ភ្នំពេញ៖ ស្គាល់ជាង២ឆ្នាំ អត់ដឹងថា ស្ត្រីតែខ្លួនជាមនុស្សប្រុស លុះដល់ឃើញចាប់ឱបថើបកូន ក្រមុំរបស់ខ្លួនក្នុងបន្ទប់ជួល មានការខឹងសម្បា ក៍ចាប់ឱ្យនគរបាលប៉ុស្តិ៍ចោមចៅ សាកសួរ ទើបដឹងថាជាស្រី។ ហេតុការណ៍នេះ បង្កឲ្យមានភ្ញាក់ផ្អើលកាលពីម៉ោង២០និង៣០នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
ជនសង្ស័យមានឈ្មោះ ស៊ុន សុភី ហៅណាង ភេទស្រី តែខ្លួនជាប្រុស អាយុ២៩ឆ្នាំ មុខរបរជាកម្មការរោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ៣៦ ជាន់ទី២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកនារីរងគ្រោះមានឈ្មោះ ហេង ស្រីល័ក្ខ អាយុ២២ឆ្នាំ មុខរបរជាកម្មការរោងចក្រ ស្នាក់នៅបន្ទប់ជួលជាន់ទី៣ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពីឪពុកស្ត្រីរងគ្រោះ ឈ្មោះ រិន ចិត្ត អាយុ៥០ឆ្នាំ បានឲ្យដឹងថា គាត់បានស្គាល់ជនសង្ស័យជាង២ឆ្នាំហើយ ដោយស្រឡាញ់ដូចកូនក្មួយអីចឹង និងបានមកលេងចេញចូលបន្ទប់ជួលគាត់ជាញ៉ឹកញាប់ លុះមកដល់ថ្ងៃកើតហេតុខាងលើ ខណៈដែលគាត់អង្គុយហូបបាយនៅខាងមុខផ្ទះជាមួយប្រពន្ធ ស្រាប់តែកូនស្រែកឲ្យជួយ ពេលនោះប្រពន្ធគាត់ចូលទៅ ស្រាប់តែឃើញជនសង្ស័យចាប់ឱបថើបកូនក្រមុំគាត់ ពេលនោះប្រពន្ធគាត់ចាប់ទាញចេញឲ្យលែងកូនគាត់ហើយក៍យកមកប្រគល់ឲ្យប៉ូលិសចោមចៅតែម្តង។ ក្រោយពេលសាកសួរនៅប៉ុស្តិ៍រដ្ឋបាលចោមចៅ ទើបដឹងថា ជនសង្ស័យខាងលើ ជាស្រីតែងខ្លួនធ្វើប្រុស ហើយមកលួចស្រឡាញ់កូនស្រីគាត់មិនដឹងតាំងពីពេលណា។
តាមការបញ្ជាក់ពីនារីរងគ្រោះ បានប្រាប់ថា តាំងពីដើមមក គាត់មិនដឹងថា ជនសង្ស័យជានារីទេ ដោយដឹងការពិត និងមានការសម្របស្រួលពីសមត្ថកិច្ចផង ករណីខាងលើនេះ មិនចាប់ទោសអូសដំណើរទេ គ្រាន់តែសមត្ថកិច្ចអប់រំ និងឲ្យជនសង្ស័យធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តទង្វើបែបនេះទៀត៕