Wednesday, February 25, 2026
Homeនយោបាយអ្នកវិភាគថា យុត្តិធម៌ គឺជាទឹកបន្សារ ផ្សារភ្ជាប់ការបែកបាក់សង្គម

អ្នកវិភាគថា យុត្តិធម៌ គឺជាទឹកបន្សារ ផ្សារភ្ជាប់ការបែកបាក់សង្គម

ភ្នំពេញ ៖ អ្នកវិភាគ បានលើកឡើងថា មូលហេតុដែលនាំឲ្យមានការបែកបាក់សង្គម ឬសង្គមមិនសូវមានសាម គ្គីភាព ហើយចេះតែមានទំនាស់នឹងគ្នា គឺទាក់ទងរឿងបញ្ហាយុត្តិធម៌ ដែលរាប់តាំងពីយុត្តិធម៌នៅក្នុងការបែងចែកភោគផល ការធ្វើបាន ឬក៏ការរីកចម្រើនរបស់សង្គម ព្រោះយុត្តិធម៌ គឺជាទឹកបន្សារ ដើម្បីផ្សារភ្ជាប់ការបែកបាក់សង្គម ដែលចាំបាច់សម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ប្រសិនបើទទួលនិងប្រកាន់យកបាន គ្រប់យ៉ាងនឹងមានភាពល្អប្រសើរ ហើយសង្គម នឹងរស់នៅ ឬអាចអភិវឌ្ឍទៅបានដោយមិនមានការភ័យខ្លាចនោះទេ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានលើកឡើងថា ភាពយុត្តិធម៌ គឺជាទឹកបន្សារ ដើម្បីផ្សារភ្ជាប់ការបែកបាក់នៃសង្គម ឬជាសសរស្ដម្ភ នៃសាមគ្គីភាពជាតិ ពីព្រោះទាល់តែមានយុត្តិធម៌ ទើបធ្វើឲ្យមនុស្សទាំងអស់គ្នា មានសេចក្ដីសុខ ទាំងផ្លូវកាយ និងផ្លូវចិត្ត កើតឡើង មានស្មារតីនៅក្នុងការរួបរួមសាមគ្គីគ្នា ចូលរួមនៅក្នុងការធ្វើអ្វីមួយ ដើម្បីជាប្រយោជន៍រួមនៅក្នុងសង្គម ។ កាលណាមានយុត្តិធម៌ មនុស្សមានការពេញចិត្តចំពោះសង្គមដែលខ្លួនរស់នៅ ចំពោះអ្នកដទៃ ឬប្រ ជាពលរដ្ឋដែលជាសមាជិកសង្គមដូចគ្នា ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ថា “បាទ! តាម ពិតទៅ មូលហេតុដែលនាំឲ្យមានការបែកបាក់សង្គម ឬក៏សង្គមហ្នឹងមិនសូវមានសាមគ្គីភាព ហើយចេះតែទាស់គ្នា មានទំនាស់ហ្នឹង គឺទាក់ទងរឿងបញ្ហាយុត្តិធម៌ហ្នឹងឯង រាប់តាំងពីយុត្តិធម៌នៅក្នុងការបែងចែកផល ភោគ ផល ការធ្វើបាន ឬក៏ការរីកចម្រើនរបស់សង្គម ដែលនៅក្នុងភាសាបច្ចេកទេស គេហៅថា “យុត្តិធម៌សង្គម” ហ្នឹង និងយុត្តិធម៌ទាក់ទងនឹងការផ្ដល់រង្វាន់ និងការផ្ដន្ទាទោសចំពោះការធ្វើបានល្អ និងការប្រព្រឹត្តខុស ដែលយើងច្រើននិយាយថា ដាក់ទោសតាមច្បាប់ ដោយប្រើប្រព័ន្ធតុលាការ និងប្រព័ន្ធរដ្ឋបាល ។ នៅក្នុងសង្គម តាំងពីបុរាណកាល មកបច្ចុប្បន្នមក បើយើងសិក្សាមើលទៅពីប្រវត្តិរបស់មនុស្សជាតិហ្នឹង គឺរឿងអយុត្តិធម៌នេះ ជាមូលហេតុដើមចមមួយដែលធ្វើឲ្យមានការបែកបាក់ ការប្រេះឆា រហូតទៅដល់កើតទៅជាទំនាស់ស្រួចស្រាល់ និងឈានទៅដល់សង្រ្គាមស៊ីវិលនៅក្នុងសង្គម នៅក្នុងប្រទេសផងដែរ ពីព្រោះនៅពេលដែលសង្គមមួយ វាមានភាពអយុត្តិធម៌ រាប់តាំងពីគម្លាតរវាងអ្នកមាននិងអ្នកក្រនោះវាខ្លាំងពេក អ្នកមានអំណាច អ្នកកាន់អំណាច អ្នក មានទ្រព្យសម្បត្តិហ្នឹង ជិះជាន់គាបសង្កត់ទៅលើអ្នកមិនមានអំណាច ឬក៏ប្រជាពលរដ្ឋធម្មតាហ្នឹង ធ្វើឲ្យមាន កំហឹងសង្គម ផុសឡើង ហើយកាលណាមានកំហឹង មានការមួម៉ៅក្ដៅក្រហាយ មិនសប្បាយចិត្តហើយ មនុស្សនឹងបែកខ្ញែកគ្នា រាប់តាំងពីការគិត ការប្រព្រឹត្តនៅក្នុងការរស់នៅប្រចាំថ្ងៃ ការចូលរួមនៅក្នុងសង្គម ដែលតិចឬច្រើន ប្រសិនបើកម្សួលនៃកំហឹងសង្គម និងភាពអយុត្តិធម៌ហ្នឹង វាកាន់តែខ្លាំងទៅ កម្រិតនៃការបែកបាក់ ភាពស្ដើងនៃសាមគ្គីភាព ធ្វើឲ្យវាមានកាន់តែខ្លាំងដែរ ។ ហេតុនេះហើយបានជាខ្ញុំលើកឡើងថា ភាពយុត្តិធម៌ហ្នឹង គឺជាទឹកបន្សារ ដើម្បីផ្សារភ្ជាប់ភាពបែកបាក់នៅក្នុងសង្គម ឬក៏គឺជាសសរស្ដម្ភនៃសាមគ្គីភាពជាតិ ពីព្រោះទាល់ តែមានយុត្តិធម៌ ទើបធ្វើឲ្យមនុស្សទាំងអស់គ្នាហ្នឹង មានសេចក្ដីសុខផ្លូវកាយ ហើយនិងមានទាំងសេចក្ដីសុខ ផ្លូវចិត្តកើតឡើង ដែលអាចមានស្មារតីនៅក្នុងការរួបរួមសាមគ្គីគ្នា ចូលរួមនៅក្នុងការធ្វើអ្វីមួយ ដើម្បីជាប្រយោ ជន៍រួមនៅក្នុងសង្គម ពីព្រោះកាលណាមានយុត្តិធម៌ មនុស្សមានការពេញចិត្តចំពោះសង្គមដែលយើងរស់នៅ ចំពោះអ្នកដទៃ នៅក្នុងប្រជាពលរដ្ឋដែលជាសមាជិកសង្គមដូចគ្នា ។ ដូច្នេះគេមានអារម្មណ៍ថា គេគឺជាចំណែកមួយរបស់សង្គម ដែលមិនអាចខ្វះបាន ហើយគេត្រូវការសង្គមហ្នឹង ដើម្បីឲ្យខ្លួនក្លាយទៅជាចំណែកមួយកាន់តែស្អិតល្មួតនៅក្នុងសង្គមហ្នឹង គឺត្រូវតែបង្កើននូវសាមគ្គីភាព បង្កើនការចូលរួមនៅក្នុងសង្គម“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តថា “ដោយឡែក យើងមើលនៅក្នុងស្រុកខ្មែរយើង យើងឃើញតឹកតាងជាច្រើន រាប់តាំងពីការបែកបាក់គ្នា ដែលយើងអាចមើលឃើញច្បាស់ហ្នឹង គឺនៅចុងសម័យសង្គមរាស្រ្តនិយម និងសម័យលន់ នល់ នៃកំណត់ត្រាប្រវត្តិសាស្រ្ត ក៏ដូចជាអក្សរសិល្ប៍ ដែលសរសេរនៅក្នុងសម័យហ្នឹង គឺសុទ្ធតែបានឆ្លុះបញ្ចាំងឲ្យឃើញអំពីភាពអយុត្តិធម៌ អំពើពុករលួយ ការគាបសង្កត់វណ្ណៈ ការរើសអើងវណ្ណៈនៅក្នុងសង្គម