ខេត្តសៀមរាប ៖ ប្រាសាទអង្គរវត្តរបស់កម្ពុជា ដែលជាបេតិកភណ្ឌពិភពលោក បានជាប់លខ១ ជាសំណង់ដ៏ប្រវត្តិសាស្ត្រអស្ចារ្យបំផុតរបស់ពិភពលោក ឆ្នាំ២០១៧ នេះ។
យោងតាមប្រភពអាជ្ញាធរអប្សរា បានឱ្យដឹងថា ក្រោយការចូលរួមបោះឆ្នោតពីភ្ញៀវទេសចររាប់លាននាក់ ជុំវិញពិភពលោក គេហទំព័រដ៏ល្បីល្បាញ Trip Advisor បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាសំណង់ដ៏មានសារសំខាន់ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុតរបស់ពិភពលោក សម្រាប់ឆ្នាំ២០១៧នេះ។
នេះគឺជាឆ្នាំទី៤ហើយ ដែលប្រាសាទអង្គរវត្តរបស់កម្ពុជា ត្រូវបានភ្ញៀវទេសចរលើពិភពលោក បោះឆ្នោតគាំទ្រ ហើយទទួលបានចំណាត់លេខ១ជាប់ៗគ្នា តាមរយៈគេហទំព័រដ៏ល្បីល្បាញផ្សេងៗគ្នា គឺកាលពីឆ្នាំ២០១៤ បានជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រមួយដែលតែងតែយកតំបន់បុរាណវិទ្យា និងប្រវត្តិសាស្ត្រទាំងអស់លើពិភពលោក មកប្រៀបធៀបគ្នា នោះគឺគេហទំព័រ Archaeo Madness។ បន្ទាប់មកទៀត នៅដើមឆ្នាំ២០១៥ ទទួលបានចំណាត់ថ្នាក់លេខ១ម្តងទៀត នៅលើគេហទំព័រអន្តរជាតិមួយ ដែលជាគេហទំព័រផ្សព្វផ្សាយតំបន់ទេសចរណ៍ល្បីៗលើពិភពលោក នោះគឺគេហទំព័រ Trip Advisor។ នៅឆ្នាំ២០១៦កន្លងទៅ ប្រាសាទអង្គរវត្តរបស់កម្ពុជា បានបន្តជាប់លេខ១បន្ថែមទៀត នៅលើគេហទំព័ររបស់ក្រុមហ៊ុន Lonely Planet ដែលជាគេហទំព័រផ្សព្វផ្សាយ និងជាប្រភពព័ត៌មានទេសចរណ៍ដ៏ល្បីមួយលើពិភពលោក មានទាំងព័ត៌មានតាមរយៈវេបសាយ ទស្សនាវដ្តី និងសៀវភៅ ជាដើម។
អាជ្ញាធរអប្សរា បានបញ្ជាក់ថា នេះជាមោទនភាពមួយរបស់ជាតិខ្មែរយើងទាំងមូល ដែលអង្គរវត្តរបស់កម្ពុជា ទទួលបានការគាំទ្រពីបណ្តាប្រជាជនជុំវិញពិភពលោក។ ក្នុងនាមស្ថាប័នគ្រប់គ្រងរមណីយដ្ឋានអង្គរ អាជ្ញាធរអប្សរា សូមចូលរួមអបអរសាទរ និងសូមអំពាវនាវដល់សាធារណជនទាំងអស់ បន្តចូលរួមថែរក្សា ការពារនូវបេតិកភណ្ឌរបស់ដូនតាយើងឱ្យបានខ្លាំងក្លា ដើម្បីភាពគង់វង្សយូរអង្វែងតទៅ។