Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិទាហាន​អេហ្ស៊ីប​ចាប់ខ្លួន​​ជនសង្ស័យ​​​ជាភេរវករ​២៨នាក់​​តាម​ព្រំដែន​កាហ្សា

ទាហាន​អេហ្ស៊ីប​ចាប់ខ្លួន​​ជនសង្ស័យ​​​ជាភេរវករ​២៨នាក់​​តាម​ព្រំដែន​កាហ្សា

កាហ្សា៖ អ្នកនាំពាក្យ​យោធាបានឲ្យ​ដឹងនៅក្នុង​សេចក្តីថ្លែងការណ៍មួយ​កាលពី​ថ្ងៃ​ពុធថា​ទាហាន​អេហ្ស៊ីប​បាន​សហការជាមួយនិង​កម្លាំងប៉ូលិស​ចាប់​ឃាត់ខ្លួនបាន​ជនសង្ស័យ​ជា​ក្រុមភេរវករ​ចំនួន​២៨នាក់​ក្នុងអំឡុងពេល​វាយ​ឆ្មក់ចូល​តំបន់ North Sinai ដែលស្ថិតនៅ​បណ្តោយព្រំដែន​អ៊ីស្រាអែលនិង​កាហ្សា​។

​មន្ត្រី​អ្នក​នាំពាក្យ​កងទ័ព​លោក Tamer al-Refaay បាន​ថ្លែងថា​ក្នុងអំឡុងពេល​វាយ​ឆ្មក់​ចូល​តំបន់​ខាងលើ​ កងកម្លាំង​បាន​​បង្ក្រាប​ឬទប់​ស្កាត់ទាន់ពេល​នូវ​គ្រឿង​ផ្ទុះ​នៅ​ក្បែរ​មន្ទីរពេទ្យ​សាធារណៈ​ក្រុង Arish ខណៈ​កងកម្លាំង​ជើងអាកាស​បាន​ដាក់​ទិសដៅ​លើ​រថយន្ត​ភិកអាប់​ពីរគ្រឿង​ដែលជា​កម្មសិទ្ធិ​របស់​ក្រុម​ជ្រុល​និយម​ក្នុង​ក្រុង Rafah ។

ការវាយ​ឆ្មក់​នេះ​បាន​ធ្វើ​ឡើង​ត្រឹមតែ​មួយសប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​ការ​បំផ្ទុះ​​ក្នុង​ខេត្ត Sinai ដែល​បាន​សម្លាប់​កម្លាំងយោធា១០នាក់​រាប់បញ្ចូល​មន្ត្រី​៣នាក់​និង​ទា​ហាន​៧នាក់​​ ខណៈ​កងសន្តិសុខ​បានវាយ​ឆ្មក់​សម្លាប់​ក្រុម​សកម្ម​ប្រយុទ្ធ​១៥​នាក់​​ហើយ​មន្ត្រី​​ប្រដាប់អាវុធ​បាន​ចាប់ខ្លួន​មនុស្ស​៧នាក់​ផ្សេងទៀត ។

​កាលពី​ពីរថ្ងៃមុន​ ការប្រឈម​មុខដាក់​គ្នារវាង​កម្លាំង​សន្តិសុខ​និង​ពួកភេរវករ​ក្នុង​តំបន់ ​North Sinai បាន​សម្លាប់​កងសន្តិសុខ​៤នាក់​និង​របួស​៦នាក់​ ចំណែកភេរវករ​ស្លាប់១៣នាក់​និងចាប់ខ្លួនបានជនសង្ស័យ​៣៨នាក់​​ ។  ចាប់តាំងពី​ដើមខែ​​មីនា​ យុទ្ធនាការ​រក្សាសន្តិសុខ​ក្នុង​ខេត្តនេះ​បាន​សម្លាប់​ក្រុម​សកម្មប្រយុទ្ធ​យ៉ាងហោច​តិច​៥៨នាក់ ចាប់ខ្លួនបាន​២២០នាក់​។

គួរបញ្ជាក់ថា​ការវាយប្រហារ​របស់ពួកភេរវករ​ប្រឆាំងនិង​រដ្ឋាភិបាល​ក្នុងប្រទេស​​អេហ្ស៊ីប​បាន​សម្លាប់ប៉ូលិស​និងទាហានរាប់រយនាក់​គិតចាប់តាំងពី​​ការ​ដក​ទ័ព​ចេញ​របស់អតីតប្រធានាធិបតី​លោក Mohamed Morsi នៅពាក់កណ្តាលឆ្នាំ​២០១៣ ជាការឆ្លើយតបនឹង​ការ​តវ៉ា​ទ្រង់ទ្រាយធំមួយ​ប្រឆាំងនិង​ការ​កាន់អំណាច​ក្នុងរយៈ​ពេលមួយឆ្នាំរបស់លោក ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES