តាមព័ត៌មានដែលប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ច។ ពេលកម្លាំងចុះទៅដល់ ឃើញអ្នកលេងល្បែងអាប៉ោង និងយូគី (សត្វទាំង១២) មាន២វង់ ដែលមានមេស៊ីសង៣នាក់ និងអ្នកលេងចាក់ល្បែងប្រហែល ២០នាក់ នៅក្នុងរោងចក្រសួនឧស្សាហកម្ម ដោយសភាពផ្លូវចូលពិបាក ទើបកម្លាំងប៉ុស្តិ៍ និងកម្លាំងស្រុក ឃាត់ខ្លួនបានមេល្បែងអាប៉ោង និងយ៉ូគី (សត្វទាំង១២) ចំនួនម្នាក់ និងអ្នកចាក់ល្បែង ២នាក់ រួចក៏បញ្ជូនមកសាកសួរនៅប៉ុស្តិ៍សំរោងធំ ។

នៅចំពោះមុខនគរបាល ឈ្មោះ ជា ស៊ីម ភេទស្រី បានឆ្លើយសារភាពថា ខ្លួនបានមកបើកលេងល្បែងអាប៉ោង និងយូគី (សត្វទាំង១២) ចំនួន២លើក គឺនៅថ្ងៃទី១២ និងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ជាមួយប្តី ឈ្មោះសេង រ៉ន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរមេចាក់ល្បែងអាប៉ោង និងយូគី (សត្វទាំង១២) ដោយចាក់ក្នុង ១ដង ពី៥០០រៀល ទៅ១០០០រៀល ស៊ីសងតាមប្រាក់តិច ឬច្រើន។

ចំណែកអ្នកចាក់ល្បែង ២នាក់ទៀត បានឆ្លើយសារភាពថា ពួកខ្លួនបាននាំគ្នាទៅឈរមើលគេលេងល្បែងអាប៉ោង និងយ៉ូគី បាន១សន្ទុះ ក៏ត្រូវសមត្ថកិច្ច ចុះមកឃាត់ខ្លួនតែម្តង។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES