ខេត្តកំពត ៖ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងណែនាំដល់មេឃុំ-ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោតថ្មី របស់គណបក្សសង្គ្រោះជាតិ ឱ្យបែងចែកគ្នាឱ្យដាច់រវាងកិច្ចការបម្រើ គណបក្ស និងតួនាទីបម្រើរាស្ត្រ បម្រើជាតិ មិនត្រូវយកសាលាឃុំ-សង្កាត់ តួនាទីឬម៉ោងការងាររបស់រដ្ឋ មកធ្វើកិច្ចការបក្សនោះទេ។
ថ្លែងនៅក្នុងវេទិកាជួបជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោត ខេត្តកំពត-កែប នៅទីស្នាក់ការគណបក្សខេត្តកំពត នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ លោកកឹម សុខា បានមានប្រសាសន៍ថា “ខ្ញុំសូមបញ្ជាក់ថា ទោះបីជាកិច្ចការមានច្រើន តែរឿងសំខាន់បម្រើជាតិ និងប្រជាពលរដ្ឋខ្មែរ។
ជាមួយគ្នានេះ អស់លោកលោកស្រី ក៏មានកិច្ចការក្នុងនាមគណបក្សសង្គ្រោះជាតិផងដែរ។ ក៏ប៉ុន្តែកិច្ចការគណបក្ស និងតួនាទីជាមេឃុំ-ចៅសង្កាត់ ជាក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបែងចែកគ្នាឱ្យដាច់ មិនត្រូវយកតួនាទី សាលាឃុំ-សង្កាត់ មកធ្វើកិច្ចការឱ្យគណបក្សដូចគេនោះទេ។ ត្រូវយកសាលាឃុំ-សង្កាត់ តួនាទី ឬម៉ោងការងាររបស់ រដ្ឋ មកធ្វើកិច្ចការបម្រើជាតិ បម្រើប្រជាពលរដ្ឋខ្មែរ។
គណបក្សសង្គ្រោះជាតិ បានត្រៀមខ្លួនជាស្រេច ដើម្បីជួយដល់អស់លោកលោកស្រី ទាំងការពង្រឹងស្មារតីបម្រើជាតិ និងទាំងកិច្ចការបច្ចេកទេសក្នុងការដឹកនាំមូលដ្ឋានផងដែរ”។
ដោយឡែក ថ្លែងនៅក្នុងវេទិកា “ថ្លែងអំណរគុណម្ចាស់ឆ្នោត” នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ លោកកឹម សុខា បានបញ្ជាក់ថា “សូមឱ្យក្រុមប្រឹក្សាជាប់ឆ្នោតឃុំ-សង្កាត់ នៃ គណបក្សសង្គ្រោះជាតិទាំងអស់គ្នាចងចាំថា ខ្លួនយើងមានតួនាទី ជាអ្នកបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ ក្នុងមូលដ្ឋានរបស់ខ្លួន។
យើងមានកិច្ចការច្រើនដែលត្រូវធ្វើ ប៉ុន្តែអ្វីដែលសំខាន់ចំពោះមុខនេះ ខ្ញុំសុំឱ្យអស់លោក លោកស្រី ត្រូវក្តាប់ឱ្យបានច្បាស់ ក្នុងមូលដ្ឋានខ្លួន អំពីចំនួនប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោត ហើយលើកទឹកចិត្តគាត់ឱ្យទៅចុះឈ្មោះបោះឆ្នោត។
ជាមួយគ្នានេះដែរ ខ្ញុំក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ពិសេសយុវជនដែលទើបគ្រប់អាយុបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ តទៅ។
ខ្ញុំសូមរំលឹកថា មុននឹងអាចចុះឈ្មោះបាន បងប្អូនត្រូវមានអត្តសញ្ញាណប័ណ្ណ។ បងប្អូនអាចទៅធ្វើអត្តសញ្ញាណប័ណ្ណបាននៅប៉ុស្តិ៍ប៉ូលិសរដ្ឋបាលឃុំ-សង្កាត់ ឬអធិការក្រុង ស្រុក ខណ្ឌ ជារៀងរាល់ថ្ងៃ រៀងរាល់ម៉ោងធ្វើការ និងមិនគិតថ្លៃ ៕