Thursday, December 5, 2024
Homeព័ត៌មានសិល្បៈញៀនថ្នាំ យកម៉ូតូម្តាយទៅលក់អស់២៦គ្រឿង ម្តាយប្តឹងសមត្ថកិច្ច

ញៀនថ្នាំ យកម៉ូតូម្តាយទៅលក់អស់២៦គ្រឿង ម្តាយប្តឹងសមត្ថកិច្ច

ប្រើប្រាស់គ្រឿងញៀនជាច្រើនឆ្នាំ យកម៉ូតូម្តាយទៅលក់អស់២៦គ្រឿងម្តាយទ្រាំលែង បានប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួន

ភ្នំពេញ យុវជនម្នាក់ត្រូវម្តាយបង្កើតប្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងឃាត់ខ្លួនយកទៅមណ្ឌលកែប្រែ បន្សាបគ្រឿងញៀន ខណៈរូបគេបានប្រើប្រាស់នូវសារធាតុញៀនអស់ជាច្រើនឆ្នាំ ថែមទាំងបំផ្លាញទ្រព្យសម្បតិ្តក្នុងផ្ទះអស់ជាច្រើន។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៩៩B ក្រុម២ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យុវជនញៀនថ្នាំនោះ មានឈ្មោះ កង ដារ៉ាវុធ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ មានប្រពន្ធឈ្មោះ សៀន ធីតា អាយុ២៨ឆ្នាំ និងកូន២នាក់ ប្រុស១ស្រី១។

ប្រភពពីនគរបាលប៉ុស្តិ៍ទឹកថ្លា បានឲ្យដឹងថា មុននឹងឃាត់ខ្លួនយុវជនខាងលើ ដោយសារតែម្តាយបង្កើតបានទូរស័ព្ទមកប្រាប់ថា កូនប្រុសរបស់គាត់បែកថ្នាំ ហើយកំពុងអុកឡុករករឿងវាយប្រពន្ធ និងគំរាមសម្លាប់ទៀតផង ទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរ។

តាមប្រភពពីម្តាយបង្កើតដែលដាច់ចិត្តប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនកូនប្រុសបង្កើតរបស់ខ្លួននោះ បានឲ្យដឹងថា កូនប្រុសរូបនេះធ្លាប់ប្រើប្រាស់គ្រឿងញៀនជាច្រើនឆ្នាំមកហើយៗ ធ្លាប់ជាប់នៅមណ្ឌលបន្សាបគ្រឿងញៀន ៣ខែកន្លះ និងធ្លាប់ជាប់នៅពន្ធធនាគារព្រៃស ២ឆ្នាំកន្លះរួចមកហើយ។ មិនតែប៉ុណ្ណោះ រូបគេបានយកម៉ូតូនៅក្នុងផ្ទះយកទៅលក់ ដើម្បីយកលុយទិញថ្នាំញៀនជក់ បើសរុបទៅអស់ចំនួន២៦គ្រឿងផងដែរ ហេតុនេះហើយទើបគាត់ទ្រាំលែងបាន ក៍សម្រេចចិត្តប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនចាត់ការតាមច្បាប់ចុះ។

ស្ត្រីជាប្រពន្ធបានរៀបរាប់ទាំងទឹកភ្នែកថា រូបនាងបានរៀបការជាមួយនិងប្តី ដែលប្រើប្រាស់គ្រឿងញៀននេះ បាន៦ឆ្នាំហើយ មានកូនប្រុសស្រី២នាក់ នៅក្នុងបន្ទុក ប៉ុន្តែនាងមិនបានដឹងថា ប្តីគាត់ជក់គ្រឿងញៀននោះទេ។ ហើយកន្លងមក ប្តីរូបនេះតែងតែវាយធ្វើបាបនាងរហូតពេលខ្លះគំរាមសម្លាប់ទៀតផង ធ្វើអោយនាងភ័យខ្លាចខ្លាំងណាស់។ ហើយនៅថ្ងៃកើតហេតុ ប្តីនាងបានយកកូនកាំបិតមកដាក់ក្បែរខ្លួន និងគំរាមសម្លាប់ ទើបនាងភ័យក៍ប្រាប់ទៅម្តាយក្មេក ពេលនោះម្តាយក្មេកក៍ប្តឹងសមត្ថកិច្ចអោយចាប់ខ្លួនតែម្តង ៕

RELATED ARTICLES