ប៉ាគីស្ថាន៖ មន្ត្រីក្នុងស្រុកបានថ្លែងប្រាប់ AFP ថាយ៉ាងហោចណាស់មានមនុស្ស៦នាក់ត្រូវបានសម្លាប់និង៥០នាក់ផ្សេងទៀតរងរបួសនៅថ្ងៃសុក្រនេះខណៈពេលមានការបំផ្ទុះគ្រាប់បែកមួយគ្រាប់កណ្តាលផ្សារមួយដែលជាតំបន់អ្នកកាន់និកាយស៊ីអ៊ីតដ៏សំខាន់នៃខេត្តកុលសម្ព័ន្ធភាគពាយព្យប៉ាគីស្ថាន។
វេជ្ជបណ្ឌិតក្នុងស្រុកបានថ្លែងថាពួកគេបារម្ភថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ទាប់ពីការវាយប្រហារក្នុងទីប្រជុំជន Parachinar នៃស្រុកកុលសម្ព័ន្ធ Kurram ស្របពេលទូរទស្សន៍មួយបានចាក់ផ្សាយបង្ហាញឲ្យឃើញពីអ្នកនៅជិតកន្លែងកើតហេតុមានការតក់ស្លុតហើយមានរថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងមកដល់ផ្សារនោះផងដែរ ។
លោក Meeen Begum វេជ្ជបណ្ឌិតផ្នែកវះកាត់មួយរូបនៅមន្ទីរពេទ្យរដ្ឋបានថ្លែងប្រាប់ AFP ថាមនុស្ស៦នាក់ត្រូវបានសម្លាប់ហើយ៥០នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះនៅក្បែរវិហារអ៊ីស្លាមមួយកន្លែងក្នុងផ្សារ Parachinar ។ លោកបន្ថែមថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងហើយយើងនៅតែកំពុងទទួលអ្នករងរបួសនៅឡើយ ។
ជាមួយគ្នានោះដែរមន្ត្រីរដ្ឋបាលក្នុងស្រុកលោក Shahid Ali Khan បានអះអាងថាការបំផ្ទុះនេះបានកើតឡើងក្បែរវិហារអ៊ីស្លាម។ ម្យ៉ាងក្នុងហេតុការណ៍នោះមានមនុស្សជាច្រើនរងរបួស ខ្ញុំមិនអាចប្រាប់បរិមាណជាក់លាក់បានឡើយ។
គួររំលឹកផងដែរថាតំបន់ Parachinar នេះធ្លាប់ជាទីតាំងដែលរងការវាយប្រហារដ៏ធំជាលើកដំបូងរបស់ក្រុមសកម្មប្រយុទ្ធក្នុងប្រទេសប៉ាគីស្ថានក្នុងឆ្នាំ២០១៧នេះរួចមកហើយគឺការបំផ្ទុះគ្រាប់បែកនៅផ្សារខុសគ្នានេះដែលបានស្លាប់មនុស្សចំនួន២៤នាក់កាលពីខែមករា។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា