Sunday, November 24, 2024
Homeនយោបាយរបត់​ន​យោ​បាយ​

របត់​ន​យោ​បាយ​

ការប្រកាសផ្តាច់ទំនាក់ទំនងការទូត ជាឯកតោភាគីរបស់កម្ពុជានេះ ធ្វើឱ្យវៀតណាម មានការខ្វល់ខ្វាយយ៉ាងខ្លាំង ព្រោះពេលនោះរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន កំពុងបំពេញទស្សនកិច្ច ដើម្បីរិតចំណងមិត្តភាពជាមួយបណ្តាប្រទេស មិនមែនកុម្មុយនិស្តនៅអាស៊ីអាគ្នេយ៍។ តែទោះ បីយ៉ាងណាវៀតណាម ធ្វើការផ្សព្វផ្សាយនៅលើឆាកអន្តរជាតិអំពីសកម្មភាពរំលោភឈ្លានពានរបស់កងទ័ពកម្ពុជាប្រជាធិបតេយ្យ ទៅលើទឹកដី និងប្រជាជនរបស់ខ្លួនវិញដែរ។

ទីភ្នាក់ងារព័ត៌មានចិនថ្មី ក៏បានដកស្រង់ ការចោទប្រកាន់របស់ភាគីកម្ពុជា ទៅលើភាគី វៀតណាម ដូចខាងលើចុះផ្សាយនៅលើទំព័រ កាសែតរបស់ខ្លួនយ៉ាងវែងអន្លាយ និងបាន ដកស្រង់ការចោទប្រកាន់របស់ភាគីវៀតណាម ទៅលើភាគីកម្ពុជាដែរ តែចុះផ្សាយបន្តិចបន្តួច ប៉ុណ្ណោះ ធ្វើឱ្យសាធារណមតិអន្តរជាតិ មើលឃើញច្បាស់ថា ចិនកំពុងលម្អៀងទៅខាងកម្ពុជា។ យ៉ាងណាចិន មិនបានធ្វើការកៀបសង្កត់អ្វីមួយដោយផ្ទាល់ទៅលើរដ្ឋាភិបាលក្រុងហាណូយ ដែរ។ នៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩៧៨ ចិន បានប្រកាសខ្លួនឯងថា នឹងបន្តផ្តល់ជំនួយហិរញ្ញវត្ថុប្រចាំឆ្នាំទៅឱ្យវៀតណាម ដដែល និងបានយល់ព្រមជួយធ្វើការសម្របសម្រួលឱ្យភាគីកម្ពុជានិងវៀតណាម ជួបចរចាគ្នាជាថ្មីម្តងទៀត តាមការស្នើសុំរបស់វៀតណាម ផងដែរ។ នៅថ្ងៃទី៤ ខែមករា ឆ្នាំ១៩៧៨ ពេលកងទ័ពវៀតណាម កំពុងចូលរាតត្បាតនៅប៉ែកខាងកើត និងប៉ែកខាងត្បូង ភូមិភាគបូព៌ា នោះដែរ ប៉ុល ពត លេខាគណៈកម្មាធិការមជ្ឈិមបក្ស បានបញ្ជាឱ្យកងទ័ពគាត់ទាំងអស់ ធ្វើការវាយ បក ដោយប្រើយុទ្ធសាស្ត្រសង្គ្រាមទ័ពព្រៃ គឺបំណែកគ្នាជាក្រុមតូចៗ វាយកាត់ផ្តាច់កម្លាំង ខ្មាំងសត្រូវជាកង់ៗ និងកុំឱ្យដឹងខ្លួនមុន ហើយ ត្រូវវាយឱ្យព្រមៗគ្នា ដើម្បីធ្វើឱ្យខ្មាំងសត្រូវ ធ្លាក់ចុះទៅក្នុងភាពច្របូកច្របល់ និងភ័យស្លន់ស្លោ។ ទាំងកងទ័ពមជ្ឈិម កងទ័ពភូមិភាគ និងកងទ័ពតំបន់ ដែលមានប្រមាណ៦០% នៃកងទ័ពកម្ពុជាប្រជាធិបតេយ្យ ត្រូវប៉ុល ពត ប្រកាសឱ្យធ្វើសង្គ្រាមទ័ពព្រៃ ដោយចងរឹត សត្រូវតាំងពីបំពង់ក ស្មា ឆ្អឹងជំនីរ ភ្លៅ ក្បាល ជង្គង់ កំភួនជើង និងភ្នែកគោល ដើម្បីកុំឱ្យសត្រូវ ងាកក្បាលបាន ហើយបើកឱកាសឱ្យកងទ័ពគាត់វាយសត្រូវឱ្យបាក់ក ងាប់តែម្តង។

ប៉ុល ពត បានប្រកាសថា កងទ័ពយើងក្នុងមួយក្រុម មានគ្នា១០នាក់ ត្រូវវាយកម្ទេច សត្រូវក្នុងមួយយប់មួយថ្ងៃឱ្យរបួស ឬស្លាប់យ៉ាង តិចឱ្យបានពីទៅ៣ទៅ៥នាក់ដែរ។ ប្រសិនបើ កងទ័ពយើងមាន៥ក្រុម ត្រូវវាយកម្ទេចខ្មាំងក្នុង មួយថ្ងៃមួយយប់ឱ្យបានពី១៥ទៅ២០នាក់។ ចុះ បើក្នុងរយៈពេល១០ថ្ងៃ តើខ្មាំងយួន ត្រូវកងទ័ព យើងវាយកម្ទេចអស់ប៉ុន្មាន? ហើយចុះ២០ថ្ងៃ អស់ប៉ុន្មាន?។