ការរើសអើងបែបនយោបាយ ដែលធ្វើឲ្យសង្គមហ្នឹងវាប្រេះស្រាំ រហូតដល់បែកបាក់ បែងចែងទៅជាខ្មែរស ខ្មែរក្រហម ខ្មែរសេរី ខ្មែរអីអ៊ីចឹងទៅ ច្រើនបក្ស ច្រើនពួក រហូតទៅដល់ប្រទេសទាំងមូលធ្លាក់ចូលទៅក្នុងរបបប្រល័យពូជសាសន៍ របបខ្មែរក្រហម ដែលបានធ្វើឲ្យប្រជាពលរដ្ឋយើងស្លាប់រាប់លាននាក់ ហើយតឹកតាងជាក់ស្ដែងមួយដែរ ដែលកាន់តែច្បាស់នោះ គឺនៅសម័យខ្មែរក្រហម ដែលការគ្រប់គ្រង ការដឹក នាំហ្នឹង វាគ្មានយុត្តិធម៌ មិនបានបម្រើប្រជាពលរដ្ឋ ឬក៏ឲ្យប្រជាពលរដ្ឋហ្នឹងមានហូប មានចុក មានសិទ្ធិ មានសេរីភាពនៅក្នុងការរស់នៅឲ្យបានត្រឹមត្រូវ ទីបញ្ចប់គឺរបបហ្នឹងបានដួលរលំ បានអាយុកាលជិត៤ឆ្នាំ ។ ដូច្នេះជាមេរៀនមួយសម្រាប់កម្ពុជាយើង ពីអតីតកាល ដែលយើងមិនត្រូវភ្លេច ហើយសម្រាប់ក្ដីសុបិនរបស់កម្ពុជា នៅក្នុងការពង្រឹងនិងពង្រីកសាមគ្គីភាពជាតិ ដើម្បីក្លាយទៅជាកម្លាំងដឹកនាំកម្ពុជា ឆ្ពោះទៅរកគោលដៅ ឬក៏ ក្ដីសុបិន ឲ្យក្លាយជាប្រទេសអ្នកមាននៅក្នុងឆ្នាំ២០៥០ ខាងមុខ បើយើងចង់ទៅឆ្ងាយ ទាល់តែយើងខំប្រឹងទាំង អស់គ្នា ដូចសុភាសិតថា បើចង់ទៅលឿន ឲ្យទៅម្នាក់ឯង បើចង់ទៅយូរអង្វែង ឬក៏ចង់បានទៅឆ្ងាយ ទៅទាំងអស់គ្នា ហើយដើម្បីឲ្យទៅទាំងអស់គ្នាបាន វាត្រូវមានសាមគ្គីភាព មានចរន្តនិយមមួយ ទាល់តែយើងរកអីមកផ្សារ រកអីមកស្ល ហើយសម្រាប់ខ្ញុំមើលឃើញថា ឱកាសដែលធ្វើឲ្យសង្គមប្រកបដោយយុត្តិធម៌ហ្នឹង គឺជាលក្ខ ណៈប្រកបដែលចាំបាច់បំផុត ដើម្បីបង្កើន ដើម្បីពង្រឹងនិងពង្រីកសាមគ្គីជាតិនៅក្នុងប្រទេសយើងបាន“ ។

 លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តទៀតថា “ការធ្វើឲ្យមានយុត្តិធម៌នៅក្នុងសង្គមហ្នឹង គឺយើងមានតែប្រើយន្តការច្បាប់ ហើយយើងមានច្បាប់ហើយ កម្ពុជាយើង មានច្បាប់ច្រើន បើយើងនិយាយពីច្បាប់ហ្នឹង គឺច្បាប់យើងនៅច្រើន មិនសូវជាខ្វះទេ ប៉ុន្តែអ្វីដែលយើងខ្វះនេះ យើងខ្វះការអនុវត្តច្បាប់ហ្នឹង ឲ្យមានយុត្តិធម៌ទៀត រាប់តាំងពីច្បាប់ចរាចរណ៍ រហូតទៅដល់ការអនុវត្តច្បាប់រដ្ឋធម្មនុញ្ញនៅក្នុងប្រទេស ហើយនៅក្នុងពិភពលោក បើយើងមើលទៅលើសន្ទស្សន៍យុត្តិធម៌ប្រចាំឆ្នាំ ដែលស្ថាប័នអន្តរជាតិ ធ្វើកិច្ចការងាររឿងហ្នឹង គឺសន្ទស្សន៍យុត្តិធម៌នៅស្រុកខ្មែរយើង នៅទាបជាងគេ នៅក្នុងតំបន់ ហើយបើប្រៀបធៀបជាមួយប្រទេសសិង្ហបុរី