ភ្នំពេញ ៖ តារាកំប្លែងវ័យក្មេងរូបស្រស់ ប្រចាំក្រុមកំប្លែងនាយកុយ គឺនាងម៉ក់ សុគន្ធស្រីនិច្ច ហៅប្រិមប្រិយ បានសម្រេចចិត្តភ្ជាប់ពាក្យហើយ កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ជាមួយនឹងបុរសកំពូលស្នេហ៍របស់នាងជាតារាចម្រៀង និងជាអាណិកជនអាមេរិក គឺលោកសៅ រ៉ានីត។
នាងម៉ក់ សុគន្ធស្រីនិច្ច បានបញ្ជាក់ឱ្យដឹងថា ចំណងស្នេហ៍របស់នាងមួយនេះ បានកើតមានឡើង បន្ទាប់ពីនាងបានសង្កេតមើលចិត្តបុរសជាគូដណ្តឹងអស់រយៈពេលជាង៧ឆ្នាំ ហើយមូលហេតុដែលនាងត្រូវសង្កេតមើលចិត្តយូរបែបនេះ ក៏ព្រោះតែដើម្បីការពារកុំឱ្យកើតរឿងច្រំដែល ខណៈដែលស្នេហាទី១របស់នាងមិនសមប្រកប និងបន្សល់ទុកកូនស្រីម្នាក់ឱ្យនាងមើលថែរហូតដល់រាល់ថ្ងៃ។
នាងប្រិមប្រិយ បានអះអាងថា នាងបានស្គាល់លោកសៅ រ៉ានីត ដំបូង នៅអំឡុងពេលដែលបុរសជាគូដណ្តឹងរូបនេះបានចុះពីអាមេរិក មកលេងបងប្អូន និងចូលរួមសម្តែងសិល្បៈ កាលពីច្រើនឆ្នាំមុន។ ហើយអ្វីដែលធ្វើឱ្យនាងពេញចិត្តបុរសរូបនេះ រហូតដល់យល់ព្រមភ្ជាប់ពាក្យភ្ជាប់សម្តីនឹងគ្នា គឺនៅត្រង់ថា លោកសៅ រ៉ានីត គឺជាមនុស្សប្រុសមានការទទួលខុសត្រូវខ្ពស់ និងមានចិត្តទូលាយ មិនប្រកាន់រឿងនាងជាស្រីមេម៉ាយ មានកូនស្រីម្នាក់អ្វីនោះទេ។
នាងប្រិមប្រិយ បានបញ្ជាក់ទៀតថា ដោយសារតែស្នេហាទី១របស់នាងត្រូវបរាជ័យ រហូតធ្វើឱ្យនាងមានកូនស្រីម្នាក់ និងត្រូវទទួលរ៉ាប់រងចិញ្ចឹមកូនតែម្នាក់ឯងរហូតមកដល់សព្វថ្ងៃនេះហើយ ទើបធ្វើឱ្យនាងហាក់រាងចាលនឹងស្នេហា និងចេះតែសម្លឹងមើលវែងឆ្ងាយ ពិសេស សង្កេតអត្តចរិតអ្នកដែលតាមចែចង់នាងឱ្យស៊ីជម្រៅជាមុនសិន ពុំនោះទេ នាងយល់ព្រមផ្ញើខ្លួនជាមួយនឹងបុរសៗអ្នកមានទ្រព្យធន ម្ចាស់ភោជនីយដ្ឋានធំៗមួយចំនួនជាយូរមកហើយ។
យ៉ាងណា នាងប្រិយប្រិយ បានអះអាងថា ពិធីភ្ជាប់ពាក្យរបស់នាងនៅថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០១៧ នេះ មិនជាធំដុំអ្វីពេកទេ គ្រាន់តែមានវត្តមានចាស់ទុំទាំងសងខាង ព្រមទាំងមិត្តភក្តិជិតស្និទ្ធមួយចំនួន ដើម្បីចូលរួមដឹងឮ ធ្វើជាសាក្សីប៉ុណ្ណោះ។
តាមការបង្ហើបឱ្យដឹងពីតារាកំប្លែងប្រិមប្រិយបុរសជាគូដណ្តឹងរបស់នាង គឺជាតារាចម្រៀងនៅក្នុងហាងមួយនៅសហរដ្ឋអាមេរិក តែយ៉ាងណានាងមិនទាន់អាចបញ្ជាក់បានអំពីគម្រោងដឹកដៃគ្នាចូលរោងការនោះឡើយ៕