ប៉ុល ពត បញ្ជាក់ថា ដើម្បីសម្រេចផែនការ នេះ យើងត្រូវបញ្ឆោះកំហឹងជាតិនិយម និងបញ្ឆោះ ការសម្អប់ពួកឈ្លានពានយួន ឱ្យទៅជាឆន្ទៈ ប្រយុទ្ធដ៏មុះមុត ពេលនោះកងទ័ពយើងអាច សម្លាប់ខ្មាំងយួនបានតាមចិត្ត ហើយពួកវានឹង ងាប់ចោលឆ្អឹងនៅពាសពេញកម្ពុជា មិនខាន។

នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៨ ជាថ្ងៃ ខួបឆ្នាំទី២ នៃការបង្កើតរដ្ឋធម្មនុញ្ញ នៃរបប កម្ពុជាប្រជាធិបតេយ្យ វិទ្យុភ្នំពេញបានចាក់ ផ្សាយនូវអត្ថបទអត្ថាធិប្បាយនយោបាយមួយ ដោយបន្តអំពាវនាវឱ្យមានការបំផុសកំហឹងជាតិ កំហឹងវណ្ណៈ និងបំណុលឈាមទៅលើវៀតណាម បន្តទៀត។

នៅថ្ងៃទី៥ ខែមករា នោះដែរ រដ្ឋាភិបាល វៀតណាម បានស្នើសុំឱ្យភាគីកម្ពុជាប្រជាធិបតេយ្យ ជួបគ្នាដើម្បីចរចានិងស្នើសុំឱ្យកងទ័ពទាំងសងខាង ដកថយឱ្យឆ្ងាយពីខ្សែបន្ទាត់ ព្រំដែនចម្ងាយ៥គីឡូម៉ែត្ររៀងៗខ្លួន ហើយនៅ តាមបណ្តោយព្រំដែននោះ ស្នើសុំឱ្យមានអ្នក សង្កេតការណ៍អន្តរជាតិ មកត្រួតពិនិត្យ ដើម្បី រារាំងកុំឱ្យមានការរំលោភបំពានគ្នាតទៅទៀត។ ប៉ុន្តែដោយមានការគាំទ្រពីចិន និងចង់វាយ ដណ្តើមយកទឹកដីកម្ពុជាក្រោមមកវិញ ព្រមទាំង ការព្រួយបារម្ភពីខ្មាំងបង្កប់ទៅផ្ទៃក្នុងផង ប៉ុល ពត បានទាត់ចោលការស្នើសុំរបស់ភាគីវៀតណាម ទាំងស្រុងតែម្តង ដោយចាត់ទុកថាជម្លោះជាមួយ វៀតណាម ជាជម្លោះមួយដែលមិនអាចធ្វើការ សម្របសម្រួលឬធ្វើការចរចាគ្នាបានឡើយ។

ប៉ុល ពត​ លេខាបក្ស និងនួន ជា អនុលេខាបក្សកុម្មុយនិស្តកម្ពុជា

នៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៨ កងទ័ព វៀតណាមទាំងអស់ បានដកថយត្រឡប់ទៅក្នុង ទឹកដីខ្លួនវិញអស់ ដោយមានប្រជាជនកម្ពុជា ប្រមាណ១ម៉ឺននាក់ រត់ទៅជាមួយផង។ នៅ ពេលដែលកងទ័ពវៀតណាម ដកថយត្រឡប់ ទៅក្នុងទឹកដីខ្លួនវិញ ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៨ នោះ មេដឹកនាំខ្មែរក្រហម បានប្រកាសថា ការ ដកថយនោះ គឺដោយសារកងទ័ពខ្លួនជាអ្នកវាយ រុញច្រានឱ្យថយទៅវិញ ហើយបានចាត់ទុក ថ្ងៃទី៦ មករា នោះ ជាថ្ងៃមហាជ័យជម្នះជា ប្រវត្តិសាស្ត្ររបស់ខ្លួនទៅលើវៀតណាមទៀត ផង។

ដើម្បីអបអរថ្ងៃជ័យជម្នះនោះ នៅក្នុង សហករណ៍មួយចំនួន អង្គការបានឱ្យខាងរោង បាយ ដាំបាយស្រួយជំនួសបបររាវមួយពេលវាល់ ចែករបបគ្នាបានម្នាក់មួយវែកដែរ ពិសេស បានបើកអង្គប្រជុំនៅតាមភូមិ-ឃុំនានា ប្រកាស ថា កងទ័ពកម្ពុជាដ៏មហិមាមហាអស្ចារ្យ និង ដ៏អង់អាចក្លាហាន បានកម្ទេចរថក្រោះអាខ្មាំង យួនអស់ជា១០គ្រឿង ហើយថារថក្រោះទាំង អស់នោះប្រជាជនយើង បានយកទៅរំលាយ កែច្នៃធ្វើជាឆ្នាំងចានទៀតផង។

ហ៊ុន សែន យល់ថា នេះជាពេលវេលាដ៏សម ស្របមួយសម្រាប់គាត់ក្នុងការវិលចូលមកក្នុងប្រទេសវិញ និងជាឱកាសមួយដើម្បីស្វែងរក រ៉ានី ប្រពន្ធជាទីស្រលាញ់របស់គាត់ផងដែរ តែ គាត់មិនបានជួបប្រពន្ធទេ ព្រោះនាងត្រូវបាន គេជម្លៀសទៅកន្លែងផ្សេងទៀត។

(នៅមានត)

ដោយ៖ ឈឹម​ សេរីភួន

RELATED ARTICLES