ដែលជាសមាជិកមួយ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ហ្នឹង ជាមួយខ្មែរយើងដែរ គឺជាប្រទេសមួយដែលមានសន្ទស្សន៍យុត្តិធម៌ហ្នឹងខ្ពស់ជាងគេបំផុត នៅក្នុងកម្រិតដប់លើដប់ នៅក្នុងពិភព លោក ហើយជាលទ្ធផល យើងឃើញថា សង្គមសិង្ហបុរី ហាហុកសិបឆ្នាំ មកនេះ គេមិនមានបញ្ហារំពើតរពើងទំនាស់ ឬក៏សង្រ្គាមស៊ីវិល ឬក៏បញ្ហាចលាចលឲ្យពលរដ្ឋទេ តែផ្ទុយទៅវិញ យុត្តិធម៌នេះ គឺជាទឺកបន្សារ ធ្វើឲ្យសង្គមគេហ្នឹង វារឹងមាំ ហើយមានការរីកចម្រើនជាប្រចាំ រហូតបានអភិវឌ្ឍន៍ខ្លួនពីកំពង់ផែក្រីក្រមួយ ក្លាយទៅជាប្រទេសអ្នកមានបំផុតមួយនៅក្នុងពិភពលោក ។ អានេះគឺជាតឹកតាង ហើយក៏អាចជាមេរៀនដែលកម្ពុជា យើងអាចដកស្រង់ផងដែរ អំពីភាពចាំបាច់នៃការពង្រឹងនូវប្រព័ន្ធយុត្តិធម៌ និងការធានាបាន បង្កើត ថែរក្សា និងការពារប្រព័ន្ធយុត្តិធម៌ហ្នឹង និងដំណើរការ នៃការគ្រប់គ្រងនិងដឹកនាំប្រទេស ប្រកបដោយយុត្តិធម៌នៅក្នុងសង្គមយើង ។ សរុបទៅ ការផ្ដល់យុត្តិធម៌ ទាក់ទងនឹងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងនយោបាយ ឬក៏យើងហៅថា ការធ្វើនយោបាយ រាប់តាំងពីការបង្កើតគណបក្ស ការឈរឈ្មោះឲ្យគេបោះឆ្នោតខ្លួនឯង និងការកៀង គរអ្នកដទៃដើម្បីទៅចូលរួម ឬក៏បោះឆ្នោតឲ្យគណបក្សដែលគ្រាន់តែសមាជិកសកម្មហ្នឹង អាហ្នឹងក៏ជាសេរីភាពមួយ ហើយការដែលផ្ដល់សេរីភាព និងសិទ្ធិគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋគ្រប់រូបនៅក្នុងសង្គមហ្នឹង ក៏ជាផ្នែកមួយនៃយុត្តិធម៌សង្គមដែរ“ ។

 ស្របគ្នានេះដែរ លោក សេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា យុត្តិធម៌ មិនមែនជាការផ្សារភ្ជាប់នូវការបែកបាក់សង្គមទេ ក៏ប៉ុន្តែវាជាការបញ្ជាក់អំពីភាពត្រឹមត្រូវនៅក្នុងសង្គម ដែលសង្គមមួយ អាចដោះស្រាយបញ្ហាប្រកបទៅដោយតម្លាភាព យុត្តិធម៌ ហើយមានភាពច្បាស់លាស់ មានភ័ស្តុតាងជាសំអាង ។ ដូច្នេះមានតែយុត្តិធម៌ទេ ទើបអាចដោះស្រាយបាន ហើយយុត្តិធម៌ លុះត្រាណាតែភាគីទាំងសងខាងបើកចិត្តទូលាយ ធ្វើការប្រកួតប្រជែងគ្នាតាមរយៈគោលនយោបាយ ឲ្យប្រជាពលរដ្ឋដែលជាម្ចាស់អំណាច ធ្វើការបោះឆ្នោតជ្រើសរើសមេដឹកនាំ ហើយភាគីដែលចាញ់ដឹងចាញ់ ភាគីដែលឈ្នះដឹងឈ្នះ ហើយទម្លាក់ចោលនូវរាល់ភាពមានះដែលធ្វើឲ្យមានការបែកបាក់និងប្រះឆានៅក្នុងសង្គម ពេលនោះឯង គឺសង្គមរបស់យើងនឹងមិនមានការបែងចែក ឬក៏បាក់បែកនោះទេ ។

