Sunday, November 24, 2024
Homeនយោបាយលោកសម រង្ស៊ី ថាអង្គការអន្តរជាតិ​ ស្ទាបស្ទង់មតិ បោះឆ្នោត២០១៨ គណបក្សប្រជាជនកម្ពុជា ចាញ់គណបក្សសង្គ្រោះជាតិ

លោកសម រង្ស៊ី ថាអង្គការអន្តរជាតិ​ ស្ទាបស្ទង់មតិ បោះឆ្នោត២០១៨ គណបក្សប្រជាជនកម្ពុជា ចាញ់គណបក្សសង្គ្រោះជាតិ

ភ្នំពេញ ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី បានប្រកាសថា យោងតាមអង្គការអន្តរជាតិមួយ បានធ្វើការស្ទាបស្ទង់មតិថា គណបក្សប្រជាជនកម្ពុជា (CPP) ដែលមានសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ជាប្រធាន នឹងចាញ់គណបក្សសង្គ្រោះជាតិ (CNRP) ដែលមានលោកកឹម សុខា ជាប្រធាន នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅប្រទេសកម្ពុជា នៅឆ្នាំ២០១៨។

លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ ថា “យោងតាមការស្ទង់មតិមួយ ដែលគណបក្សប្រជាជនកម្ពុជា បានជួលក្រុមហ៊ុនអន្តរជាតិមួយធ្វើឱ្យខ្លួនជាសម្ងាត់ ហើយដែល បានធ្វើឡើងក្នុងខែឧសភា និងខែកញ្ញា ឆ្នាំ២០១៦ គណបក្សប្រជាជនកម្ពុជា នឹងចាញ់គណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ដែលត្រូវរៀបចំឡើង ក្នុងខែកក្កដា ឆ្នាំ២០១៨”។

ជាមួយគ្នានោះដែរ នៅក្នុងទំព័រហ្វេសប៊ុករបស់លោកសម រង្ស៊ី នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ក៏បានសរសេរពីការស្ទាបស្ទង់មតិ រវាងរូបលោក អតីតប្រធានគណបក្សសង្គ្រោះជាតិ លោកកឹម សុខ ប្រធានគណបក្សសង្គ្រោះជាតិ និងសម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថា “សម រង្ស៊ី (៨៤% នៃចំនួនប្រជាពលរដ្ឋ ដែលគេបានសាកសួរថា តើពេញចិត្តចំពោះបុគ្គលនេះឬទេ?) និងកឹម សុខា (៧៤%) មានប្រជាប្រិយភាពខ្ពស់ជាង ហ៊ុន សែន (៦៣%)។ នេះជាលទ្ធផលនៃការស្ទង់មតិមួយ ធ្វើឡើងកាលពីខែសីហានិងតុលា ២០១៦ តាមការជួលឱ្យធ្វើជាសម្ងាត់ ពីសំណាក់គណបក្សប្រជាជនកម្ពុជា ហើយធ្វើឡើងដោយក្រុមហ៊ុនអន្តរជាតិ ដែលមានជំនាញក្នុងវិស័យ ស្ទង់មតិតាមលក្ខណៈ វិទ្យាសាស្ត្រ”។

ឯកសារស្ទង់មតិ ដែលមានកម្រាស់ ៥០ទំព័រ សរសេរជាភាសាអង់គ្លេស និងបានបង្ហោះនៅក្នុងទំព័រហ្វេសប៊ុករបស់លោកសម រង្ស៊ី នោះ បានបង្ហាញឱ្យដឹងពីលទ្ធផលនៃការស្ទាបស្ទង់ជាច្រើន ស្តីពីការស្រឡាញ់ ស្អប់ ខឹង ការជឿជាក់របស់ពលរដ្ឋខ្មែរ ធ្វើឡើងទៅលើវិស័យសិទ្ធិមនុស្ស ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការទប់ស្កាត់ ការកាប់បំផ្លាញព្រៃឈើជាដើម។ លើសពីនេះ ការស្ទាបស្ទង់ទាំងនោះ បានប្រៀបធៀបរវាងសម្តេចហ៊ុន សែន លោកសម រង្ស៊ី និងលោកកឹម សុខា ហើយក៏បានប្រៀបធៀបដែរ រវាងគណបក្សប្រជាជនកម្ពុជា ទៅនឹងគណបក្សសង្គ្រោះជាតិ ឬគណបក្សហ៊្វុនស៊ិនប៉ិច។ ការស្ទង់មតិបានបង្ហាញថា សម្តេចហ៊ុន សែន បានធ្លាក់ប្រជាប្រិយភាពពីតួលេខ២៦ ក្នុងខែឧសភា មកនៅត្រឹម២៣ ក្នុងខែកញ្ញា ខណៈលោកសម រង្ស៊ី កើនពី១៦ ទៅដល់៣៨។ រីឯលោកកឹម សុខា ទទួលបានតួលេខតែមួយ នៅក្នុងខែកញ្ញា គឺ ពិន្ទុ២៤។

