Sunday, November 24, 2024
Homeនយោបាយលោកសម រង្ស៊ី ទម្លាយបទបញ្ជាសម្ងាត់សម្តេចហ៊ុន សែន​ ឲ្យមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ត្រៀមចាប់ដាក់គុក

លោកសម រង្ស៊ី ទម្លាយបទបញ្ជាសម្ងាត់សម្តេចហ៊ុន សែន​ ឲ្យមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ត្រៀមចាប់ដាក់គុក

ភ្នំពេញ ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី បានទម្លាយសារសម្ងាត់មួយ ដែលលោកអះអាងថា ជាបទបញ្ជាសម្ងាត់របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឱ្យមេបញ្ជាការកង កម្លាំងប្រដាប់អាវុធ ត្រៀមចាប់លោកដាក់គុក។

លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ថា “បទបញ្ជាសម្ងាត់ ដែលហ៊ុន សែន សរសេរទៅកាន់មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ សម្រាប់អនុវត្តលើរូប សម រង្ស៊ី។ បទបញ្ជានេះ បង្ហាញឱ្យឃើញថា ហ៊ុន សែន រៀបចំបង្កសង្គ្រាម និងសម្លាប់ប្រជាពលរដ្ឋ ពេល សម រង្ស៊ី វិលត្រឡប់មកប្រទេសកម្ពុជាវិញ។ នេះក៏ជាលេសមួយទៀត ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ”។

លោកសម រង្ស៊ី បានសរសេរបង្ហាញនូវសារដែលលោកអះអាងថា ជាបទបញ្ជាសម្ងាត់របស់សម្តេចហ៊ុន សែន នោះថា “ជូនថ្នាក់ដឹកនាំគ្រប់ថ្នាក់ ពិសេសមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ។ ថ្ងៃនេះ ខ្ញុំបញ្ជាឱ្យលុបចោល ស.ជ.ណ ដែលហាមឃាត់មិនឱ្យក្រុមហ៊ុនយន្តហោះដឹកសម រង្ស៊ី ចូលមកកម្ពុជា ដែលស.ជ.ណ មួយនេះ យើងមានបំណងល្អ ដើម្បីចៀសវាងការបង្ហូរ ឈាមណាមួយ ពិសេសការស្លាប់របស់សម រង្ស៊ី តែបំណងល្អនេះ ត្រូវបានសម រង្ស៊ី ប្រើជាលេសថា យើងរារាំងមិនឱ្យវាចូលមកប្រទេសកម្ពុជាវិញ។ នេះគ្រាន់តែលុបចោលបម្រាមនៃការធ្វើដំណើរតាមយន្តហោះប៉ុណ្ណោះ មិនមែនជាការលើកលែងទោសឱ្យ សម រង្ស៊ី ទេ។ សម រង្ស៊ី នៅតែជាអ្នកមានទោស ដែលកម្លាំងអនុវត្តច្បាប់ ត្រូវតែអនុវត្តតាមសាលដីកាតុលាការ ចាប់វាញាត់គុកឱ្យខាងតែបាន ទោះដោយតម្លៃណា ក៏ដោយមិនអាចឱ្យអាមួយនេះរួចខ្លួនបានឡើយ។ ការចាប់សម រង្ស៊ី ត្រូវធ្វើនៅលើយន្តហោះតែម្តង ដោយឱ្យយន្តហោះទៅចតនៅព្រលានយោធា ប្រសិននៅភ្នំពេញ។ ករណីនៅសៀមរាប ឬខេត្តព្រះសីហនុ ត្រូវរកទីតាំងណាសមស្របក្រៅពីចំណតអ្នកដំណើរ។ បណ្តាអង្គភាពនៃកងទ័ពស្រួច ត្រូវត្រៀមអន្តរាគមន៍កម្ទេចចោលនូវកម្លាំង ណាក៏ដោយ ដែលរារាំងការអនុវត្តច្បាប់។ បទបញ្ជានេះ អនុវត្តដោយស្ងាត់ស្ងៀម ពេលសភាពការណ៍កើតឡើង ត្រូវពង្រីកមុខសញ្ញាទៅកាន់កន្លែងផ្សេងទៀត តាមការចាំបាច់ និងត្រូវរង់ចាំបទបញ្ជា”។

លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ

ការទម្លាយរបស់លោកសម រង្ស៊ី ខាងលើនេះ បានធ្វើឡើងក្រោយពេលដែលទាំងប្រមុខរាជរដ្ឋាភិបាលកម្ពុជា         សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា បើលោកសម រង្ស៊ី វិលត្រឡប់ចូលស្រុក គឺតុលាការនឹងអនុវត្តច្បាប់លើលោកសម រង្ស៊ី គឺចាប់ខ្លួនបញ្ជូនទៅពន្ធនាគារ ដោយសារ មានដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ។ លោកសម រង្ស៊ី ដែលមុននេះ បានអះអាងដោយការប្តេជ្ញាចិត្តថានឹងវិលត្រឡប់មកប្រទេសកម្ពុជា វិញភ្លាម នៅពេលណារាជរដ្ឋាភិបាលដកបម្រាម មិនឱ្យលោកវិលចូលស្រុកនោះ បានប្តូរចិត្តវិញ ភ្លាមៗថា មិនទាន់វិលចូលស្រុកទេ បន្ទាប់ពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យដកបម្រាមមិនឱ្យលោកសម រង្ស៊ី វិលចូលស្រុកនោះ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ដោយអតីតមេបក្សប្រឆាំងរូបនេះ បានបញ្ជាក់ថា រង់ចាំដោះស្រាយបញ្ហាចំពោះមុខ មួយចំនួនរួចរាល់សិន ហើយការប្រកាសមិនទាន់ ចូលស្រុករបស់លោកសម រង្ស៊ី ត្រូវបានសម្តេច ហ៊ុន សែន ចំអកឱ្យថា ឧបសគ្គធំ គឺគុកនៅរង់ចាំនោះឯង។

ដោយឡែក អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រ មណ្ឌលខេត្តកណ្តាល លោកអេង ឆៃអ៊ាង បានបញ្ជាក់កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ថា រឿងថា លោកប្រធានសម រង្ស៊ី ក្លាហាន ឬកំសាកក្នុងការចូលស្រុកខ្មែរវិញនោះ មិនសំខាន់សម្រាប់គណបក្សសង្គ្រោះជាតិឡើយ។ រឿងដែលសំខាន់ បើលោក សម រង្ស៊ី ចូលមកនាំឱ្យគណបក្សសង្គ្រោះជាតិ ទទួលជោគជ័យក្នុងការបោះឆ្នោតឆ្នាំ២០១៨ នោះ លោកសម រង្ស៊ី ដាច់ខាតត្រូវតែចូល ទោះ ជាប់គុក ឬបាត់បង់ជីវិតក៏ដោយ។ តែបើចូលមក នាំឱ្យគេយកលេសលើកការបោះឆ្នោតជាតិ ឬ រំលាយគណបក្សសង្គ្រោះជាតិនោះ ដាច់ខាតមិនត្រូវចូលឡើយ។

ទោះយ៉ាងណា ពាក់ព័ន្ធនឹងសាររបស់លោក សម រង្ស៊ី ដែលអះអាងថា ជាបទបញ្ជាសម្ងាត់របស់សម្តេចហ៊ុន សែន បញ្ជាឱ្យមេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ ត្រៀមចាប់ខ្លួនលោកដាក់គុក ពេលវិលចូលស្រុកខាងលើនេះ អ្នកនាំ ពាក្យគណបក្សប្រជាជនកម្ពុជា លោកឈឹម ផលវរុណ បានបញ្ជាក់ថា គណបក្សមិនមាន ប្រតិកម្មអីទេ ព្រោះសារនោះ គ្មានមូលដ្ឋានច្បាស់លាស់។

លោកឈឹម ផលវរុណ បានមានប្រសាសន៍ថា “វាអត់អីត្រូវប្រតិកម្ម ពីព្រោះសារផេករបស់លោកសម រង្ស៊ី អត់មានមូលដ្ឋានអីបញ្ជាក់ច្បាស់លាស់ថា តើសារសម្ងាត់ស្អីគេរបស់សម្តេចហ្នឹង? ហើយសារសម្ងាត់ក្នុងខណៈពេលណា អត់មានទាំងអស់។ ដូច្នេះគណបក្សអត់មានអីប្រតិកម្មទេ អានេះគ្រាន់តែជាការអះអាងរបស់លោក សម រង្ស៊ី ដែលអត់មានច្បាស់លាស់ខ្លួនឯងហ្នឹង។ ដូច្នេះយើងអត់មានអីប្រតិកម្មផង” ៕

កុលបុត្រ

RELATED ARTICLES