អ្នកនាងចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមនោះ ត្រូវគូស្នេហ៍ថ្មីមិនទាន់រៀបការ លោកហេង ឡុង ហៅរ័ត្ន បានធ្វើខួបកំណើតឲ្យកាលពីរាត្រីថ្ងៃទី១៨ ខែមិថុនា នៅហាងមេត្រូ អារ៉ូណា TK ដោយធ្វើឲ្យកំពូលតារាសម្ដែងរូបនេះ សប្បាយចិត្តក្រៃលែង ហើយស្ទុះទៅឱបលោករ័ត្ន ស្អិតតែម្ដង ធ្វើឲ្យអ្នកជំនួញដែលរូបនេះមិនចង់ព្រលែងឡើយ។
អ្នកសិល្បៈដែលចូលរួមកម្មវិធីខួបកំណើតអ្នកនាងចន ច័ន្ទលក្ខិណា គឺមានតែអ្នកជិតដិតបំផុតប៉ុណ្ណោះ ដែលលេចមុខនៅរាត្រីនោះ មានដូចជា លោកចន ច័ន្ទតារា ដែលជាប្អូនប្រុសអ្នកនាងចន ច័ន្ទលក្ខិណា, លោកញ៉ែម សុគន្ធ, កញ្ញាឌួង ហ្សូរីដា, កញ្ញាឌួង ហ្សូរីម៉ា, កញ្ញាម៉ាក សែនសូនីតា, កញ្ញាសូដា នីតា ជាដើម ដែលសុទ្ធតែបួងសួងឲ្យអ្នកនាងចន ច័ន្ទលក្ខិណា កាន់តែមានរូបសម្រស់ស្រស់ស្អាត និងជោគជ័យក្នុងកិច្ចការជួយដល់សង្គម តាមរយៈសមាគមមិត្តសិល្បៈជួយសង្គមនោះ។
តាមព័ត៌មានថា សម្រាប់ការប្រារព្ធខួបឆ្នាំនេះ អ្នកនាងចន ច័ន្ទលក្ខិណា គម្រប់អាយុ៣៨ឆ្នាំហើយថ្លៃការចំណាយទាំងអស់នៅយប់នោះ គឺគូស្នេហ៍ថ្មីអ្នកនាង លោករ័ត្ន ជាអ្នករ៉ាប់រងទាំងអស់។
តារាសម្ដែងរូបសង្ហា លោកចន ច័ន្ទតារា ដែលជាប្អូនប្រុសបង្កើតរបស់អ្នកនាងចន ច័ន្ទលក្ខិណា បានឲ្យដឹងថា ខួបបងស្រីលោកយប់មិញនេះ គឺពិតជាលោកឡុង ជាអ្នកចាត់ចែងមែនហើយតាមពិតខួបពិតប្រាកដរបស់អ្នកនាងចន ច័ន្ទលក្ខិណា គឺនៅថ្ងៃទី២០ ខែមិថុនា ទេ ប៉ុន្តែដោយសារតែគាត់ជាប់រវល់ទៅប្រទេសសាំងហ្គាពួរ ទើបត្រូវធ្វើមុនមួយថ្ងៃបែបនេះ។
លោកចន ច័ន្ទតារា បានរៀបរាប់ថា ”ខួបបងមុំ (ចន ច័ន្ទលក្ខិណា) យប់មិញ គឺបងឡុង ជាអ្នករៀបចំឲ្យទេ ព្រោះចង់ធ្វើឲ្យគាត់ Surprise ហើយមានតែតារាជិតស្និទ្ធតិចតួចទេ ដែលបានចូលរួមញាំអីជាមួយគ្ នាព្រោះអីយើងអត់បានហៅភ្ញៀវផង។ តាមពិតថ្ងៃខួបពិតប្រាកដរបស់បងមុំ គឺថ្ងៃទី២០ ខែមិថុនា ទេ តែដោយសារបងស្រីខ្ញុំ គាត់មានធុរៈជាប់ចេញទៅប្រទេសសាំងហ្គាពួរនៅថ្ងៃហ្នឹង ទើបបងឡុង ធ្វើឲ្យមុនមួយថ្ងៃទៅ។ តាមខ្ញុំដឹងបងមុំ ឆ្នាំហ្នឹង គាត់មានអាយុបើមិន៣៧ ក៍៣៨ដែរ ហើយរាល់ឆ្នាំគាត់មិនបានធ្វើខួបធំដុំអីដូចគេទេ គឺមានតែបងឡុង ជាអ្នកធ្វើឲ្យហ្នឹង”។
តាមព័ត៌មានថា អ្នកនាងចន ច័ន្ទលក្ខិណា ចេញទៅប្រទេសប្រទេសសាំងហ្គាពួរ នៅថ្ងៃទី២០ ខែមិថុនា ជាមួយស្វាមីថ្មីមិនទាន់រៀបការ លោករ័ត្ន ដើម្បីកម្សាន្ដសប្បាយឲ្យអស់ដៃ និងរឹតចំណងស្នេហ៍ថ្មីឲ្យកាន់តែរឹងមាំថែមទៀត ខណៈដែលមុននេះ លោករ័ត្ន គិតតែរំអុកចង់បានកូនពីអ្នកនាងចន ច័ន្ទលក្ខិណា ទាំងមិនទាន់រៀបការនោះ។
ប្អូនប្រុសអ្នកនាងចន ច័ន្ទលក្ខិណា បន្ថែមថា ”អូ! បងមុំ ទៅសាំងហ្គាពួរ ហ្នឹង គាត់មានការ ប្រហែលជាទៅតែ៣ឬ៤ថ្ងៃ គាត់នឹងវិលត្រឡប់មកស្រុកខ្មែរវិញហើយ…”។
អ្នកនាងចន ច័ន្ទលក្ខិណា បានដឹកដៃគូស្នេហ៍ថ្មីទៅរីករាយនៅកោះទេសចរណ៍មួយ របស់ប្រទេសសាំងហ្គាពួរ អំឡុងពេលដែលអតីតស្វាមីអ្នកនាង គឺលោកយុត្ថារ៉ា ឆាន្នី កំពុងមានទុក្ខដោយសារបងប្រុសរបស់លោកបានទទួលមរណៈភាពកាលពីពេលថ្មីៗនេះ ដែលពេលនេះលោកឆាន្នី កំពុងកោរសក់កាត់ទុក្ខទៀតផង។
ប្រភពបានឲ្យដឹងថា អ្នកនាងចន ច័ន្ទលក្ខិណា ពេញចិត្តសង្សារថ្មីណាស់ ព្រោះលោកឡុង ចេះផ្គាប់ចិត្តអ្នកនាងគ្រប់បែបយ៉ាងទាំងអស់ តែអ្នកជំនួញដែលចូលចិត្តដើរកម្មវិធីសិល្បៈដូចតារាៗរូបនោះ បានខកចិត្តខ្លាំងនៅពេលដែលលោកចង់បានកូនង៉ែតបីប្រលែងលេង តែអ្នកនាងលក្ខិណា មិនទាន់អាចបំពេញបំណងឆាប់ៗឡើយ ព្រោះតែខ្លាចពពោះមុនរៀបការនាំឲ្យញាតិរឹះគន់។
ចន ច័ន្ទលក្ខិណា បានចុះកុងតា្រថតរឿង ”កូនពស់កេងកង” របស់ប៉ុស្ដិ៍ហង្សមាស ដែលនឹងចេញថតនៅខែកក្កដា នេះហើយ ដែលមានលោកហ្វៃ សំអាង ជាអ្នកដឹកនាំសម្ដែង។ លក្ខិណា បានប្រាប់ថា អ្នកនាងបានចុះកុងត្រាកន្លះឆ្នាំ ជាមួយផលិតកម្មហង្សមាស ដើម្បីថតរឿងនេះហើយអ្នកនាងជឿថា នឹងទទួលបានកាគាំទ្រច្រើនជាមិនខាន ព្រោះរឿងនោះប្រជុំទៅដោយតារាសុទ្ធតែល្បីៗជួរមុខទាំងអស់ ហើយអ្នកនាងលេងជាតួកាចឆ្នាសឆ្នើម ស្របពេលដែលប្រភពមួយបានឲ្យដឹងថា រឿងនេះមានតួឯកស្រី គឺតារាចូលចិត្តថតសិចស៊ីស្រើបស្រាល គឺកញ្ញាឌុច លីដា ៕