ក្នុងនោះដែរ ដូចជាមានសំណួរលើកឡើងថា តើអ្នកជឿជាក់ទៅលើអ្នកនយោបាយណា និងគណបក្សនយោបាយណា ដែលអាចគ្រប់គ្រងលើចំណងមេត្រីភាពរវាងកម្ពុជា និងវៀតណាម? ចម្លើយរកឃើញថា សម្តេចហ៊ុន សែន ទទួលបានពិន្ទុ៤២ និងលោកសម រង្ស៊ី ទទួលបាន៥០ ខណៈគណបក្សប្រជាជនកម្ពុជា ទទួលបានពិន្ទុ ៤០ និងគណបក្សសង្គ្រោះជាតិ ទទួលបានពិន្ទុ ៥៣។

សំណួរដូចគ្នាទាក់ទងនឹងសេដ្ឋកិច្ច បង្ហាញថា សម្តេចហ៊ុន សែន ទទួលបានពិន្ទុ៤២ និងលោកសម រង្ស៊ី ទទួលបាន៥១ ខណៈគណបក្សប្រជាជនកម្ពុជា ទទួលបានពិន្ទុ៤២ និងគណបក្សសង្គ្រោះជាតិ ទទួលបានពិន្ទុ៥២។សម្រាប់សំណួរដែលទាក់ទងនឹងការប្រឆាំងអំពើពុករលួយ បង្ហាញថា សម្តេចហ៊ុន សែន ទទួលបានពិន្ទុ៣១ និង លោកសម រង្ស៊ី ទទួលបាន៦៩ ខណៈគណបក្សប្រជាជនកម្ពុជាទទួលបានពិន្ទុ៣២ និងគណបក្សសង្គ្រោះជាតិ ទទួលបានពិន្ទុ៦០។

ចំពោះសំណួរថា តើឃាតកម្មបាញ់សម្លាប់ លោកកែម ឡី បានធ្វើឱ្យអ្នកខ្វល់ខ្វាយពីនីតិរដ្ឋនៅកម្ពុជាដូចម្តេចខ្លះ? ចម្លើយនៅក្នុងការស្ទាបស្ទង់អន្តរជាតិនោះ បង្ហាញថា អ្នកជឿជាក់លើប្រព័ន្ធយុត្តិធម៌សព្វថ្ងៃ ទទួលបានពិន្ទុ១៨ ខណៈអ្នកមិនជឿជាក់ទទួលបានពិន្ទុដល់ទៅ៦៦។ ប៉ុន្តែ វិស័យផ្សេងទៀតជាច្រើន រួមមានដូចជាការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ស្ពានថ្នល់ និងវិស័យអប់រំជាដើម បានបង្ហាញថា សម្តេចហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ទទួលពិន្ទុបានល្អ ជាងលោកសម រង្ស៊ី និងគណបក្សសង្គ្រោះជាតិ។

