Tuesday, January 21, 2025
Homeព័ត៌មានជាតិកម្មករសំណង់ធ្លាក់ពីលើអគារកំពស់២៩ជាន់ មិនទាន់ដឹងមូលហេតុ

កម្មករសំណង់ធ្លាក់ពីលើអគារកំពស់២៩ជាន់ មិនទាន់ដឹងមូលហេតុ

ភ្នំពេញ​ ៖ បុរសម្នាក់សង្ស័យលោត​ពី​លើ​អគារ​កំពុង​សាងសង់​ដែល​មានកំពស់​២៩ជាន់​ រួច​ទើ​រមកត្រឹម​ជាន់​ទី​៨ បណ្តាលឲ្យបុរស​រូបនោះ​រងរបួស​បែក​ក្បាល​ និង​បាក់​ជើង​ សន្លប់​ស្ដូកស្ដឹង​ ហេតុ​ការណ៍​នេះ​បានកើតឡើង​នៅ​វេលា​ម៉ោង​៩និង​៥០នាទី​យប់​ នៅក្នុង​ការដ្ឋានមួយ​ ក្រោយសណ្ឋាគារតាយម៉េង យីហោ​​ SKYLAR ដែល​កំពស់​២៩ជាន់​  ផ្លូវ​បេតុង​អត់​លេខ​ ភូមិ​១០​ សង្កាត់​ទន្លេ​បាសាក់​  ខណ្ឌ​ចំការមន​ ។

ជនរងគ្រោះ​ដែល​ធ្លាក់​ពី​លើ​អគារ​មានកំពស់​២៩ជាន់​ មានឈ្មោះ​ បុល​ ប៊ុញ ​ភេទ​ប្រុស​ អាយុ​២២ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ ស្នាក់នៅ​កន្លែង​ធ្វើការ​ មានស្រុក​កំណើត​នៅ​ភូមិ​ត្រាវភ្នី​ ឃុំ​តាំងក្រសាំង​ ស្រុក​បាធាយ​ ខេត្ត​កំពង់ចាម​ ត្រូវ​ជាកូនប្រុសច្បងក្នុង​ចំណោម​បងប្អូន​៤នាក់​ ប្រុស​១ ស្រី​៣នាក់​ ។

​តាមសម្តី​អ្នក​រស់នៅ​ក្នុង​ភូមិ​ និង​ធ្វើការ​ជាមួយ​ជនរងគ្រោះ​​ តែ​សុំមិនបញ្ចេញ​ឈ្មោះ​ បាន
ឲ្យដឹងថា​ នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​កើតហេតុ​ ជនរងគ្រោះ​ខាងលើ​មិនដឹង​ថា ​មានរឿង​អ្វី​នោះ​ទេ​  ​​ចេះ​តែ​អង្គុយ​ស្មឹង​ស្មាត​ម្នាក់​ឯង​  ដោយ​មិន​បាន​និយាយ​ស្ដី​រក​អ្នក​ណា​ខុស​ពី​សព្វ​ដង​  ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ លុះដល់​ថ្ងៃ​កើត​ហេតុ​ ជនរងគ្រោះ​បានធ្វើ​ការងារ​ដូច​សព្វ​ដង​ដល់​ពេល​សម្រាកពី​ការងារ​ ពួក​គេ​បានរៀបចំ​ហូប​បាយ​ជុំគ្នារួចរាល់ហើយ​  ពេល​នោះ​ជនរងគ្រោះ​ក៏​បានដើរ​ចេញ​ទៅបាត់​ ​​ពួក​គេ​ឆ្ងល់​ថា​ បានបាត់​បុរស​រងគ្រោះ​ទៅណា​ មិន​ឃើញ​មកដេក លុះដល់​មួយ​សន្ទុះ​ក្រោយ​មក​ ពួកគេ​បានលឺ​សំឡេង​ធ្លាក់​ លាន់​សូរ​គ្រាំង​ តែពួក​គេ​ក៍មិនបាន​ចាប់​អារម្មណ៍ដែរ​  ទាល់តែ​ពួកគេ​ឃើញ​សន្តិសុខ​ម្នាក់​ដែល​យាម​នៅក្បែរ​គោលដៅ​នោះ​ បានស្រែក​​ប្រាប់​ថា ​មានមនុស្ស​ធ្លាក់​ពី​លើ​អគារ​  លឺដូចនេះ​ពួក​គេ​ដែល​ជាកម្មករ​នៅ​ទីនោះ​ បានដើរ​រកមើល​ ក៏ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ធ្លាក់​មកទើ​រលើ​អគារ​ជាទី៨ មាន​សភាព​ហូរឈាម​ផង​នោះ​  ឃើញ​ដូច្នេះ​ពួក​គេ​ក៍នាំគ្នា​ជួយសែង​ជនរងគ្រោះ​មកដល់​ជាន់​ផ្ទាល់ដី​ រួចហើយ​បានផ្តល់ដំណឹង​ទៅឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​ចុះមកមើល ​លុះសមត្ថកិច្ច​មូលដ្ឋាន​បានចុះ​ទៅដល់​ក៍បាន​ទំនាក់ទំនង​ហៅរថយន្ត​សង្គ្រោះ​ មកដឹក​ជនរងគ្រោះ​ដែល​មានស្នាម​របួស​បែក​ក្បាល ​និង​បាក់​ជើង​ខាង​ស្ដាំ​ សន្លប់​ស្ដូកស្ដឹង​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត​ ហៅពេទ្យ​រុស្ស៊ី​ បាត់​ទៅ​ ។

​​ក្នុង​ហេតុការណ៍​នេះ​ដែរ​ សមត្ថ​កិច្ច​មូលដ្ឋាន​ និង​ព្រហ្ម​ទណ្ឌ​បានចុះ​ទៅសាកសួរ​ និងហៅ​សាក្សី​ដែល​ឃើញ​ហេតុការណ៍​មកជួយ​បំភ្លឺ​  តែក្នុង​ករណី​នេះ សមត្ថកិច្ច​ក៏​មិន​ទាន់​ដឹង​ថា​ ជនរងគ្រោះ​មានចេតនា​លោត​សម្លាប់​ខ្លួន​  រឺក៍រអិល​ជើង​ធ្លាក់​ពី​លើ​អគារ​នោះ​នៅឡើយទេ​  ព្រោះជនរងគ្រោះ​កំពុង់តែ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​៕

RELATED ARTICLES