Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកកំណើន​​សេដ្ឋកិច្ចវៀត​ណាម​​ស្ទុះខ្សោយ​​ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ

កំណើន​​សេដ្ឋកិច្ចវៀត​ណាម​​ស្ទុះខ្សោយ​​ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ

សេដ្ឋកិច្ច៖ ការិយាល័យ​ស្ថិតិ​ទូទៅ​ឲ្យ​ដឹងថា​សេដ្ឋកិច្ច​វៀតណាម​បានកើនឡើង​ក្នុង​កម្រិត​ស្ទុះយឺតជាងមុន​ក្នុងត្រីមាសដំបូងនៃឆ្នាំ​២០១៧នេះ​ ដោយពង្រីកបាន​ត្រឹមតែ​៥,១%​ប៉ុណ្ណោះ​ធៀបនឹង​អត្រា​៦,១២%​ក្នុងអំឡុងពេលដូចគ្នា​កាលពី​ឆ្នាំ​ទៅ​។

អគ្គនាយក​គ្រប់គ្រងការិយាល័យ​ស្ថិតិទូទៅ​វៀតណាម​លោក Nguyen Bich Lam បានថ្លែងកាលពីថ្ងៃ​ទី​២៩​ខែមីនានេះថា​កំណើន​ខ្សោយជាងការរំពឹងទុក​គឺដោយ​សារតែ​ការ​បង្អន់ល្បឿន​ទាំងនៅក្នុង​វិស័យកសិកម្ម​និង​ឧស្សាហកម្ម ។

វិស័យកសិកម្ម​បានកើនឡើង​២,០៣%​ ជា​តួលេខ​កំណើន​ទាបបំផុត​គិតចាប់តាំង​ពី​ឆ្នាំ​២០១១ មិនរាប់បញ្ចូល​អំឡុងពេល៣ខែ​ដំបូងនៃឆ្នាំ​២០១៦ ។

ទន្ទឹមនិងនេះ​ឧស្សាហកម្ម​និង​សំណង់​ជា​វិស័យ​តែមួយគត់​ដែល​មានការរីកចំរើន​៤,១៧%​ ជាកម្រិត​ទាប​​បំផុត​ចាប់តាំងពី​ឆ្នាំ​២០១១ ហើយ​ក៏​ទាប​ជាង​អំឡុងពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៣ និង​២០១៤ នៅពេល​ដែលសេដ្ឋកិច្ច​ហាក់មាន​ភាព​អវិជ្ជមាន​បំផុត ។

ដំណើរ​អវិជ្ជមាន​នៃអនុ​វិស័យ​ឧស្សាហកម្ម​បង្ហាញថា​ផ្នែករ៉ែបានធ្លាក់ចុះ​១០% ខណៈ​ផលិតកម្ម​ឧស្សាហកម្មបានថយចុះ​៨,៣%​ពី​តួលេខចាស់​​៩,៧%ក្នុង​ឆ្នាំ​២០១៥​និង​៨,៩៤%​ឆ្នាំ​២០១៦ ។

កំណើន​ក្នុង​វិស័យ​សំណង់​ក៏មាន​អត្រាស្ទុះយឺត​៦,១%​ផងដែរ​ធៀបនឹង​​​ត្រីមាស​ទី​១​នៃឆ្នាំ​២០១៦​ដែលកើន​៨,៦%​ ។

ប្រធានការិយាល័យស្ថិតិទូទៅ​បាន​ថ្លែងថា​សេដ្ឋកិច្ចរបស់វៀតណាម​ក្នុង​អំឡុង​ខែ​ដែល​នៅសេសសល់​នៃ​ឆ្នាំនេះ​នឹង​កាន់តែមានការប្រកួតប្រជែង​ជាជាង​ការ​ទទួល​បានគុណប្រយោជន៍ ។

លោកបានព្រមានថា​ទិសដៅ​សម្រេចឲ្យ​បានកំណើន​៦,៧%​ក្នុង​រយៈ​ពេល​ពេញ​មួយឆ្នាំនេះ​នឹង​​អាច​ងាករេចេញប្រសិនជា​គ្មានការ​ជំនះ​ឧបសគ្គ​នៃនិន្នាការ​ស្ទុះ​យឺត​​ក្នុង​អំឡុងពេលប៉ុន្មានត្រីមាសនេះទេណោះ ។

គួរកត់សម្គាល់ថា​ការនាំចេញ​របស់​ប្រទេស​វៀតណាមក្នុង​ត្រីមាសដំបូង​នៃ​ឆ្នាំ​២០១៧នេះ​ត្រូវបានគេ​វាយតម្លៃ​ថា​ស្ថិតក្នុង​កម្រិត​៤៣,៧ប៊ីលានដុល្លារ​​ខណៈ​នាំចូល​៤៥,៦ប៊ីលានដុល្លារ​ដែលនាំឲ្យ​ជួបឱនភាព​ពាណិជ្ជកម្ម​១,៩​ប៊ីលានដុល្លារ​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES