ឧបទ្វីប៖ ទីភ្នាក់ងារព័ត៌មានយ៉ុងហាប់បានរាយការណ៍ថាកូរ៉េខាងជើងបានធ្វើតេស្តបាញ់មីស៊ីលផ្លោងឆ្លងទ្វីបចេញពីតំបន់មួយនៃភាគខាងជើងក្រុងព្យុងយ៉ាងនៅថ្ងៃសៅរ៍នេះ ស្របពេលដែលសហរដ្ឋអាមេរិកបានជំរុញឲ្យមានការដាក់សម្ពាធរឹតតែខ្លាំងឡើងដើម្បីទប់ទល់នឹងការគំរាមនុយក្លេអែររបស់ប្រទេសនេះ។
យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយយោធាកូរ៉េខាងត្បូងបង្ហាញថាកូរ៉េខាងជើងបានបាញ់មីស៊ីលមួយគ្រាប់ដែលគេមិនស្គាល់ឈ្មោះចេញពីផ្នែកមួយដែលស្ថិតក្នុងបរិវេណតំបន់ Bukchang ក្នុងខេត្តភាគខាងត្បូង Pyeongan កាលពីព្រឹកមិញនេះ ។
របាយការណ៍បានបន្ថែមថាក្រុងសេអ៊ូលបាននិងកំពុងវិភាគអំពីប្រភេទនិងរយៈចម្ងាយផ្លោងរបស់គ្រាប់ទាំងនោះ ។
ការបាញ់សាកល្បងមីស៊ីលមួយគ្រាប់នេះបានកើតឡើងស្របពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅលើឧបទ្វីបកូរ៉េ ជាមួយនិងការធ្វើតេស្តថ្មី កូរ៉េខាងជើងគួបផ្សំនិងមានការព្រមានពីរដ្ឋបាលលោកប្រធានាធិបតីដូណាល់ត្រាំដែលថាខ្លួនបាននិងកំពុងបោះបង់ចោលនូវនយោបាយអត់ធ្មត់។
នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ ក្រុងវ៉ាស៊ីនតោនបានជំរុញឲ្យមានការដាក់ទណ្ឌកម្មរឹតតែខ្លាំងថែមទៀតចំពោះការគំរាមកំហែងរបស់កូរ៉េខាងជើង ក៏ដូចជាការដាក់សម្ពាធលើចិនឲ្យទប់ស្កាត់សម្ព័ន្ធមិត្តរបស់ខ្លួនខណៈដែលចិនក្រើនរំលឹកថាខ្លួនបាននិងកំពុងរក្សាជម្រើសនៃការប្រើកម្លាំងយោធាដាក់លើតុចរចា ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា