ការសិក្សាថ្មីមួយបានរកឃើញថា ព្រះចន្ទដែលនៅចម្ងាយ ៣៨៤ ៤០០គីឡូម៉ែត្រ គឺទទួលបានខ្យល់អុកស៊ីហ្សែនពីភពផែនដីរាប់ពាន់លានឆ្នាំមកហើយ។
ការសិក្សាដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រសាកលវិទ្យាល័យ អូសាកា ប្រទេសជប៉ុន បង្ហាញថា រយៈពេល៥ថ្ងៃក្នុងមួយខែ ផែនដីបានរាំងខ្ទប់ខ្យល់ព្រះអាទិត្យមិនឱ្យបក់ចូលដល់ភពព្រះចន្ទ។ អំឡុងពេលនោះ ផែនដីក៏បាញ់បំផ្លោងខ្យល់អុកស៊ីហ្សែន (អ៊ីយ៉ុង) លើភពព្រះចន្ទ។ បន្ទាប់មកអ៊ីយ៉ុងទាំងនោះក៏ជ្រៀតចូលក្នុងស្រទាប់ដីភពព្រះចន្ទ។ តាមអ្នកវិទ្យាសាស្ត្រ បាតុភូតនេះបានកើតមានតាំងពីពេលខ្យល់អុកស៊ីហ្សែន ចាប់កំណើតលើភពផែនដី ២,៥ពាន់លានឆ្នាំមកម៉្លេះ។
ក្រុមអ្នកស្រាវជ្រាវនិយាយថា លទ្ធផលលើកនេះមានន័យថា គេអាចសិក្សាពីដីលើភពព្រះចន្ទ ដើម្បីស្វែងយល់ពីប្រវត្តិបរិយាកាសលើផែនដីពីបុរាណកាល។ ទោះជាយ៉ាងនេះក្តី ពួកគេអះអាងថា ខ្លួនពិតជា ពិបាកបែងចែកឱ្យដាច់ពីគ្នារវាងខ្យល់ព្រះអាទិត្យ និងខ្យល់ផែនដី ៕