លោក សេក សុជាតិ បានមានប្រសាសន៍ថា “បាទ! សម្រាប់ខ្ញុំយល់ថា  ភាពយុត្តិធម៌ គឺវាចាំបាច់នៅក្នុងសង្គមមួយ ពីព្រោះនៅពេលដែលភាគីពីរមានទំនាស់ជាមួយគ្នា គឺតែងតែមានម្ខាងខុស ម្ខាងត្រូវ ហើយដើម្បីឲ្យភាគីទាំងសងខាងអស់ចិត្ត ហើយពួកគាត់អាចទទួលយកបានទាំងអស់គ្នា លុះត្រាណាតែមានភ័ស្តុតាងបញ្ជាក់ពីភាពត្រឹមត្រូវនៃភាគីណាមួយ ហើយបង្ហាញភ័ស្តុតាងថា ភាគីមួយទៀត គឺមានកំហុសច្បាស់លាស់ ។ ដូច្នេះយុត្តិធម៌ គឺមិនមែនជាការផ្សារភ្ជាប់នូវការបែកបាក់សង្គមទេ ក៏ប៉ុន្តែវាគឺជាការបញ្ជាក់អំពីភាពត្រឹមត្រូវនៅក្នុងសង្គម ដែលសង្គមមួយ អាចដោះស្រាយបញ្ហាប្រកបទៅដោយតម្លាភាព យុត្តិធម៌ ហើយមានភាពច្បាស់លាស់ មានភ័ស្តុតាងជាសំអាង ហើយចំពោះសង្គមរបស់យើងក៏ដូចគ្នាដែរ នៅពេលដែលភាគីទាំងសងខាងមានទំ នាស់ជាមួយគ្នា ហើយប្រកាន់នូវគោលការណ៍យុត្តិធម៌ ខុសដឹងខុស ត្រូវដឹងត្រូវ ហើយឲ្យច្បាប់ជាអ្នកសម្រេច ដោយឈរទៅលើមូលដ្ឋាននីតិរដ្ឋច្បាស់លាស់ ។ ពេលនោះឯង គឺសង្គមរបស់យើងនឹងមិនមានការបែងចែក ឬក៏បាក់បែកគ្នានោះទេ ហើយជាពិសេសគឺយើងឃើញហើយថា អ្នកនយោបាយ ក៏ដូចជាមេដឹកនាំនៅក្នុងសង្គមរបស់យើង ពេលខ្លះយើងឃើញហើយថា ពួកគាត់មានទំនាស់ជាមួយគ្នា ដោយប្រកាន់ពីគោលជំហរត្រូវរៀងខ្លួន មិនមាននរណាម្នាក់ទទួលយកនូវកំហុស ឬក៏មិនទទួលយកនូវការពិត ដែលភាគីម្ខាងទៀតបានលើក ឡើងនោះទេ ទាំងសងខាងគឺប្រកាន់យកត្រូវដូចគ្នា ។ ដូច្នេះមានតែយុត្តិធម៌ទេ ទើបអាចដោះស្រាយបាន ហើ យយុត្តិធម៌ លុះត្រាណាតែភាគីទាំងសងខាងបើកចិត្តទូលាយ ធ្វើការប្រកួតប្រជែងគ្នាតាមរយៈគោលនយោ បាយ ឲ្យប្រជាពលរដ្ឋដែលជាម្ចាស់អំណាច ធ្វើការបោះឆ្នោតជ្រើសរើសមេដឹកនាំ ហើយភាគីដែលចាញ់ដឹងចាញ់ ភាគីដែលឈ្នះដឹងឈ្នះ ហើយទម្លាក់ចោលនូវរាល់ភាពមានះដែលធ្វើឲ្យមានការបែកបាក់និងប្រះឆានៅក្នុងសង្គមរបស់យើង ហើយយុត្តិធម៌នេះ គឺវាចាំបាច់សម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ប្រសិនជាពួកគាត់ទទួលយកបាន ប្រកាន់យកបាន ខ្ញុំជឿជាក់ថា គ្រប់យ៉ាងនឹងមានភាពល្អប្រសើរ ហើយសង្គមរបស់យើង នឹងរស់នៅឬក៏អាចអភិវឌ្ឍទៅបាន ដោយមិនមានការភ័យខ្លាចនោះទេ“ ៕ កុលបុត្រ

RELATED ARTICLES