ភ្នំពេញ ៖ បុរសម្នាក់សង្ស័យលោតពីលើអគារកំពុងសាងសង់ដែលមានកំពស់២៩ជាន់ រួចទើរមកត្រឹមជាន់ទី៨ បណ្តាលឲ្យបុរសរូបនោះរងរបួសបែកក្បាល និងបាក់ជើង សន្លប់ស្ដូកស្ដឹង ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៥០នាទីយប់ នៅក្នុងការដ្ឋានមួយ ក្រោយសណ្ឋាគារតាយម៉េង យីហោ SKYLAR ដែលកំពស់២៩ជាន់ ផ្លូវបេតុងអត់លេខ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ជនរងគ្រោះដែលធ្លាក់ពីលើអគារមានកំពស់២៩ជាន់ មានឈ្មោះ បុល ប៊ុញ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើតនៅភូមិត្រាវភ្នី ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវជាកូនប្រុសច្បងក្នុងចំណោមបងប្អូន៤នាក់ ប្រុស១ ស្រី៣នាក់ ។
តាមសម្តីអ្នករស់នៅក្នុងភូមិ និងធ្វើការជាមួយជនរងគ្រោះ តែសុំមិនបញ្ចេញឈ្មោះ បាន
ឲ្យដឹងថា នៅប៉ុន្មានថ្ងៃមុនពេលកើតហេតុ ជនរងគ្រោះខាងលើមិនដឹងថា មានរឿងអ្វីនោះទេ ចេះតែអង្គុយស្មឹងស្មាតម្នាក់ឯង ដោយមិនបាននិយាយស្ដីរកអ្នកណាខុសពីសព្វដង ។
ប្រភពដដែលបានបន្តទៀតថា លុះដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានធ្វើការងារដូចសព្វដងដល់ពេលសម្រាកពីការងារ ពួកគេបានរៀបចំហូបបាយជុំគ្នារួចរាល់ហើយ ពេលនោះជនរងគ្រោះក៏បានដើរចេញទៅបាត់ ពួកគេឆ្ងល់ថា បានបាត់បុរសរងគ្រោះទៅណា មិនឃើញមកដេក លុះដល់មួយសន្ទុះក្រោយមក ពួកគេបានលឺសំឡេងធ្លាក់ លាន់សូរគ្រាំង តែពួកគេក៍មិនបានចាប់អារម្មណ៍ដែរ ទាល់តែពួកគេឃើញសន្តិសុខម្នាក់ដែលយាមនៅក្បែរគោលដៅនោះ បានស្រែកប្រាប់ថា មានមនុស្សធ្លាក់ពីលើអគារ លឺដូចនេះពួកគេដែលជាកម្មករនៅទីនោះ បានដើររកមើល ក៏ស្រាប់តែឃើញជនរងគ្រោះធ្លាក់មកទើរលើអគារជាទី៨ មានសភាពហូរឈាមផងនោះ ឃើញដូច្នេះពួកគេក៍នាំគ្នាជួយសែងជនរងគ្រោះមកដល់ជាន់ផ្ទាល់ដី រួចហើយបានផ្តល់ដំណឹងទៅឲ្យសមត្ថកិច្ចមូលដ្ឋានចុះមកមើល លុះសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ក៍បានទំនាក់ទំនងហៅរថយន្តសង្គ្រោះ មកដឹកជនរងគ្រោះដែលមានស្នាមរបួសបែកក្បាល និងបាក់ជើងខាងស្ដាំ សន្លប់ស្ដូកស្ដឹងយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី បាត់ទៅ ។
ក្នុងហេតុការណ៍នេះដែរ សមត្ថកិច្ចមូលដ្ឋាន និងព្រហ្មទណ្ឌបានចុះទៅសាកសួរ និងហៅសាក្សីដែលឃើញហេតុការណ៍មកជួយបំភ្លឺ តែក្នុងករណីនេះ សមត្ថកិច្ចក៏មិនទាន់ដឹងថា ជនរងគ្រោះមានចេតនាលោតសម្លាប់ខ្លួន រឺក៍រអិលជើងធ្លាក់ពីលើអគារនោះនៅឡើយទេ ព្រោះជនរងគ្រោះកំពុង់តែសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