ប្រវត្តិរបស់មេដឹកនាំបដិវត្តន៍ចិនលោក ស៊ុន យ៉ាតសេន
សាវតាអ្នកនយោបាយ(ចិន)៖ លោក ស៊ុន យ៉ាតសេន គឺជាអ្នកនយោបាយនិងបដិវត្តន៍ជនជាតិចិនមួយរូបដែលជាសហស្ថាបនិកគួមិញតាងនិងបានបំពេញមុខតំណែងជាមេដឹកនាំដំបូងគេនៃបក្សនេះ។
លោក ស៊ុន យ៉ាតសេន ត្រូវបានគេស្គាល់ថាជាបិតានៃប្រទេសចិនសម័យទំនើប លោកបានដើរតួនាទីដ៏សំខាន់មួយនៅក្នុងលុបបំបាត់ចោលនូវរាជវង្សឈីញក្នុងប្រទេសចិនហើយក៏ជាប្រធានាធិបតីបណ្តោះអាសន្នដំបូងគេនៃសាធារណរដ្ឋចិននៅពេលដែលរបបនយោបាយនេះត្រូវបានបង្កើតឡើងជាលើកដំបូងក្នុងឆ្នាំ១៩១២។
មេដឹកនាំរូបនេះគឺជាអ្នកដែលបានចំណាយពេលរបស់លោកច្រើនក្នុងការនិរទេសខ្លួនទៅកាន់ទីកន្លែងផ្សេងៗក្នុងពេលប្រទេសវឹកវរ។ មនោគមវិទ្យាដ៏ល្បីល្បាញរបស់លោកដែលគេស្គាល់យ៉ាងទូលំទូលាយនោះគឺ “គោលការណ៍បីរបស់មនុស្ស” ទស្សនវិជ្ជានយោបាយជាតិនិយម ប្រជាធិបតេយ្យនិងលទ្ធិសង្គមនិយមគឺស្ថិតក្នុងចំណោមកេរ្តិ៍ដំណែលរបស់លោកជូនដល់ប្រជាជនចិននិងតៃវ៉ាន់ដែលជាទីកន្លែងដែលគេគោរពលោកចំពោះ កិច្ចខិតខំប្រឹងប្រែងបដិវត្តន៍របស់លោក។
ជីវិតតាំងពីកុមារភាព
លោក ស៊ុន យ៉ាតសេន កើតនៅថ្ងៃទី១២វិច្ឆិកាឆ្នាំ១៨៦៦ ក្នុងត្រកូលគ្រួសារកសិករមួយក្នុងភូមិ Cuiheng ក្រុង Xiangshan ក្បែរម៉ាកាវ។
បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បឋមសិក្សាលោក ស៊ុន បានផ្លាស់ទីលំនៅទៅកាន់ក្រុង Honolulu ដើម្បីរស់នៅជាមួយនិងបងប្រុសរបស់លោក ស៊ុន ម៉ី ដែលបានប្រែក្លាយជាពាណិជ្ជករស្តុកស្តម្ភម្នាក់នៅទីនោះ។ ជាមួយនិងការជួយទំនុកបម្រុងផ្នែកហិរញ្ញវត្ថុពីសំណាក់បងប្រុសលោក លោកស៊ុន យ៉ាតសេន បានបោះបង់ចោលនូវអាជីពវិជ្ជាជីវៈរបស់ខ្លួននិងមានភក្តីភាពចំពោះខ្លួនឯងក្នុងសកម្មភាពបដិវត្តន៍។
ដំបូងឡើយលោកស៊ុន យ៉ាតសេនមិនអាចនិយាយភាសាអង់គ្លេសបានឡើយ ដោយផ្អែកលើកត្តានេះលោកបានព្យាយាមសិក្សាភាសាអង់គ្លេស គណិតវិទ្យានិងវិទ្យាសាស្ត្រនៅសាលា Iolani School ក្នុងឆ្នាំ១៨៨២ និងទទួលបាននូវពានរង្វាន់មួយចំពោះភាពលេចធ្លោររបស់លោកក្នុងឯកទេសភាសាអង់គ្លេស ។ បន្ទាប់ពីទទួលបានសញ្ជាតិអាមេរិកលោកបានចូលរៀននៅមហាវិទ្យាល័យ Oahu និងបានបញ្ចប់ ការសិក្សានៅទីនោះទៀតផង។
