Sunday, November 24, 2024
Homeនយោបាយតើអ្នកណានៅពីក្រោយ របបលោក សេនាប្រមុខ លន់ នុល ?

តើអ្នកណានៅពីក្រោយ របបលោក សេនាប្រមុខ លន់ នុល ?

ការប្រកាស របប សាធារណរដ្ឋខ្មែរ នៅថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ១៩៧០ . Proclamation de la république khmère le 09 October 1970 .

នៅឆ្នាំ ១៩៧០ នៅពេលដែល កងទ័ពកុម្មុយនីស្ត វៀតណាម ខាងជើង បង្កើតអសន្តិសុខ ពេញទូទាំងប្រទេស  សហរដ្ឋអាមេរិក រិះរកគ្រប់មធ្យោបាយ ដើម្បីជួយកងទ័ព ឧត្តមសេនីយ៍ លន់ នុល ។

នៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី ១៥ កញ្ញា លោក ហង់រី គីស្សុីងហ្គែរ (Henry Kissinger) ទីប្រឹក្សារបស់លោក ប្រធានាធិបតី និចសុន បានបើក អង្គប្រជុំមួយ ដើម្បីសាកសួរ យោបល់ របស់អ្នកវិភាគ ស្ថានការណ៏ ចំណានៗ ។ មួយខែក្រោយ មក នៅថ្ងៃទី ១៦ តុលា គឺ ១សប្តាហ៏ ក្រោយប្រកាស របប សាធារណរដ្ឋខ្មែរ លោក គីស្សុីងហ្គែរ បានបើលអង្គប្រជុំ អ្នកវិភាគ ស្ថានការណ៍ សាជាថ្មីទៀត ហើយសំរេចអនុវត្ត យុទ្ធសាស្ត្រលេខ ៣ តែម្តង  ។ ប៉ុន្តែ ចំពោះលោក ប្រធានាធិបតី អាមេរិក រីកឈិត និចសុន ( Richard Nixon) ការធ្វើអន្តរាគមន៍ យោធា នៅប្រទេស កម្ពុជា វា ជារឿងមួយដ៏ស្មុគស្មាញ ដោយហេតុថា សង្គ្រាមនៅ ប្រទេស កម្ពុជា ជាសង្គ្រាម ដែលឥតបានព្រាងទុក ជាមុន ។

ណាមួយ ត្រូវប្រឈមមុខ នឹង រដ្ឋសភា ណាមួយត្រូវ សាធារណមតិ ថ្កោលទោស ណាមួយថវិកស សម្រាប់ ជួយប្រទេស កម្ពុជា ក៏គ្មានទៀត ។

នៅទីបំផុត លោក និច សុន បានសម្រេច អនុញ្ញាត ឲ្យក្រសួង ការពារប្រទេស សហរដ្ឋអាមេរិក ប្រើប្រាស់ ធនធាន ថវិកាលេខ ៥០៦ តែម្តង ហើយឲ្យ បង្វិល ប្រាក់ សម្រាប់ឲ្យខ្ចី ធ្វើការ អភិវឌ្ឍន៍ ទៅប្រើប្រាស់សិន ព្រោះនៅពេលនោះ សេដ្ឋកិច្ច ប្រទេសកម្ពុជា ត្រូវស្ទះដំណើរការ ទាំងស្រុង ដោយសង្គ្រាមឥតព្រាងទុក ។

នៅក្នុងពេល ដដែលនោះ ឧត្តមសេនីយ៍ លន់ នុល ដែលទើប នឹងបាន ត្រូវតែងតាំងជា សេនាប្រមុខ កាលពីខែ មេសា ត្រូវរិះរក គ្រប់មធ្យោបាយ ដើម្បីរៀបចំ របបសាធារណរដ្ឋផង យើយទប់ទល់ នឹងទ័ពព្រៃ វៀតណាម កុម្មុយនីស្ត នៅក្នុងប្រទេសផង ។

នៅឆ្នាំ ១៩៧០នោះ កងទ័ព ខ្មែរក្រហម បានក្លាយ ទៅជា កងទ័ព ប្រយុទ្ធមួយ ដ៏ខ្លាំងក្លា ។ រវាងឆ្នាំ ១៩៧០ – ១៩៧១ កងទ័ព សាធារណរដ្ឋខ្មែរ បានវាយយកខែត្រ មួយចំនួនបានមកវិញ គឺ ខែត្រ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី និង មួយភាគធំ នៃខែត្រ ក្រចេះ ។ ប្រជាជនខ្មែរ ប្រមាណ ១០ភាគរយ ក៏ បានត្រូវរំដោះ មកវិញផងដែរ ។

ប៉ន្តែដោយ កម្លាំងកងទ័ព វៀតណាមខាងជើង ខិតខំការពារ ផ្លូវលំ ហូ ជី មិញ យ៉ាង ស្វិតស្វាញ តំបន់មួយចំនួន នៃខែត្រ កំពង់ធំ ទាំងមូល និង ផ្នែកត្រើយខាងឆ្វេង ទន្លេមេគង្គ ក្នុងខែត្រកំពង់ចាម ព្រមទាំងផ្នែកខាងជើង និង ផ្នែកឦសាន្ត នៃខែត្រសៀមរាប បានធ្លាក់យ៉ាងឆាប់រហ័សទៅវិញ ទៅក្នុងកណ្តាប់ដៃ បច្ចាមិត្ត ។