លោកសម រង្ស៊ី ថ្លែងក្នុងឱកាសជួបសមាជិកគណបក្សសង្គ្រោះជាតិ នៅទីក្រុងឡុងប៊ិច

យោងតាមបណ្តាញសង្គម LinkedIn បានបង្ហាញថា SHAVIV STRATEGY & CAMPAIGNS គឺជាស្ថាប័នផ្តល់ប្រឹក្សាយោបល់ខាងនយោបាយលំដាប់ពិភពលោក ដោយមានជំនាញខាងរៀបចំយុទ្ធនាការបោះឆ្នោតឱ្យទទួលបានជោគជ័យ។ ហើយការស្ទង់មតិដែលត្រូវបានទម្លាយដោយអតីតមេបក្សប្រឆាំងរូបនេះ ត្រូវបានគេសាកសួរទៅកាន់មនុស្សដែលជាសំណាក ចំនួន ៥៣៧៩នាក់ តាមរយៈវិធីសាស្ត្រសម្ភាសន៍ទល់មុខគ្នា នៅចន្លោះថ្ងៃទី២២ ខែកញ្ញា រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។

ថ្លែងនៅក្នុងឱកាសជួបជាមួយសមាជិកគណបក្សសង្គ្រោះជាតិ នៅទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែមិថុនា ត្រូវនឹងថ្ងៃទី១៩ មិថុនា ឆ្នាំ២០១៧ នៅកម្ពុជា លោក សម រង្ស៊ី ក៏បានបញ្ជាក់ពីបញ្ហានេះដែរ។

គួរបញ្ជាក់ដែរថា សំណេររបស់លោកសម រង្ស៊ី ខាងលើនេះ បានធ្វើឡើង ក្រោយពេលលោកបានទម្លាយបទបញ្ជាសម្ងាត់របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលក្នុងសារសម្ងាត់នោះ បញ្ជាក់ថា បានឱ្យមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ត្រៀមចាប់លោកដាក់គុក នៅពេលលោកវិលត្រឡប់ មកដល់ប្រទេសកម្ពុជាវិញ។

ទោះយ៉ាងណា ពាក់ព័ន្ធនឹងសារសម្ងាត់ ដែលលោកសម រង្ស៊ី បានបង្ហាញនោះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា តាមរយៈបណ្តាញព័ត៌មានក្នុងស្រុក សម្តេចហ៊ុន សែន បានហៅលោកសម រង្ស៊ី ថា ជាមនុស្សល្ងង់ដែលគិតថា បទបញ្ជានោះជារបស់គាត់ ព្រោះថា វាគ្មានត្រា និងហត្ថលេខា។ លើសពីនេះ សម្តេចក៏ចំអកឱ្យលោកសម រង្ស៊ី ទៀតថា ដោយសារចូលចិត្តប្រើប្រាស់ភាសាមួលបង្កាច់ លាបពណ៌គេបែបនេះ ទើបបានចេះតែជាប់គុក បង្កើតរឿងមិនពិតថា ជារឿងពិត រាល់កំហុសរបស់លោកសម រង្ស៊ី គឺកើតឡើងពីទង្វើរបស់ខ្លួនឯងផ្ទាល់។ យ៉ាងណាក៏ដោយ សម្តេចមិនប្តឹងផ្តល់ទេចំពោះរឿងនេះ ព្រោះលោកសម រង្ស៊ី ជាមនុស្សដែលមានទោសស្រាប់ទៅហើយ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកឈឹម ផលវរុណ បានបញ្ជាក់ថា គណបក្សមិនមានប្រតិកម្មអីទេ ព្រោះសារនោះគ្មានមូលដ្ឋាន ច្បាស់លាស់ ឬគ្រាន់តែជាការអះអាងរបស់លោក សម រង្ស៊ី ដែលអត់មានច្បាស់លាស់ខ្លួនឯង។