គិតចាប់ពីកាចាប់ផ្តើមដំបូង លោកស៊ុន យ៉ាតសេន ជាមនុស្សដ៏មានឥទ្ធិពលម្នាក់តាមរយៈមនោគតិនៃសាធារណរដ្ឋនិយមរបស់លោក Abraham Lincoln គឺរដ្ឋាភិបាលរបស់ប្រជាជន តាមរយៈប្រជាជន និងសម្រាប់ប្រជាជន។ដែលមនោគតិនោះផ្អែកលើអ្វីដែលដូចគ្នានឹងការបង្កើតគោលការណ៍បីរបស់លោកសម្រាប់ប្រជាជនដែលគេបានស្គាល់យ៉ាងទូលំទូលាយថាជា លទ្ធិជាតិនិយម សង្គមនិយម និងអធិបតេយ្យភាព។
ខ្សែជីវិតចុងក្រោយគឺលោកស៊ុន យ៉ាតសេន បានពង្រាងសៀវភៅពីរក្បាលដែលឆ្លុះបញ្ចាំងពីគំនិតទាំងនោះ គឺសៀវភៅបញ្ហាដ៏មានសារសំខាន់របស់ចិន(១៩១៧) និងការអភិវឌ្ឍអន្តរជាតិរបស់ចិន(១៩២១) ។
នៅគ្រាដែលលោកនិពន្ធសៀវភៅទាំងពីរក្បាលនោះ លោកបានវិលត្រឡប់មកប្រទេសចិនវិញក្នុងឆ្នាំ១៨៨៣ក្នុងពេលមួយ ហើយក៏ជាអ្វីដែលលោកមើលឃើញពីការដើរថយក្រោយរបស់ចិនដែលបានផ្លាស់ប្តូរផ្នត់គំនិតលោករឹតតែខ្លាំងឡើង ហើយថែមទាំងជំរុញឲ្យលោកអស់ជំនឿលើអ្នកកាន់សាសនារបស់ជនជាតិចិនទៀតផង។
ដោយសេចក្តីព្រួយបារម្ភក្នុងចំណោមអ្នកភូមិដែលដើរតាមលោក លោក ស៊ុន បានរត់ទៅចុះចូលខាងគូបដិបក្សនៅហុងកុង ជាទីកន្លែងដែលលោកបានផ្លាស់ប្តូរទៅមានជំនឿលើគ្រិស្តសាសនាហើយក៏ត្រូវបានបញ្ចូលជាគ្រិស្តបរិស័ទដោយទូតសាសនាអាមេរិក។
នៅទីនោះ(ហុងកុង) លោកបានសិក្សាភាសាអង់គ្លេសនៅ Anglican Diocesan Home និងត្រូវបានផ្លាស់ទៅរៀននៅ Central School of Hong Kong ក្នុងឆ្នាំ១៨៨៤។
លោក ស៊ុន បានសិក្សាបន្ថែមនូវជំនាញផ្នែកឱសថហើយថែមទាំងទទួលបានអាជ្ញាប័ណ្ណអនុវត្តវិជ្ជាពេទ្យមួយពីមហាវិទ្យាល័យឱសថសាស្ត្រក្រុងហុងកុងសម្រាប់ជនជាតិចិនក្នុងឆ្នាំ១៨៩២។ លោក ស៊ុន បានរៀបអាពាហ៍ពិពាហ៍ជាមួយនិងកូនអ្នកភូមិម្នាក់ឈ្មោះ Lu Muzhen និងប្រសូតបានកូនបីនាក់ក្នុងនោះមានកូនស្រីពីរនាក់។
សកម្មភាពបដិវត្តន៍
លោក ស៊ុន បានសម្រេចចិត្តបោះជំហានចូលទៅក្នុងសកម្មភាពនានានៃបដិវត្តន៍ស្របពេលរដ្ឋាភិបាលរាជវង្ស ឈីញ បានជ្រើសយកនូវការអភិរក្សយ៉ាងខ្លាំងក្លាបំផុតដែលខិតទៅជិតការផ្សព្វផ្សាយនូវបច្ចេកទេសជឿនលឿនក៏ដូចជាប្រព័ន្ធអប់រំក្នុងប្រទេសចិន។
លោកបានបោះបង់ចោលនូវការបំពេញវិជ្ជាជីវៈពេទ្យរបស់លោកក្នុងការជួយកាច់ចង្កូតនាវាចិនប្រែប្រួលចូលទៅក្នុងស្ទីលនៃរបបអំណាចរដ្ឋធម្មនុញ្ញរបស់លោកខាងលិច។
