ភ្នំពេញ ៖ សមត្ថកិច្ចដេញតាមឃាត់យុវជន២នាក់ ក្នុងចំណោម៤នាក់ ធ្វើសកម្មភាពឆក់កាបូបមិនសម្រេច ត្រូវសមត្ថកិច្ចកាក់ហៅឈប់ មិនព្រមឈប់ ទាញយកមួកសុវត្ថិគប់ទៅលើសមត្ថកិច្ចទៀត ក្រោយមកឃាត់បានបក្សពួក២នាក់ក្នុងចំណោម៤នាក់ កាលពីវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចក្លឹបថបក្លឹប តាមផ្លូវ២៧១ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។
ជនសង្ស័យដែលឃាត់ខ្លួនបាន មានឈ្មោះ ជួន ម៉ារ៉ាឌី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជាអ្នកបើក
ម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ សេរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ ១BJ-២១១៨ ជនសង្ស័យទី២ មានឈ្មោះ និត ម៉ាណាន់ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សរៀនថ្នាក់ទី៩ ស្នាក់នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានប្រាប់សមត្ថកិច្ចនគរបាលថា ទាំង២នាក់មិត្តភក្តិ ជិះម៉ូតូពីខេត្តទៅភ្នំពេញ លេង ដោយរូបគេត្រូវម៉ូតូស៊ុយសូគីនិច ពណ៍ស មានគ្នា២នាក់ ប្រដាប់ដោយបុ័ងតោដេញកាប់រូបគេទាំង២នាក់ ក៏បើកម៉ូតូរត់គេច ហើយក៏មានគេដេញពីក្រោយនឹកស្មានថា ក្រុមដែលកាប់ប្រដាប់ដោយបុ័ងតោ ក្រោយមកក៏យកមួកសុវត្ថិភាពរបស់ខ្លួនគប់ ទើបដឹងថា សមត្ថកិច្ច បានបន្ថែមល្បឿន ខ្លាចសមត្ថកិច្ចចាប់បានដាក់ទោសទណ្ឌ តែក្រោយមកក៏រូបគេជិះទៅដួលនៅមុខក្លឹប ថបក្លឹប បែកក្បាល ។
នគរបាលរដ្ឋបាលទំនប់ទឹក បានប្រាប់ថា កម្លាំងសមត្ថកិច្ចល្បាតក្នុងភូមិសាស្រ្ត ដើម្បីទប់ស្កាត់បទល្មើសលឺតាមវិទ្យុទាក់ទងឲ្យជួយដេញចាប់ជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីម និងម៉ាកស៊ុយសូគីនិច ឆក់កាបូបពីស្រ្តីម្នាក់មិនបានសម្រេច ខណៈពេលដេញឃាត់ជនសង្ស័យជិះម៉ូតូស៊ុយសូគីនិច ដកកាំបិតបុ័ងតោមកកាប់លើសមត្ថកិច្ច ហើយក៏សហការជាមួយនគរបាលខណ្ឌចំការមន ដេញតាមតាំងពីផ្លូវ៦៣ កែង៣៦០ ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រហូតមកដល់ផ្លូវ២៧១ ជនសង្ស័យជិះម៉ូតូម៉ាកហុងដាឌ្រីម យកមួកសុវត្ថិភាពគប់លើសមត្ថកិច្ច ហើយសមត្ថកិច្ចនៅតែបន្តដេញឃាត់បានជនសង្ស័យ២នាក់ ក្នុងចំណោម៤នាក់ បានជិះម៉ូតូដួលខ្លួនឯង បណ្ដាលឲ្យបែកក្បាលនៅចំណុចក្លឹប ថបក្លឹប ផ្លូវ២៧១ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ក៏ឃាត់យកមកនគរបាលរដ្ឋបាលសង្កាត់ទំនប់ទឹក ដើម្បីសាកសួរនាំ ។
សមត្ថកិច្ចបន្តថា ក្រោយពីសាកសួរនាំជនសង្ស័យទាំង២នាក់ មិនព្រមសារភាពថា ខ្លួនមាន៤នាក់ ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់កាបូបគេទេ គឺបុរសជិះម៉ូតូស៊ុយសូគីនិច ពណ៍ស យកកាំបិតបុ័ងតោដេញកាប់ខ្លួន តាំងពីផ្លូវ៦៣ កែង៣៦០ទៅវិញ ប៉ុន្តែករណីនេះកើតហេតុនៅសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ក៏ទំនាក់ទំនងទៅនគរបាលប៉ុស្តិ៍អោយមកយកជនសង្ស័យទាំង២នាក់ទៅសាកសួរបន្ត ៕