ភ្នំពេញ ៖ ក្មេងប្រុសអាយុ១ខួបកន្លះ បានដាំក្បាលធ្លាក់ចូលធុងស្ពេត្រូក្លាស្សេស្រាបៀរ នៅពេលជីដូនយកទៅដាក់អង្គុយលេងលើគ្រែមួយភ្លែត ស្លាប់គួរឲ្យអណោចអធម កាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ។
សពកុមាររងគ្រោះមានឈ្មោះ ប៉េង ឧត្តម ភេទប្រុស អាយុមួយខួបកន្លះ ត្រូវជាកូនទី២ ក្នុងចំណោមបងប្អូន៣នាក់ (ស្រីមួយ ប្រុសមួយ) និងម្នាក់ទៀតនៅក្នុងផ្ទៃ មានម្ដាយឈ្មោះធី ស្រៀង អាយុ២៥ ឆ្នាំមុខរបរកម្មកររោងចក្រ ឪពុកឈ្មោះ ពុត ណូញ អាយុ៣១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ។
តាមសម្ដីឈ្មោះ ឡុង សៀក អាយុ៧៥ឆ្នាំ ត្រូវជាជីដូនបង្កើត និងជាអ្នកមើលថែចៅ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានអ្នកជិតខាងប្រុសៗប្រមាណ៣ទៅ៤នាក់ បានមកផឹកស៊ីនៅលើគ្រែផ្ទះគាត់ ដោយបានទិញស្រាបៀរយកមកផឹក ហើយបានយកធុងស្ពេត្រូ យកមកក្លាសេស្រាបៀរ លុះដល់ពេលពួកគេទាំងផឹកស៊ីចប់ ក៍បាននាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួនអស់ទៅដោយមិនបានយកធុងស្ពេត្រូ ដែលមានទឹកសំរាប់ក្លាស្សេស្រាបៀរនោះទៅចាក់ចោលទេ ។
ប្រភពដដែលបានបន្តទៀតថា នៅវេលាកើតហេតុ បន្ទាប់ពីក្រុមអ្នកផឹកបានចេញទៅផ្ទះអស់ រូបគាត់ត្រូវជាជីដូន បានលើកចៅប្រុសរបស់គាត់ ដែលជាជនរងគ្រោះមកដាក់ឲ្យលេងលើគ្រែ ហើយរូបគាត់ក៏មិនបានចាប់អារម្មណ៍ថា នៅក្នុងធុងស្ពេត្រូមានទឹកទេ ។ ពេលដែលគាត់ដាក់ចៅឲ្យនៅលេងលើគ្រែហើយ រូបគាត់ត្រូវជាជីដូនក៏ទៅងូតទឹក និងបោកខោអាវមួយភ្លែតលុះដល់ពេលរូបគាត់បានងូតទឹក និងបោកខោអាវរួចហើយ រូបគាត់បានដើរមករកចៅ ក៍ស្រាប់តែឃើញចៅប្រុសរបស់គាត់ដាំក្បាលចូលទៅក្នុងធុងស្ពេត្រូដែលមានទឹកកន្លះធុង ភ្លាមៗនោះដែរ រូបគាត់ជាជីដូនបានស្ទុះទៅលើកចៅ និងស្រែកអោយអ្នកជិតខាងជួយ គាប់ជួនពេលនោះ ឪពុកជនរងគ្រោះបានមកពីធ្វើការ ឃើញហេតុការណ៍ដូច្នេះក៍បានរត់ទៅជួយសង្គ្ រោះនិងធ្វើចលនា តែអកុសល ចៅប្រុសរបស់គាត់បានដាក់ខ្យល់ស្លាប់បាត់ទៅហើយ ។ បន្តិចក្រោយមក ប្រជាពលរដ្ឋដែលបានមកមើលហេតុការណ៍ បានផ្តល់ដំណឹងទៅដល់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកមើល លុះសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ក៏បានទំនាក់ទំនង់ទៅខាងជំនាញកោសល្យវិច័យអោយមកពិនិត្យសពកុមារជនរងគ្រោះ ។
បើតាមសម្តីស្ត្រីត្រូវជាម្តាយបង្កើត បាននិយាយថា រូបគាត់មានកូនចំនួន៣នាក់ ប្រុសមួយ ស្រីមួយ និងម្នាក់ទៀតកំពុងពពោះចំនួន៨ខែហើយ នៅមុនពេលកើតហេតុ រូបគាត់២នាក់ប្តីប្រពន្ធបានចេញទៅធ្វើការនៅរោងចក្រអាមេរិកកាំង ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លុះដល់ពេលចេញពីធ្វើការនៅម៉ោង៦ល្ងាច ពួកគាត់បានត្រឡប់ទៅផ្ទះវិញ ដោយមិនថាមានរឿងអ្វីនោះទេ លុះទៅដល់ផ្ទះ ក៍ស្រាប់តែអ្នកជិតខាងប្រាប់ថា កូនរបស់គាត់លង់ទឹកស្លាប់បាត់ទៅហើយ ។
ក្រោយពេលកើតហេតុ សពកុមារជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញខាងកោសល្យ
វិច័យមកពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារតែលង់ទឹកពិតប្រាកដមែន ហើយក៏មិនមានរឿងអ្វីក្រៅពីនេះដែរ ព្រមទាំងបានធ្វើកំណត់ហេតុរួច បានប្រគល់សពទៅក្រុមគ្រួសាររៀបចំធ្វើបុណ្យទៅតាមប្រពៃណីនៅផ្ទះរបស់ជនរងគ្រោះតែម្តង ៕