ខេត្តព្រៃវែង ៖ ក្មេងប្រុសស្រីតូចៗ ចំនួន៣នាក់ ឆ្លៀតពេលឪពុកម្តាយរវល់ការងារភ្លេចខ្លួន នាំគ្នាចុះទៅលេងទឹក ខណៈដែលរដូវវស្សា ទឹកកំពុងឡើងខ្លាំងផង រួចក៏រអិលជើងធ្លាក់ចូលទឹកជ្រៅ បណ្តាលលង់ស្លាប់ទាំង៣នាក់បងប្អូន។

ករណីក្មេង៣នាក់បងប្អូន លង់ទឹកស្លាប់នេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នៅចំណុចភូមិក្រាំងក្រូច ឃុំកំពង់ប្រាសាទ (ជាប់ឃុំក្រាំងតាយ៉ង) ស្រុកពាមជរ ខេត្តព្រៃវែង។
ក្មេងរងគ្រោះទាំង៣នាក់ រួមមាន ទី១-ឈ្មោះ ផា ស្រីនាង ភេទស្រី អាយុ៨ឆ្នាំ ទី២-ឈ្មោះ សល សរ ភេទប្រុស អាយុ១០ឆ្នាំ និងទី៣-ឈ្មោះ សល រចនា ភេទស្រី អាយុ៦ឆ្នាំ។ ក្មេងប្រុសស្រីទាំង៣នាក់ ត្រូវជាបងប្អូន និងមានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលឪពុកម្តាយជាប់រវល់ការងារភ្លេចខ្លួន ស្រាប់ តែក្មេងប្រុសស្រី ទាំង៣ នាក់បងប្អូន បាននាំគ្នាដើរលេងនៅចំណុចមាត់ទឹក ខណៈដែលរដូវវស្សា ទឹកកំពុងឡើងខ្លាំងផង រួចរអិលជើងធ្លាក់ទឹកជ្រៅ បណ្តាលឱ្យលង់ស្លាប់ ទាំង៣នាក់បងប្អូនតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបានសន្និដ្ឋានថា ក្មេងរងគ្រោះទាំង៣នាក់ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សពក្មេងរងគ្រោះទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