នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញបើកការដ្ឋានសាងសង់កីឡដ្ឋានធំ ក្រោមជំនួយឥតសំណងរបស់សាធារណៈរដ្ឋប្រជាមានិតចិន និងសម្ពោធមណ្ឌលកីឡាក្នុងសាលមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ។
ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកីឡា ដែលបានសាងសង់រួចរាល់ក្នុងដំណាក់កាលទី១នេះ រួមមាន: មជ្ឈមណ្ឌលអាងហែលទឹក, មជ្ឈមណ្ឌលកីឡាក្នុងសាល, ទីលានបាល់បោះ, ទីលានបាល់ទះ និងអគារស្នាក់នៅរបស់អត្តពលិក។ ក្រៅពីការសម្ពោធហេដ្ឋារចនាសម្ព័ន្ធកីឡា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាកិត្តិយសបើកការដ្ឋានសាងសង់ពហុកីឡដ្ឋានបាល់ទាត់ ដែលជាការសាងសង់ក្នុងដំណាក់កាលទី២ផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា ល្ងាចនេះនឹងមានពិធីជួបជុំដ៏ធំជាមួយកីឡាករកីឡាការិនីជាង៣០០០នាក់ នៅសាលសន្និសីទ និងពិព័រណ៌កៅពេជ្រ សម្តេចនឹងរាំបទ “ឆ្កែរត់បុកប៉ោត” របស់អ្នកនាងពេជ្រ សោភា, បទ “រាំអីចេះ” របស់ឱក សុគន្ធកញ្ញា និងលោកព្រាប សុវត្ថិ បទ “រាំញីកែងជើង” របស់ងួន ចាន់ដេវីត និងពេជ្រ សោភា ជាមួយកីឡាករកីឡាការនីទាំងអស់គ្នា។
គួរបញ្ជាក់ថា សម្តេចនឹងជួបជាមួយកីឡាករកីឡាការិនីទទួលទានអាហារ ក្នុង១ឆ្នាំម្តង ដោយយកថ្ងៃ០៤ ខែមេសា ឆ្នាំ២០១៧ ជាថ្ងៃជួបជុំជារៀងរាល់ឆ្នាំ៕