ក្នុងគោលដៅពង្រឹងបន្ថែមផ្នែកតំបន់ការពាររបស់ខ្លួន គ្រូបង្វឹកWest Brom គឺលោក Tony Pulis បានសម្លឹងឃើញខ្សែការពារDennis Aogo របស់Schalke ។
ស្ថិតក្នុងវ័យ៣០ឆ្នាំ កីឡាករ Aogo នឹងផុតកុងត្រាជាមួយក្របខ័ណ្ឌអាល្លឺម៉ង់ប៊ុនដេស្លីហ្គានាដំណាច់រដូវកាលខាងមុខ ។ ដូច្នេះ លោក Pulis ចង់បានកីឡាករពេញដោយបទពិសោធន៍របស់អាល្លឺរូបនេះដោយគ្មានតម្លៃខ្លួន ។ បំណងរបស់គ្រូបង្វឹករូបនេះ លេចចេញកាន់តែច្បាស់បន្ទាប់ពីរបាយការណ៍ក្រុមអ្នកតំណាងរបស់គាត់ដែលទៅមើលការប្រកួតផ្ទាល់របស់ Aogo បញ្ជាក់ពីភាពស័ក្តិសមនិងសមត្ថភាព ។
Aogo ធ្លាប់ទទួលបានឱកាសលេងឱ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ចំនួន១២លើក ហើយរូបគេត្រូវបានអតីតគ្រូជម្រើសជាតិU-21 គឺលោក Horst Hrubesch ឱ្យឈ្មោះជាកីឡាករវ័យឆ្លាតនិងចេះបត់បែនតាមបច្ចេកទេស ។ រូបគេបានចុះកុងត្រាលេងឱ្យក្លឹប Schalke ក្នុងឆ្នាំ២០១៤បន្ទាប់ពីលេងក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយឆ្នាំ ៕