ដោយឡែក ពាក់ព័ន្ធនឹងការស្ទាបស្ទង់របស់អង្គការអន្តរជាតិ ដែលលោកសម រង្ស៊ី លើកយកមកបង្ហាញនោះ ត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកឈឹម ផលវរុណ បញ្ជាក់ថា រឿងការស្ទង់មតិ ជាសិទ្ធិសេរីភាព របស់គណបក្សនីមួយៗទេ មិនសំខាន់ទៅលើអ្វីទេ គ្រាន់តែសម្រាប់ការរៀបចំយុទ្ធសាស្ត្រ។ ប៉ុន្តែ គណបក្សប្រជាជនកម្ពុជា មិនភ្ញាក់ផ្អើលឡើយ ព្រោះការប្រកាសថា ឈ្នះ គ្រាន់តែជាការរវើរវាយរបស់អតីតមេបក្សប្រឆាំង លោកសម រង្ស៊ី តែប៉ុណ្ណោះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាម្នាក់ទៀត លោកសុខ ឥសាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ថា គណបក្សប្រជាជនកម្ពុជា ពិតជាមិនចាប់អារម្មណ៍ទេ ព្រោះការស្ទាបស្ទង់មតិនេះ គ្រាន់តែជាការប្រឌិតបង្កើតរបស់លោកសម រង្ស៊ី ដោយខ្លួនឯង ដើម្បីចង់បានប្រជាប្រិយប៉ុណ្ណោះ តែតាមពិតជាចេតនាទុច្ចរិតរបស់លោកសម រង្ស៊ី ដែលប្រឌិតរឿងមួយទៅរឿងមួយ ដើម្បីវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “វាមិនមានការចាប់អារម្មណ៍ទេ ពីព្រោះ សម រង្ស៊ី បានបញ្ចប់ជីវិតនយោបាយរបស់ខ្លួន ហើយទៅបណ្តែតបណ្តោយពោងពាយនៅកណ្តាលឯមហាសាគរ នាយសមុទ្ររួចទៅហើយ អ៊ីចឹងទេ នេះគេហៅថា ឧបាយកលទុច្ចរិតរបស់ សម រង្ស៊ី ចង់ឱ្យមានការចាប់អារម្មណ៍ពីមហាជន ប្រជាជន ទាំងក្នុងនិងក្រៅប្រទេសតែប៉ុណ្ណោះ។ អ៊ីចឹងប៉ុន្មានថ្ងៃនេះ គាត់ប្រឌិតរឿង២ធំៗហើយ រឿងទី១ ថា សម្តេចហ៊ុន សែន គឺមានផែនការបញ្ជាកងទ័ពឱ្យគេចាប់គាត់។ អាហ្នឹងយើងឃើញហើយ មានរឿងអីចាំបាច់ទៅបង្កើតកងទ័ពឱ្យទៅចាប់សម រង្ស៊ី? ឱ្យតែមកជិះកប៉ាល់ហោះមក ប្រើតែប៉ូលិសតែ២នាក់ហ្នឹង គេចាប់បានហើយ។ ទី២ សម រង្ស៊ី បង្កើតហៅថា ការស្ទង់មតិរបស់ខ្លួន ដែលខ្លួនមានប្រជាប្រិយភាព អាហ្នឹងហើយ ចង់លើកតម្កើងខ្លួនឯង។ អ៊ីចឹងទេ វាអត់ផ្លូវទេ ខ្ញុំយល់ថា ការដែលផ្តល់ព័ត៌មាន ទោះព័ត៌មានថា សម្ងាត់មិនសម្ងាត់យ៉ាងណាក៏ដោយ វាគ្រាន់តែជាឧបាយកលរបស់សម រង្ស៊ី ដើម្បីឱ្យប្រជាពលរដ្ឋចាប់អារម្មណ៍ពីរឿងខ្លួនឯងដែលបញ្ចប់ជីវិតនយោបាយរួចទៅហើយ។ បានន័យថា ការស្ទង់មតិរបស់អង្គការអន្តរជាតិ នេះ រឿងសម រង្ស៊ី អ្នកបង្កើតខ្លួនឯងទេ មិនមានការពិតទេ ខ្ញុំយល់ថា អត់មានការពិតទេ អ៊ីចឹងទេសម រង្ស៊ី បង្កើតព័ត៌មានខ្លួនឯង ដើម្បី ឱ្យគេចាប់អារម្មណ៍លើខ្លួនតែប៉ុណ្ណោះ។ ករណីនេះ គណបក្សមិនបាច់ធ្វើការស្រាវជ្រាវស្អី យើងស្រាវជ្រាវផុតពីរឿងមួយទៅរឿងមួយ ចេញរឿងមួយទៀតហើយ គឺសម រង្ស៊ី យើងដឹងហើយ ពោរពេញទៅដោយល្បិចកលទុច្ចរិត មិនបាច់ថា ខ្វល់ខ្វាយពីគាត់ទេ”៕

កុលបុត្រ

RELATED ARTICLES