ឧបទ្វីបកូរ៉េ៖ រដ្ឋាភិបាលកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកអះអាងថាកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ចូលទៅកាន់តំបន់ក្បែរដែនទឹករបស់ជប៉ុននា ព្រឹកថ្ងៃពុធទី៥ខែមេសាវេលាម៉ោង៦និង៤២នាទីក្នុងស្រុក ។
មីស៊ីលនោះបានផ្លោងធ្លាក់ចូលដែនទឹកក្នុងដែលស្ថិតនៅកៀកនឹងតំបន់វាយតម្លៃរបស់ទីបញ្ជាការកងទ័ពជប៉ុន-អាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ដែលគេកត់សម្គាល់ថាវាជាមីស៊ីលប្រភេទបាញ់ផ្លោងរយៈចម្ងាយមធ្យមម៉ូដែល KN-15 ។
វាជាគ្រាប់ទី៤ហើយរបស់កូរ៉េខាងជើងដែលបានបាញ់ផ្លោងក្នុងឆ្នាំនេះ ខណៈដែលការបាញ់សាកល្បងលើកទី៣បរាជ័យ ។
ចំណែកការប៉នប៉ងដែលទទួលជោគជ័យកាលពីលើកមុនគឺនៅថ្ងៃទី៦ខែមីនា នៅពេលដែលកូរ៉េខាងជើងបានបាញ់មីស៊ីល៤គ្រាប់ក្នុងពេលតែមួយហើយថែមទាំងស្ថិតក្នុងដែនទឹកតែមួយទៀតផងគឺសមុទ្រជប៉ុន ឬភាគីកូរ៉េហៅថាជាសមុទ្រខាងកើត ។ មីស៊ីលបីគ្រាប់ក្នុងចំណោម៤គ្រាប់បានធ្លាក់ក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ជប៉ុន ។
រីឯរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson បានចេញសេចក្តីថ្លែងការណ៍ថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមមួយគ្រាប់ទៀត។ សហរដ្ឋអាមេរិកបានលើកឡើងគ្រប់គ្រាន់ហើយអំពីកូរ៉េខាងជើង ។ យើងមិនអធិប្បាយបន្ថែមទៀតឡើយ ។
ការបាញ់សាកល្បងមីស៊ីលថ្មីលើកនេះគឺកើតឡើងស្របពេលដែលកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានបញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៃនិទាឃរដូវរបស់ពួកគេនៅឧបទ្វីបកូរ៉េ ខណៈដែលកូរ៉េខាងជើងបានលើកឡើងនេះជាការរៀបចំខ្លួនសម្រាប់ធ្វើសង្គ្រាម ។ ទន្ទឹមនិងនេះសហរដ្ឋអាមេរិកបានប្រកាន់ខ្ជាប់ថាវាគឺជាការហាត់សមការពារខ្លួនក្នុងពេលមានសង្គ្រាមតែប៉ុណ្ណោះ ។
គួរកត់សម្គាល់ថាកូរ៉េខាងជើងហាក់ដូចជាមិនអើពើដឹងឭអំពីការថ្កោលទោសនិងដាក់ទណ្ឌកម្មមកលើខ្លួនពីសំណាក់សហគមអន្តរជាតិអ្វីនោះឡើយ គឺនៅតែបន្តបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមរបស់ខ្លួនដដែល។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា