Tuesday, January 21, 2025
Homeព័ត៌មានជាតិសង្ស័យទុស្សេខ្សែភ្លើងឆ្លងចរន្តអគ្គិសនី ឆេះផ្ទះ២ខ្នង រថយន្ត២គ្រឿង នៅកំពង់ស្ពឺ

សង្ស័យទុស្សេខ្សែភ្លើងឆ្លងចរន្តអគ្គិសនី ឆេះផ្ទះ២ខ្នង រថយន្ត២គ្រឿង នៅកំពង់ស្ពឺ

កំពង់ស្ពឺ៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ដែលធ្វើអំពីថ្មក្រោមឈើ លើប្រក់ក្បឿង ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងគ្មានសល់ ដោយបំផ្លិចបំផ្លាញទ្រព្យ​សម្បត្តិជាច្រើន រថយន្ត២គ្រឿងផងដែរ បើគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ ប៉ុន្តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

ហេតុការណ៍អគ្គីភ័យលេបត្របាក់ផ្ទះ២ខ្នងនេះ កើតឡើងកាលពីវេលាម៉ោង៨ព្រឹក​ ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៧នេះ ស្ថិតក្នុងភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពងស្ពឺ​។

បើតាមសម្តីរបស់លោកមេភូមិដូនអាត់ បានប្រាប់ឲ្យដឹងថា​ ករណីអគ្គិភ័យដែល​​​បានឆាបឆេះ លំនៅដ្ឋានប្រជាពលរដ្ឋអស់២ខ្នង​នោះ មិនទាន់ដឹងមូលហេតុ​ច្បាស់នៅឡើយទេ ដោយដំបូង សង្ស័យតែឆ្លងចរន្តភ្លើងបង្កឲ្យឆាបឆេះតែម្តង ហើយក្រុមសមត្ថកិច្ចជំនាញ​មិនអាចជួយទាន់ នោះទេ ដោយសារតែផ្លូវចូលទៅកាន់ទីនោះ ពិបាករថយន្តពន្លត់អគ្គិភ័យចូលទៅដល់ខ្លាំងណាស់​។

លោកមេភូមិបានប្រាប់ឲ្យដឹងថា ផ្ទះជនរងគ្រោះទី១ ឈ្មោះ ងិន ចាន់ធី​ អាយុ​៥៦ឆ្នាំ​ ជាទាហានកងវិស្វកម្ម មានប្រពន្ធ​ឈ្មោះ​ នួន សុខុម អាយុ​៥៥ឆ្នាំ ដែលផ្ទះ​ខ្នងថ្មក្រោមឈើលើ ប្រក់ក្បឿង ដែលមានទំហំ ៩ម៉ែតគុណ១០ម៉ែត រងការខូចខាតផ្ទះទាំងស្រុង និង​រថយន្តស៊េរីចាស់ចំនួន២គ្រឿង ទី២ ម្ចាស់ផ្ទះឈ្មោះ ដួង ឡាយ ភេទ​ប្រុស អាយុ​៥០ឆ្នាំ ​​ដែលមានផ្ទះទំហំ៨ម៉ែតគុណ​៨ម៉ែត្រ ធ្វើអមពីឈើលើថ្មក្រោមប្រក់ក្បឿង ឆេះខ្ទេចទាំងស្រុង និងបំផ្លាញទ្រព្យសម្បត្តិជាច្រើនផងដែរ។ ​ចំពោះមូលហេតុដែលបង្កឲ្យមានអគ្គីភ័យឆាបឆេះលំនៅដ្ឋានទាំង២ ដោយសារឆ្លង​ចរន្តអគ្គិសនី​ ហើយមិនបណ្តាលឲ្យមនុស្សរងរបួសនោះទេ។

តាមសម្តីរបស់ប្រជាពលរដ្ឋបាននិយាយថា ដំបូងឡើយម្ចាស់ផ្ទះមិននៅនោះទេ នៅតែម្តាយចាស់ជរា កំពុងតែធ្វើដំណាប់ស្វាយ ហើយបានលឺសំឡេងផ្ទុះខាងលើផ្ទះ ក៏មិនអារម្មណ៍ មួយសន្ទុះក្រោយមកក៏ក្រឡេកមើលឡើងលើផ្ទះបានឃើញអណ្តាតភ្លើងឆេះទៅហើយ គាត់ក៏បានស្រែកឆោឡោឡើង រហូតមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយពន្លត់ តែហួសពេលទៅហើយ។

នៅក្នុងហេតុការណ៍នេះ ​កម្លាំងជំនាញបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ស្ពឺ បានចេញ​ប្រតិបត្តិការចេញ​ជួយបាញ់ពន្លត់ចំនួន៤គ្រឿងភ្លាមៗ ប៉ុន្តែដោយសារផ្លូវពិ​បាកចូលទៅ ទើបមានការយឺតយ៉ាវបន្តិចក្នុងការចូលអន្តរាគមន៍ឲ្យបានទាន់ពេលវេលា។

នៅថ្ងៃដដែលនោះ​ អាជ្ញាធរមូលដ្ឋានបានចុះសាកសួរសុខទុក្ខ និងសោកស្តាយបំផុតចំពោះ ហេតុការណ៍គ្រោះអគ្គិភ័យនេះ ព្រមទាំងនាំយកនូវ​សម្ភារៈមួយចំនួន ដើម្បីដោះស្រាយការលំបាក បណ្តោះអាសន្នផងដែរ គ្រាន់រំលែកបានមួយគ្រាៗ៕

RELATED ARTICLES