ការកសាង សាធារណរដ្ឋខ្មែរ បាមប្រព្រឹត្តិទៅ ជាផ្លូវការ ចាប់តាំងពីថ្ងៃ ទី០៥ កញ្ញា ឆ្នាំ ១៩៧០ គឺថ្ងៃដែល លោកសេនាប្រមុខ លន់ នុល បានសន្យានៅចំពោះមុខ ប្រជាជាតិថា នឹង ប្រកាស របបសាធារណរដ្ឋ នៅក្នុងរយះពេល ២ខែខាងមុខ ។

នៅថ្ងៃ ០៦ តុលា ឆ្នាំ ១៩៧០ ដដែលនោះ សភាទាំងពីរ បានសម្រេច ប្រកាស  របបសាធារណរដ្ឋ នៅថ្ងៃទី ០៩ តុលា ឆ្នាំនោះឯង ។

នៅថ្ងៃ០៩ តុលា របបសាធារណរដ្ឋ បានត្រូវប្រកាស ដូចការ កំណត់ ។ នៅថ្ងៃ០៩ តុលា នោះ រដ្ឋាភិបាល ប្រគល់ ភារកិច្ច ចាត់ចែង ការតាក់តែង រដ្ឋធម្មនុញ្ញថ្មី ទៅឲ្យរដ្ឋសភា ។ នៅថ្ងៃ ១៩ តុលា រដ្ឋសភា បានចាត់តាំង លោក អុឹង មឹង ឲ្យទទួល ភារកិច្ចនេះ ដល់ថ្ងៃ ២៣ វិច្ឆិកា អាណត្តិ សមាជិកសភា ត្រូវពន្យាពេលមួយឆ្នាំ ជាបន្តទៀត ។

មួយឆ្នាំក្រោយមក នៅថ្ងៃ ១៦ តុលា ឆ្នាំ ១៩៧១ លោក ចេង ហេង ដែលបានត្រូវសភា តែងតាំង ជាប្រមុខរដ្ឋ រហូតដល់ពេល មានប្រធានាធិបតី បានប្រកាសរំលាយសភា ទាំងពីរ ហើយ ប្រែក្លាយ សមាជិកសភា ឲ្យទៅជា សភាធម្មនុញ្ញតែម្តង ។

បន្ទាប់ពីរដ្ឋធម្មនុញ្ញ បានតាក់តែងរួចហើយ គេត្រូវយកទៅដាក់ឆ្លង សុំការយល់ព្រម ពីប្រជាជន ។ នៅថ្ងៃទី ១០ ឧសភា ឆ្នាំ ១៩៧២ តាមរយះការបោះឆ្នោត ប្រជាមតិ រដ្ឋធម្មនុញ្ញថ្មី បានទទួល ជោគជ័យ ដ៏ធំ ។ ក្នុងចំណោម ប្រជាជន ដែលបានទៅបោះឆ្នោត ចំនួន ១លាន ៦សែន នាក់ បានសម្តែងការ ពេញចិត្ត ចំពោះរដ្ឋធម្មនុញ្ញថ្មី ។

បន្តមកទៀត គេរៀបចំការបោះឆ្នោត ជ្រើសរើស ប្រធានាធិបតី នៃសាធារណរដ្ឋខ្មែរ  ។

បេក្ខជន ដែលឈរ ឈ្មោះមាន ០៣រូប គឺ លោក សេនាប្រមុខ លន់ នុល , លោក អុិន តាំ និង លោក កែវ អន ។

ការបោះឆ្នោត ប្រធានាធិបតី បានប្រព្រឹត្តិទៅ នៅថ្ងៃទី ០៤ មិថុនា ឆ្នាំ ១៩៧២ ដដែល ។ លោកសេនាប្រមុខ លន់ នុល ដែល តំណាង ចរន្តមួយប្រភេទ ប្រៀបបានទៅនឹង ចរន្ត ប្រជាធិបតេយ្យ សេរីនិយម ពោលគឺនិន្នាការស្តាំ បានទទួល សន្លឹកឆ្នោត ច្រើនជាងគេ គឺ ៥៧៨,២០៣សម្លេង ។

បើគិតជាភាគរយគឺ ៥៤.៩៣ភាគរយ , បន្ទាប់មក លោក អុិន តាំ ដែលជា អ្នកសាធារណរដ្ឋនិយម តំណាង និន្នាការកណ្រាល ហើយដែល ជាអ្នកចូលរួមចំណែក យ៉ាងសកម្ម ក្នុងការទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ វានទទួល ២៥៧,៣២០សម្លេង , ពោលគឺ២៤.៤៤ភាគរយ រីឯ លោក កែវ អន វិញ ដែលតំណាង និន្នាការឆ្វេង ហើយដែលមានការលំអៀង ទៅរក អតីតប្រមុខរដ្ឋ សម្តេច នរោត្តម សីហនុ និង ខ្មែរក្រហម បានទទួល ២១៧,៣៤១ សម្លេង ពោលគឺ ២០.៦១ ភាគរយ ៕ ប្រភព Kh empire 

RELATED ARTICLES