Tuesday, November 26, 2024
Homeតារាខ្មែរខាត់ សុឃីម ប្រាប់ថា កុងត្រាឲ្យហង្សមាស ទាំងសំឡេងនិងរូបភាព

ខាត់ សុឃីម ប្រាប់ថា កុងត្រាឲ្យហង្សមាស ទាំងសំឡេងនិងរូបភាព

តាមព័ត៌មានថា អ្នកនាងខាត់ សុឃីម កំពុងតែសម្រុកទាំងយប់ទាំងថ្ងៃ ដើម្បីថតរឿងភាគថ្មីឱ្យផលិតកម្មរស្មីហង្សមាស ដែលត្រៀមចាក់ផ្សាយនាពេលឆាប់ៗនេះ គឺរឿង “បិសាចគួរឱ្យស្រលាញ់” ដែលមានតារាចម្រៀងរ៉េត ស៊ូហ្សាណា និងលោក Step ជាតួឯកប្រុសស្រី។

ប្រភពបានឱ្យដឹងថា ខាត់ សុឃីម ជាតួអង្គសំខាន់ម្នាក់នៅក្នុងភាពយន្តនេះ ដែលមានសកម្មភាពច្រើន ហើយអ្នកដឹកនាំរឿងបានពេញចិត្តអ្នកនាងសុឃីម ជាខ្លាំងថា ពូកែសម្តែងណាស់ ដែលរឿងនោះនឹងផ្ទុះជាមិនខាន នៅពេលដែលបើកឆាកលើកដំបូងនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស ក្នុងពេលឆាប់ៗនេះ។

ក្នុងជំនួបតាមទូរស័ព្ទជាមួយអ្នកនាងខាត់ សុឃីម កាលពីពេលថ្មីៗនេះ តារាពហុជំនាញរូបនេះ បានទទួលស្គាល់ថា អ្នកនាងពិតជាថតរឿងថ្មីមួយឱ្យប៉ុស្តិ៍ហង្សមាស មែន តែអ្នកនាងសូមមិនធ្វើអត្ថាធិប្បាយច្រើនឡើយ គឺគោរពទៅតាមលក្ខខណ្ឌរបស់ក្រុមហ៊ុន។

សុឃីម និយាយបែបប្រុងប្រយ័ត្នថា “ខ្ញុំអាចនិយាយបានថា ខ្ញុំថតរឿងថ្មីមួយឱ្យប៉ុស្តិ៍ហង្សមាស មែន តែត្រង់ខ្ញុំលេងជាតួយ៉ាងម៉េច មានអ្នកណាខ្លះរឿងហ្នឹង រឿងហ្នឹងរឿងអី អ្នកណាអ្នកដឹកនាំអី គឺខ្ញុំមិនអាចប្រាប់បានជាដាច់ខាត ព្រោះខាងក្រុមហ៊ុនគេមិនឱ្យតារាទាំងអស់ដែលលេងរឿងនេះ និយាយប្រាប់ទៅអ្នកកាសែតទេ ខ្ញុំសូមអធ្យាស្រ័យផងណា៎”។

បើទោះជាអ្នកនាងខាត់ សុឃីម ខ្លាចផលិតកម្មហង្សមាស ហៅទៅព្រមានរឿងផ្តល់សម្ភាសន៍ដល់អ្នកកាសែត អំពីថតកុនថ្មីឱ្យផលិតកម្មនេះក៏ដោយ តែតាមប្រភពបានឱ្យដឹងថា អ្នកនាងសុឃីម សម្តែងរឿង “បិសាចគួរឱ្យស្រលាញ់” នេះ គឺធ្វើជាតួអ៊ំស្រីរបស់តួឯកប្រុសស្រី កញ្ញារ៉េត ស៊ូហ្សាណា និងលោក Step។

ប្រភពបានបន្ថែមថា អ្នកនាងសុឃីម នឹងបង្ហាញមុខជាច្រើនទៀត សម្រាប់ភាពយន្តខ្មែរ របស់ប៉ុស្តិ៍ហង្សមាស ព្រោះពេលនេះ សុឃីម បានចុះកុងត្រាឱ្យផលិតកម្មរស្មីហង្សមាស ទាំងសំឡេងនិងរូបភាព ដោយអ្នកនាងមិនអាចទៅថតសម្តែងរឿងឱ្យប៉ុស្តិ៍ណាផ្សេង ក្រៅពីប៉ុស្តិ៍ហង្សមាស បានឡើយ។ ក្រុមអ្នកសិល្បៈមួយចំនួនបានហៅអ្នកនាងសុឃីម ថា ជាប់ក្នុងទ្រនំហង្សមាស ទៅហើយ អ្នកខ្លះទៀតថា សុឃីម នឹងបាត់បង់ប្រាក់ចំណូលច្រើន នៅពេលដែលត្រូវហង្សមាស ឃុំគ្រងនាងទាំងស្រុងបែបនេះ ព្រោះតែមិនហ៊ានថតរឿងថ្មីឱ្យផលិតកម្មផ្សេងនោះ អីចឹងទោះជាផលិតកម្មណាហ៊ានឱ្យតម្លៃខ្លួនប៉ុន្មាន ក៏សុឃីម មិនហ៊ានបំពានលើកិច្ចសន្យាជាមួយហង្សមាស ឡើយ។

ខាត់ សុឃីម ទទួលស្គាល់ថា រឿងនេះគឺជាការពិត គឺអ្នកនាងពិតជាបានចុះកុងត្រាជាមួយផលិតកម្មហង្សមាស ទាំងសំឡេងនិងការសម្តែងភាពយន្តមែន តែអ្នកនាងថា មិនភ័យធ្លាក់ប្រាក់ចំណូលទេ។

សុឃីម ថ្លែងថា “ខ្ញុំបានចុះកុងត្រាជាមួយហង្សមាស ហើយទាំងសំឡេង និងការសម្តែង និយាយទៅ គឺទៅទាំងខ្លួនតែម្តង (សើច)។ ខ្ញុំមិនអាចថតបទចម្រៀង ឬការសម្តែងឱ្យផលិតកម្មណា ក្រៅពីហង្សមាស នោះទេ ព្រោះអីយើងបានចុះកុងត្រាជាមួយគ្នាហើយ។ ខ្ញុំមិនគិតថា ពេលដែលផ្តាច់ខ្លួនឱ្យហង្សមាស យើងធ្លាក់ប្រាក់ចំណូលអី អត់គិតចឹងទេ ព្រោះអីគេហាមយើងតែថតចម្រៀងនិងសម្តែងតើ! មិនអាចថតឱ្យផលិតកម្មផ្សេងបានទេ ខ្ញុំអាចធ្វើកិច្ចការផ្សេងៗបានធម្មតា ច្រៀងកាត់សក់អី ធ្វើអីក៏បានដែរ។ ខ្ញុំគិតថា ហង្សមាស មានការងារច្រើនឱ្យខ្ញុំធ្វើ ព្រោះខ្ញុំធ្លាប់ធ្វើការឱ្យគាត់យូរហើយដែរ អីចឹងខ្ញុំពេញចិត្តការថតភាពយន្តឱ្យគាត់ ព្រោះហង្សមាស មានក្រុមការងារល្អ”៕

RELATED ARTICLES