កំពង់ស្ពឺ៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ដែលធ្វើអំពីថ្មក្រោមឈើ លើប្រក់ក្បឿង ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងគ្មានសល់ ដោយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាច្រើន រថយន្ត២គ្រឿងផងដែរ បើគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ ប៉ុន្តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។
ហេតុការណ៍អគ្គីភ័យលេបត្របាក់ផ្ទះ២ខ្នងនេះ កើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ ស្ថិតក្នុងភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពងស្ពឺ។
បើតាមសម្តីរបស់លោកមេភូមិដូនអាត់ បានប្រាប់ឲ្យដឹងថា ករណីអគ្គិភ័យដែលបានឆាបឆេះ លំនៅដ្ឋានប្រជាពលរដ្ឋអស់២ខ្នងនោះ មិនទាន់ដឹងមូលហេតុច្បាស់នៅឡើយទេ ដោយដំបូង សង្ស័យតែឆ្លងចរន្តភ្លើងបង្កឲ្យឆាបឆេះតែម្តង ហើយក្រុមសមត្ថកិច្ចជំនាញមិនអាចជួយទាន់ នោះទេ ដោយសារតែផ្លូវចូលទៅកាន់ទីនោះ ពិបាករថយន្តពន្លត់អគ្គិភ័យចូលទៅដល់ខ្លាំងណាស់។
លោកមេភូមិបានប្រាប់ឲ្យដឹងថា ផ្ទះជនរងគ្រោះទី១ ឈ្មោះ ងិន ចាន់ធី អាយុ៥៦ឆ្នាំ ជាទាហានកងវិស្វកម្ម មានប្រពន្ធឈ្មោះ នួន សុខុម អាយុ៥៥ឆ្នាំ ដែលផ្ទះខ្នងថ្មក្រោមឈើលើ ប្រក់ក្បឿង ដែលមានទំហំ ៩ម៉ែតគុណ១០ម៉ែត រងការខូចខាតផ្ទះទាំងស្រុង និងរថយន្តស៊េរីចាស់ចំនួន២គ្រឿង ទី២ ម្ចាស់ផ្ទះឈ្មោះ ដួង ឡាយ ភេទប្រុស អាយុ៥០ឆ្នាំ ដែលមានផ្ទះទំហំ៨ម៉ែតគុណ៨ម៉ែត្រ ធ្វើអមពីឈើលើថ្មក្រោមប្រក់ក្បឿង ឆេះខ្ទេចទាំងស្រុង និងបំផ្លាញទ្រព្យសម្បត្តិជាច្រើនផងដែរ។ ចំពោះមូលហេតុដែលបង្កឲ្យមានអគ្គីភ័យឆាបឆេះលំនៅដ្ឋានទាំង២ ដោយសារឆ្លងចរន្តអគ្គិសនី ហើយមិនបណ្តាលឲ្យមនុស្សរងរបួសនោះទេ។
តាមសម្តីរបស់ប្រជាពលរដ្ឋបាននិយាយថា ដំបូងឡើយម្ចាស់ផ្ទះមិននៅនោះទេ នៅតែម្តាយចាស់ជរា កំពុងតែធ្វើដំណាប់ស្វាយ ហើយបានលឺសំឡេងផ្ទុះខាងលើផ្ទះ ក៏មិនអារម្មណ៍ មួយសន្ទុះក្រោយមកក៏ក្រឡេកមើលឡើងលើផ្ទះបានឃើញអណ្តាតភ្លើងឆេះទៅហើយ គាត់ក៏បានស្រែកឆោឡោឡើង រហូតមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយពន្លត់ តែហួសពេលទៅហើយ។
នៅក្នុងហេតុការណ៍នេះ កម្លាំងជំនាញបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចេញប្រតិបត្តិការចេញជួយបាញ់ពន្លត់ចំនួន៤គ្រឿងភ្លាមៗ ប៉ុន្តែដោយសារផ្លូវពិបាកចូលទៅ ទើបមានការយឺតយ៉ាវបន្តិចក្នុងការចូលអន្តរាគមន៍ឲ្យបានទាន់ពេលវេលា។
នៅថ្ងៃដដែលនោះ អាជ្ញាធរមូលដ្ឋានបានចុះសាកសួរសុខទុក្ខ និងសោកស្តាយបំផុតចំពោះ ហេតុការណ៍គ្រោះអគ្គិភ័យនេះ ព្រមទាំងនាំយកនូវសម្ភារៈមួយចំនួន ដើម្បីដោះស្រាយការលំបាក បណ្តោះអាសន្នផងដែរ គ្រាន់រំលែកបានមួយគ្រាៗ៕