លោក ស៊ុន បានបង្កើតឡើងនូវសមាគមបង្កើតចិនឡើងវិញក្នុងឆ្នាំ១៨៩៤ ដែលជាការបោះជំហានឆ្ពោះទៅមុខលើកដំបូងរបស់លោកក្នុងសកម្មភាពបដិវត្តន៍ដើម្បីនឹងនាំមកនូវសាធារណរដ្ឋចិនចាប់ពីពេលនោះមក។
លោក ស៊ុន ត្រូវបាននិរទេសខ្លួនអស់រយៈពេល១៩ឆ្នាំក្រោយពី រដ្ឋប្រហារមួយដែលលោកបានគ្រោងទុកបរាជ័យក្នុងឆ្នាំ១៨៩៥។
ក្នុងអំឡុងពេលនោះ លោកបានធ្វើដំណើរទៅកាន់អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន និងកាណាដាដើម្បីបង្កើនមូលនិធិសម្រាប់សកម្មភាពបដិវត្តន៍របស់លោកនិងបានចូលរួមជាមួយនិងក្រុមអ្នកប្រឆាំងជនជាតិចិនក្នុងប្រទេសជប៉ុន ដែលជាទីកន្លែងលោកបានចំណាយពេលជាច្រើនឆ្នាំក្នុងការនិរទេសខ្លួន។
ក្រោយពីការចំណាយពេលជិត១០ឆ្នាំក្នុងប្រទេសជប៉ុន លោកបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។ ក្នុងអំឡុងថ្ងៃ១០តុលាឆ្នាំ១៩១១ ការបះបោរយោធាមួយនៅ Wunchang បានបញ្ចប់នូវរបបរាជាធិបតេយ្យរាប់ពាន់ឆ្នាំក្នុងប្រទេសចិន។ លោក ស៊ុន យ៉ាតសេន បានវិលត្រឡប់ទៅកាន់ប្រទេសចិននិងត្រូវបានគេជ្រើសរើសជាប្រធានាធិបតីបណ្តោះអាសន្ននៃសាធារណរដ្ឋចិនក្នុងកិច្ចប្រជុំមួយនៃតំណាងមកពីបណ្តាខេត្តនានានៅថ្ងៃ២៩ធ្នូឆ្នាំ១៩១១។
នៅថ្ងៃ១មករាឆ្នាំ១៩១២ បានប្រែក្លាយជាថ្ងៃដំបូងនៃសាធារណរដ្ឋចិនលើកដំបូងជាប្រវត្តិសាស្ត្រ ដូច្នេះព្រឹត្តការណ៍នេះបានធ្វើឲ្យកើតមាននូវប្រព័ន្ធប្រតិទិនមួយដែលគេនៅតែត្រូវបានប្រើប្រាស់នៅផ្នែកជាច្រើននៃប្រទេសចិន។
បដិវត្តន៍របស់លោកស៊ុនត្រូវបានគេមើលឃើញពីជ័យជំនះមួយចំនួនមុនពេលបង្កើតឡើងនូវសាធារណរដ្ឋចិននិងជាមួយនិងការរកឃើញពី ភាពជោគជ័យនៃបដិវត្តន៍លោកស៊ុនបានប្រែក្លាយជាជាបុគ្គលម្នាក់ដែលគេស្គាល់ថាជាបិតាជាតិនៃប្រទេសចិនសម័យទំនើប។
វិធីសាស្ត្រនិងយុទ្ធសាស្ត្រនៃការបង្កើតប្រទេសរបស់លោកបានធ្វើឡើងក្នុងឆ្នាំ១៩១៩ ដែលជាការផ្តល់នូវគំនិតរបស់លោកក្នុងការផ្សព្វផ្សាយនូវសន្តិភាព សេរីភាព និងសមភាពក្នុងប្រទេសចិន។
សាធារណរដ្ឋចិន
បន្ទាប់ពីការចូលកាន់អំណាច លោក ស៊ុន យ៉ាតសេន បានអំពាវនាវដល់មេដឹកនាំនានាមកពីគ្រប់បណ្តាខេត្តជ្រើសរើសព្រឹទ្ធសភាថ្មីដើម្បីនឹងបង្កើតឡើងនូវសភាជាតិនៃសាធារណរដ្ឋចិន។
