ភ្នំពេញ ៖ ជារឿងគួរឱ្យភ្ញាក់ផ្អើល និងអាម៉ាស់បំផុតមួយ សម្រាប់ស្រីស្អាតប្រចាំបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកម្នាក់ ជាម្ចាស់គណនី Pey New ដែលតែងបង្ហោះរូបភាពស្និទ្ធស្នាលផ្អែមល្ហែមជាមួយស្វាមី គួរឱ្យច្រណែននោះ ស្រាប់តែនៅរសៀលថ្ងៃទី27 ខែឧសភា ឆ្នាំ2017 ត្រូវបានស្វាមីចេញមុខបកអាក្រាតអំពីទង្វើផិតក្បត់របស់ភរិយា ដែលបានលួចទាក់ទងស្នេហាជាមួយប្រុសថ្មីតាមហ្វេសប៊ុក។
បុរសជាប្តីដែលតាមទាន់ប្រពន្ធផិតក្បត់ លួចទាក់ទងប្រុសថ្មីតាមហ្វេសប៊ុក មានគណនីហ្វេសប៊ុក Uno Noto។ ចំណែកនារីជាប្រពន្ធ មានគណនីហ្វេសប៊ុក Pey New និងមានឈ្មោះដើម សេង ស៊ីវប៉ី។ ប្តីប្រពន្ធអ្នកទាំង2 បាន រៀបអាពាហ៍ពិពាហ៍នឹងគ្នាពេញច្បាប់ កាលពីថ្ងៃទី04 ខែកក្កដា ឆ្នាំ2015។ ដោយឡែក យុវជនដែលលួចទាក់ទងប្រពន្ធគេ មានគណនីហ្វេសប៊ុកឈ្មោះ Leng Jip-jip និងមានឈ្មោះដើម សាន់ សៀឡេង។
យោងតាមទំព័រហ្វេសប៊ុកបុរសជាប្តី Uno Noto បានសរសេរបញ្ជាក់កាលពីរសៀលថ្ងៃទី 27 ខែឧសភា ឆ្នាំ2017 ថា “Part 1 ខ្ញុំនឹង post ការក្បត់របស់គាត់ជាលើកទី2 តាមពិតទៅខ្ញុំមិនគួរ post Video ដោយអាម៉ាស់នេះឡើងទេ តែដោយសារតែភាពភ្លើ និងការជឿជាក់លើប្រពន្ធខ្លួនឯងពេក ទើបគេផិតក្បត់ខ្ញុំបាន ហើយអាថោកទាបនេះ ក៏វាជាឆ្កែ មិនមែនជាមនុស្សទេ ដែលមកទាក់ទងប្រពន្ធខ្ញុំ ដោយសារទុកមុខទុកមាត់ឱ្យគេពេក ទើបគេមកកុហកខ្ញុំបានជាលើកទី2 Video នេះនឹងការ chat ទាក់គ្នា គឺជាលើកទី1 ហើយខ្ញុំក៏បានលើកលែងឱ្យគាត់ម្តងដែរ និងសង្ឃឹមថា ប្រពន្ធយើង គ្នានឹងកែ មានអីហ៊ានមកក្បត់ខ្ញុំជាលើកទី2ទៀត ហើយអាឆ្កែនេះ ខ្ញុំបានហៅវាមកធ្វើកិច្ចសន្យា ជាលើកទី1ហើយ តែវានៅថោកមកទាក់ទងប្រពន្ធខ្ញុំជាលើកទី2ទៀត មិនរួចខ្លួនទេ ចាំទទួលពាក្យបណ្តឹងពីតុលាការទៅ កោះហៅអាថោក។ សុំទោស ដែលមិនអាចនៅបន្តថោកជាមួយយើងបានទៀត Pey New។ សុំទោសបើសិនជាខ្ញុំនិយាយពាក្យអសុរោះ តែមនុស្សប្រុសយើង បើសិនមានប្រពន្ធផិតក្បត់ហើយ អាចទ្រាំបានទេ! អ្នកសារព័ត៌មាន អាចយកទៅ Post បន្តបាន ខ្ញុំមិនបិទសិទ្ធិទេ!…”។
