ខេត្តបាត់ដំបង ៖ បុរសម្នាក់ តែងប្រើអំពើហិង្សាវាយដំប្រពន្ធជាញឹកញាប់ រហូតដល់ប្រពន្ធ ទ្រាំលែងបាន ក៏រត់ទៅប្តឹងប៉ូលិសឱ្យចាប់ខ្លួន ប្តីយកទៅសាកសួរ ស្រាប់តែបែកធ្លាយរឿង លាក់ទុកអាវុធខុសច្បាប់មួយករណីទៀត និង ឈានដល់ការឃាត់ខ្លួនបក្សពួកម្នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធនេះដែរ បង្កឱ្យ មានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនរឿង ប្រើហិង្សាលើប្រពន្ធ បែរជាបែកធ្លាយរឿង លាក់អាវុធខុសច្បាប់ មានឈ្មោះទៀន សាន អាយុ៥៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុង ភូមិកើតហេតុខាងលើ។ ចំណែកជនសង្ស័យ ជាបក្ខពួកមានឈ្មោះពេជ្រ ប៉ាក់ អាយុ៥៧ឆ្នាំ ត្រូវជាមិត្តភក្តិនឹងគ្នា និងរស់នៅភូមិជាមួយគ្នា។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យ ដឹងថា ដំបូងឡើយ សមត្ថកិច្ចមូលដ្ឋានបានទទួល ពាក្យបណ្តឹងពីស្ត្រីរងគ្រោះម្នាក់ ដែលប្តឹងចោទ ប្រកាន់ប្តីរបស់ខ្លួនឈ្មោះទៀន សាន ថាបាន ប្រើហិង្សាទៅលើនាងជាប្រពន្ធ។ ភ្លាមនោះ សមត្ថកិច្ចក៏ចុះឃាត់ខ្លួនជនសង្ស័យឈ្មោះទៀន សាន មកធ្វើការសាកសួរ ស្រាប់តែសាកសួរចុះ ឡើង បែរជាបែកធ្លាយរឿងជននេះ លួចលាក់ ទុកកាំភ្លើងដោយខុសច្បាប់ និងឈានដល់ការ ឃាត់ខ្លួនឈ្មោះពេជ្រ ប៉ាក់ ម្នាក់ទៀត ដែលបាន សមគំនិតក្នុងការលាក់ទុកកាំភ្លើងមួយដើម នេះ។
ប្រភពដដែលបន្តថា ជនសង្ស័យឈ្មោះ ទៀន សាន តែងប្រើហិង្សាទៅលើប្រពន្ធជា ញឹកញាប់ ហើយពេលខ្លះថែមទាំងយកកាំភ្លើង អាកាទៅគំរាមប្រពន្ធទៀតផង រហូតដល់ប្រពន្ធ ទ្រាំមិនបាន ក៏សម្រេចប្តឹងសមត្ថកិច្ចតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ទៀន សាន ក៏បានសារភាពអំពីទង្វើរបស់ខ្លួន ហើយថែមទាំងបានបង្ហាញពីកន្លែងដែលខ្លួន លាក់ទុកកាំភ្លើងទៀតផង។ រីឯជនសង្ស័យឈ្មោះ ពេជ្រ ប៉ាក់ ដែលជាប់ពាក់ព័ន្ធនឹងកាំភ្លើងនេះ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗផងដែរ បន្ទាប់ ទទួលបានចម្លើយពីឈ្មោះទៀន សាន។ កាំភ្លើង អាកានោះ ត្រូវជនសង្ស័យទាំង២នាក់ រុំថង់ ប្លាស្ទិក កប់ក្នុងដីលាក់ទុកក្បែររបងផ្ទះ តែគ្មាន គ្រាប់ទេ ហើយមានគុណភាពប្រហែល៤០ ភាគរយ។
ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ស្នង- ការដ្ឋានខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