នៅពេលសភាត្រូវបានបង្កើតឡើង ច្បាប់បណ្តោះអាសន្ននៃសាធារណរដ្ឋបានប្រែក្លាយជាច្បាប់មូលដ្ឋានរបស់ប្រជាជាតិនេះ។ ក្នុងឆ្នាំ១៩១៣ លោកស៊ុនបានដឹកនាំរដ្ឋប្រហារមួយដោយអសារបង់ក្នុងការប្រឆាំងយៀន ជាមេដឹកនាំទ័ព Beiyang Army ដែលលោកបានសន្យាផ្តល់នូវរបបប្រធានាធិបតីនៃសាធារណរដ្ឋថ្មីប្រសិនជាលោកជួយលុបបាត់ចោលនូវរាជវង្សឈីញ។
ដោយការខកខានបំពេញតាមសន្យារបស់លោក លោក យៀនបានប្រកាសខ្លួនជាស្តេចថ្មីដែលជាការប្រមាថដល់លោក ស៊ុន យ៉ាតសេន។ទោះជាយ៉ាងណាអំណាចផ្តាច់ការរបស់លោកបានបញ្ចប់ក្នុងឆ្នាំ១៩១៦ ហើយត្រូវបានបង្ខំឲ្យចុះចេញពីរាជបល្ល័ង្កទៀតផង។
បន្ទាប់ពីការបរាជ័យក្នុងរដ្ឋប្រហារឆ្នាំ១៩១៣ លោកស៊ុន យ៉ាតសេន បានគេចខ្លួនទៅកាន់ប្រទេសជប៉ុនដែលជាទីកន្លែងលោកបានរៀបចំបង្កើតឡើងវិញនូវរបបគូមិញតាង។ នៅថ្ងៃ២៥តុលាឆ្នាំ១៩១៥ លោកស៊ុន បានរៀបអាពាហ៍ពិពាហ៍ជាមួយនិងនារីម្នាក់ឈ្មោះ Soong Ching-ling ដោយមិនបានលែងលះនិងភរិយាដើមរបស់លោកឈ្មោះ Lu Muzhen ឡើយថ្វីបើមានការខឹងសម្បាយ៉ាងខ្លាំងពីសហគមជនជាតិចិនយ៉ាងណាក្តី។
រដ្ឋាភិបាលយោធានិយមក្នុងប្រទេសចិន
ក្នុងអំឡុងឆ្នាំ១៩១០ប្រជាជនចិនមើលឃើញថាប្រទេសចិនបានបែកខ្ញែកទឹកដីដោយមេដឹកនាំយោធាដែលគេពុំឃើញមានរដ្ឋាភិបាលកណ្តាលឡើយ។
ដោយការខឹងសម្បារពីការបែកចែកទឹកដីនេះ លោកស៊ុនបានវិលត្រឡប់មកកាន់ប្រទេសចិនវិញក្នុងឆ្នាំ១៩១៧ និងបង្កើតរដ្ឋាភិបាលយោធាមួយក្នុងទីក្រុងក្វាងចូវភាគខាងត្បូងប្រទេសចិនក្នុងអំឡុងឆ្នាំ១៩២១ដើម្បីតស៊ូក្នុងយុទ្ធនាការបង្រួបបង្រួមជាតិរបស់ខ្លួន។
លោកត្រូវបានជ្រើសរើសជាប្រធានាធិបតីនិងជាអគ្គមេបញ្ជាការនៃរដ្ឋាភិបាលយោធា។
យោងតាមសុន្ទរកថាមួយដែលបានផ្ញើសារតាមរយៈលោកនៅទីក្រុងហុងកុងក្នុងឆ្នាំ១៩២៣ វាគឺជាអំពើពុករលួយនិងភាពចលាចលរបស់ចិនក៏ដូចជាការរក្សាស្ថិរភាពរដ្ឋាភិបាលហុងកុងដែលបានបង្កើតឡើងនូវបដិវត្តមួយនៅក្នុងតំណែងរបស់លោក។
លោកស៊ុន បានពិពណ៌នាពីគោលការណ៍បីរបស់លោកសម្រាប់ប្រជាជនដែលជាសេចក្តីណែនាំមួយសម្រាប់រក្សាភាពឋិតថេររបស់រដ្ឋាភិបាល។ផ្នែកមួយនៃសុន្ទរកថាដ៏ល្បាញល្បីរបស់លោកក្នុងទីក្រុងហុងកុងបានធ្វើឲ្យវត្តមាននៃគោលការណ៍នេះស្ថិតក្នុងភ្លេងជាតិនៃសាធារណរដ្ឋចិន។
លោក ស៊ុន យ៉ាតសេន បានបង្កើតនូវបណ្ឌិតសភាយោធា Whampoa ក្បែរក្រុងក្វាងចូវដើម្បីប្រយុទ្ធនិងកងកម្លាំងយោធាគូបដិបក្ស។ ទោះជាយ៉ាងណាភាពស្របច្បាប់របស់រដ្ឋាភិបាលយោធាត្រូវបានគេដាក់ជាសំណួរនិងបានប្រឆាំងដោយរដ្ឋាភិបាល Beiyang ផ្អែកលើមូលដ្ឋានរដ្ឋធម្មនុញ្ញនិងគោលនយោបាយរបស់ខ្លួន។
លោក ស៊ុន យ៉ាតសេន ត្រូវបានជ្រើសតាំងជាថ្មីឲ្យកាន់តំណែងជាប្រធានាធបតីនៃរបបគូមិញតាងនៅថ្ងៃ១០តុលាឆ្នាំ១៩១៩ ហើយបានរក្សាតំណែងរបស់លោកនៅគង់វង្សរហូតថ្ងៃ១២មីនាឆ្នាំ១៩២៥។
ជាមួយនិងការបរាជ័យក្នុងកិច្ចខិតខំប្រឹងប្រែងដំបូងរបស់លោក លោកស៊ុន យ៉ាតសេន បានចាប់ផ្តើមពង្រឹងការចងសម្ព័ន្ធមិត្តជាមួយនិងបក្សកុម្មុយនិស្តចិននិងបានរើសយកគោលនយោបាយនៃកិច្ចសហប្រតិបត្តិការដ៏សកម្មទៀតផង។លោកបានយល់ឃើញថាកម្លាំងយោធាជាអាវុធតែមួយគត់ក្នុងការបង្រួបបង្រួមចិននិងបង្កើតនូវលទ្ធិប្រជាធបតេយ្យក្នុងប្រទេស។
ក្នុងជីវិតចុងក្រោយរបស់លោក ស៊ុន យ៉ាតសេនបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំសិក្ខាសាលានិងការថ្លែងសុន្ទរកថាដ៏ទូលំទូលាយដែលអំពាវនាវដល់ប្រជាជនចិនពិភាក្សាពីអនាគតរបស់ប្រទេសជាតិថ្វីបើសុខភាពរបស់លោកមិនអំណោយផលយ៉ាងណាក្តី។
បន្ទាប់ពីការថ្លែងសុន្ទរកថានៅភាគខាងជើងនៅថ្ងៃ១០វិច្ឆិកាឆ្នាំ១៩២៤ លោកស៊ុនបានផ្តល់នូវសេចក្តីថ្លែងការណ៍ដ៏ឆ្នើមផ្សេងទៀតក្នុងប្រទេសជប៉ុននៅក្នុងកិច្ចពិភាក្សាស្វែងរកសន្តិភាពលើកទី២៨ជាមួយនិងមេដឹកនាំភាគខាងជើងស្តីពីការបង្រួបបង្រួមប្រទេសចិន។ ថ្វីបើលោកមិនបានរស់នៅមើលឃើញប្រទេសរបស់លោកបានបង្រួបបង្រួមតែមួយដោយស្លាប់បាត់បង់ជីវិតដោយជំងឺមហារីកថ្លើមនៅថ្ងៃ១២មីនាឆ្នាំ១៩២៥ក្នុងមន្ទីរពេទ្យក្រុងប៉េកាំង។
ក្រោយមកភរិយាទី២របស់លោកស៊ុនយ៉ាតសេន ឈ្មោះ Soong Ching-Ling បានក្លាយជាអនុប្រធានាធិ បតីនៃសាធារណរដ្ឋចិនក្នុងឆ្នាំ១៩៤៩និងបានកាន់តំណែងនេះរហូតដល់ឆ្នាំ១៩៨១។
មុននឹងលោកស្រីស្លាប់នៅចុងឆ្នាំ១៩៨១ លោកស្រីបានទទួលខុសត្រូវការងារប្រធានាធិបតីសាធារណ រដ្ឋចិនក្នុងពេលមួយ។ ឈ្មោះរបស់លោកត្រូវបានគេកត់សម្គាល់ឬចែងក្នុងពាក្យប្រារព្ធក្នុងរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋចិនជាការផ្តល់កិត្តិយសមួយដល់លោក។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា