សុីរី៖ កងកម្លាំងប្រតិបត្តិការរួមរុស្ស៊ី-អ៊ីរ៉ង់ក្នុងប្រទេសស៊ីរីបានបង្ហើបកាលពីថ្ងៃអាទិត្យថាបណ្តាសម្ព័ន្ធមិត្តរបស់ស៊ីរីនឹងឆ្លើយតបយ៉ាងពេញទំហឹងទៅនឹងការឈ្លានពានណាមួយប្រឆាំងនិងស៊ីរី តួយ៉ាងការវាយប្រហាររបស់សហរដ្ឋអាមេរិកដែលជាការឈ្លានពានដោយហិង្សាមកលើអធិបតេយ្យភាពរដ្ឋនិងប្រជាជនរបស់ស៊ីរីគឺជាមេរៀនដ៏គ្រោះថ្នាក់មួយ ។
តាមសេចក្តីថ្លែងការណ៍មួយរបស់កម្លាំងសម្ព័ន្ធមិត្តខាងលើឲ្យដឹងថាអ្វីដែលអាមេរិកបានធ្វើក្នុងការវាយប្រហារមកលើស៊ីរីគឺកំពុងតែអនុវត្តហួសខ្សែបន្ទាត់ក្រហមដោយរំលោភលើអធិបតេយ្យភាពក៏ដូចជាបូរណភាពទឹកដីរបស់រដ្ឋមួយហើយបច្ចុប្បន្នយើងនឹងឆ្លើយតបយ៉ាងមុតមាំទៅនឹងការឈ្លានពានណាមួយពីសំណាក់ភាគីណាមួយហើយអាមេរិកក៏បានដឹងអំពីសមត្ថភាពដ៏មានប្រសិទ្ធភាពនៃការឆ្លើយតបរបស់យើងផងដែរ ។
ជាងនេះទៅទៀតសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលស៊ីរីនឹងបង្កើនការគាំទ្ររបស់ពួកគេចំពោះកងទ័ពស៊ីរីដោយផ្អែកតាមការវាយប្រហារដោយមីស៊ីលពីសំណាក់ទាហានអាមេរិកមកលើមូលដ្ឋានអាកាសរបស់ស៊ីរី ។
រដ្ឋាភិបាលស៊ីរីឲ្យដឹងថាកាលពីថ្ងៃសុក្រសហរដ្ឋអាមេរិកបានដាក់ទិសដៅវាយប្រហារមកលើមូលដ្ឋានអាកាស Shayrat ក្នុងខេត្ត Homs ដោយការបាញ់ផ្លោងមីស៊ីលជិត៦០គ្រាប់ស្រោចលើទីតាំងទាំងនោះដែលបណ្តាលឲ្យទាហានស៊ីរី៦នាក់និងជនស៊ីវិល៩នាក់ក្នុងនោះមានកុមារ៤នាក់ស្លាប់បាត់បង់ជីវិត និងបានបំផ្លាញយន្តហោះចម្បាំងចំនួន៩គ្រឿង។
ទោះជាយ៉ាងណារដ្ឋាភិបាលរុស្ស៊ីនិងអ៊ីរ៉ង់បានលើកឡើងថាខ្លួននឹងមិនអនុញ្ញាតឲ្យអាមេរិកគ្រប់គ្រងពិភពលោកឡើយ ហើយក៏នឹងប្រកាន់ជំហរក្នុងការប្រឈមមុខរបស់ខ្លួនជាមួយនិងមហាអំណាចមួយនេះដើម្បីប្រាកដថានឹងពុំមានបញ្ហាអ្វីកើតឡើងឡើយ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា