ខេត្តព្រះសីហនុៈ MC ក្រុមហ៊ុនអាកាសចរណ៍ Air Asia នាថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បាន ប្រ កាសថា ថ្ងៃជើងហោះហើរត្រង់ដំបូងរវាងក្រុងព្រះសីហនុ របស់កម្ពុជា និងទីក្រុងកូឡាំពួរ ប្រទេស ម៉ាឡេស៊ី នឹងចាប់ផ្ដើមដំណើរការជាលើកដំបូង នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ ។
តាមការ ប្រកាសនេះ ក្រុមហ៊ុន AirAsia នឹងធ្វើការហោះហើរត្រង់ទៅវិញទៅមក ពីខេត្តព្រះសីហនុ ទៅទីក្រុងកូឡាឡាំពួរ ៤ដង ក្នុង១សប្តាហ៍ នេះបើយោងតាមការបញ្ជាក់ពីលោក Spencer Lee ប្រធានពាណិជ្ជកម្ម ក្រុមហ៊ុន Air Asia Berhad និយាយថា “ក្រុងព្រះសីហនុ ជាគោលដៅដ៏រំភើបមួយ ដោយសារមានទ្រព្យសម្បត្តិត្បូងថ្មនានា ដែលមិនត្រូវបានស្រាវជ្រាវនៅឡើយ។ ក្នុងនាមជាក្រុមហ៊ុនដឹកអ្នកដំណើរផ្លូវអាកាសនាំមុខគេ តម្លៃទាបជាងគេ ក្នុងពិភពលោក និងជាក្រុមហ៊ុនទីមួយ ពីម៉ាឡេស៊ី បើកប្រតិបត្តិការសម្រាប់ផ្លូវអាកាសមានតែមួយគត់នេះ យើងចង់បន្តនាំមុខទីផ្សារនេះ ដោយបើកប្រើប្រាស់ទ្រព្យដ៏មានតម្លៃ ដែលមិនទាន់ដឹងក្នុងតំបន់អាស៊ាន ដូចទីក្រុងមួយនេះ របស់កម្ពុជា ទៅកាន់ពិភពលោក”។
លោកបានបន្តទៀតថា “យើងមានបំណងអភិវឌ្ឍព្រះសីហនុ ឲ្យក្លាយជាចំណុចគោលដៅទេសចរណ៍ដូចគ្នា ហ្នឹង របៀប Air Asia បានណែនាំរួចហើយនូវចំណុចគោលដៅតែមួយគត់ គួរទស្សនារួមមានតំបន់ Luang Prabang តំបន់ Banda Aceh និង Bhubaneswar រួមទាំងតំបន់ដទៃទៀត ហើយយើងខ្ញុំជឿជាក់ថា ការឧទ្ទេសនាមផ្លូវហោះហើរនេះ នឹងជាជំហានដ៏សំខាន់ទីមួយ ដើម្បីបើកសោនូវជម្រើសការធ្វើដំណើរពីកន្លែងផ្សេងៗច្រើនទៀត សម្រាប់អ្នកទស្សនាចូលមកកាន់ទីក្រុងមាត់សមុទ្រមួយនេះ»។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោកតាំង សុចិត្តគ្រឹស្នា បានស្វាគមន៍ចំពោះការមកដល់ នៃជើងហោះហើរត្រង់ជាងលើកដំបូងនេះ។ លោករំពឹងថា ការហោះហើរត្រង់នេះ នឹងជំរុញភ្ញៀវទេសចរម៉ាឡេស៊ី មកកាន់ខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជា កាន់តែច្រើនឡើងថែមទៀត។ ដើម្បីអបអរការបើកផ្លូវថ្មីនេះ គ្រប់សំបុត្រទាំងអស់មានតម្លៃចាប់ពី៤០ដុល្លារឡើងទៅ សម្រាប់ការសំបុត្រធ្វើដំណើរមួយដង (one way) ហើយភ្ញៀវទេសចរក៏បានកក់កៅអី ដោយការទិញសំបុត្រចាប់ពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ Air Asia ក៏បានបម្រើការហោះហើរផងដែរ សម្រាប់ការហោះត្រង់ពីទីក្រុងកូឡាឡាំពួរ មកកាន់រាជធានីភ្នំពេញ ជារៀងរាល់សប្ដាហ៍ មានចំនួន១៤ដង និងទៅកាន់ក្រុងសៀមរាប រាល់សប្ដាហ៍ មានចំនួន១៤ដងផងដែរ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ តទៅ៕