ជាមួយនឹងការបង្ហោះខ្លឹមសារសំណេរខាងលើ បុរសជាប្តី ដែលជាម្ចាស់គណនី Uno Noto នៅបានបង្ហោះសារឆ្លើយឆ្លងរវាងប្រពន្ធ (សេង ស៊ីវប៉ី) និងប្រុសសហាយ (សាន់ សៀឡេង) ដែលបានឆ្លើយឆ្លងគ្នាតាមរយៈ Chat និងវីដេអូឃ្លីប រយៈពេល3នាទីនិង01វិនាទី ដែលបុរសជាប្តី បានខលតាមហ្វេសប៊ុកទៅជួបនិយាយ និងណាត់ជួបជាមួយនឹងប្រុសសហាយ ដើម្បីជជែកតទល់មុខគ្នាផងដែរ។ មិនតែប៉ុណ្ណោះ បុរសជាប្តីរូបនេះ នៅបានបង្ហោះនូវកិច្ចសន្យាសរសេរផ្ទាល់ដៃមួយ ដែលត្រូវបានអះអាងថា គឺជាសំណេររបស់ប្រុសសហាយ សាន់ សៀឡេង ទៀតផង។
កិច្ចសន្យាដែលសរសេរផ្ទាល់ដៃនោះ មានខ្លឹមសារទាំងស្រុងថា “ខ្ញុំបាទ សាន់ សៀឡេង បានទទួលនូវកំហុសគ្រប់យ៉ាង ដែលបានប្រព្រឹត្តខុសទៅលើបងប្រុស។ ខ្ញុំសន្យាមិនឱ្យមានរឿងអីចឹងទៀតទេ។ ដោយមានការដឹងឮពីពូម៉ៃ។ បើមានថ្ងៃក្រោយ ខ្ញុំនឹងទទួលខុសត្រូវមុខច្បាប់”។ ជាមួយនេះ ក៏មានសំណេររបស់បុរសឈ្មោះម៉ុង សាម៉ៃ ដែលត្រូវជាពូរបស់ឈ្មោះសាន់ សៀឡេង អមជាមួយក្នុងនាមជាសាក្សីផងដែរ ដែលមានខ្លឹមសារថា “ខ្ញុំបាទឈ្មោះម៉ុង សាម៉ៃ ត្រូវជាពូរបស់ឈ្មោះសាន់ សៀឡេង។ ខ្ញុំសូមធានាថា មិនឱ្យមានបញ្ហានេះ កើតជាលើកក្រោយទៀតឡើយ…”។
ក្រោយបុរសជាប្តី និងជាម្ចាស់គណនីហ្វេសប៊ុក Uno Noto បានបង្ហោះបកអាក្រាតអំពីទំនាក់ទំនងសហាយស្មន់ រវាងភរិយារបស់ខ្លួន ឈ្មោះសេង ស៊ីវប៉ី (Pey New) និងប្រុសសហាយឈ្មោះសាន់ សៀឡេង (Leng Jip-jip) រួចមក គេឃើញម្ចាស់គណនី Leng Jip-jip (ប្រុសសហាយ) បាន block គណនីរបស់ខ្លួនចោលទាំងស្រុង ពោលគឺអ្នកប្រើប្រាស់ហ្វេសប៊ុក មិនអាចចូលទៅមើលគណនីរបស់គេបានទៀតឡើយ។ ចំណែកគណនីហ្វេសប៊ុករបស់ ភាគីខាងប្រពន្ធឈ្មោះសេង ស៊ីវប៉ី (Pey New) ដែលទទួលរងការចោទប្រកាន់ពីប្តីថា កំពុងលួចទាក់ទងប្រុសសហាយនេះ នៅដំណើរការជាធម្មតា ប៉ុន្តែហាក់មិនមានប្រតិកម្មតបអ្វីទាំងអស់។
ជុំវិញរឿងរ៉ាវខាងលើនេះ “អង្គរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីប្រពន្ធ និងភាគីយុវជនដែលទទួលរងការចោទប្រកាន់ថា កំពុងលួចទាក់ទងប្រពន្ធគេបាននៅឡើយ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