ភ្នំពេញ ៖ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងថា ទោះបីមានគំនាបនយោបាយយ៉ាងណាក៏ដោយ ក៏លោកមានជំនឿថា គណបក្សសង្គ្រោះជាតិនឹងអាចធ្វើដំណើរទៅមុខ ឆ្ពោះទៅរកជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០១៨ នាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានបាន ឱ្យតែមានគោលដៅច្បាស់លាស់ មានយុទ្ធសាស្ត្រឈ្លាសវៃ និងធ្វើសកម្មភាពតាមផែនការកំណត់។
លោកកឹម សុខា បានថ្លែងបែបនេះ ក្នុងឱកាសដែលលោកបានចុះទៅជួបថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មូលដ្ឋានខេត្តក្រចេះ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ ខណៈ ដែលមុននេះ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ រួចមកបង្ហាញថា គណបក្សសង្គ្រោះជាតិ ទទួលបានអាសន៉មេឃុំ-ចៅសង្កាត់ សរុប ចំនួន៤៨៩ ចំណែកគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈមេឃុំ-ចៅសង្កាត់ សរុបចំនួន ១១៥៦ នោះមក លោកកឹម សុខា តែងថ្លែងថា តាមរយៈលទ្ធផលនៃការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧នេះ បង្ហាញថា ចរន្តនៃការផ្លាស់ប្តូរ ខ្លាំងក្លាដូចទឹកបាក់ទំនប់ដែលនឹងនាំឱ្យគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត បានដឹកនាំប្រទេសយ៉ាងពិតប្រាកដ នៅឆ្នាំ២០១៨ខាងមុខ។
លោកកឹម សុខា បានថ្លែងនៅពេលនោះថា “ទោះបីមានគំនាបនយោបាយយ៉ាងណាក៏ដោយ ឱ្យតែយើងមានគោលដៅច្បាស់លាស់ មានយុទ្ធសាស្ត្រឈ្លាសវៃ និងធ្វើសកម្មភាព តាមផែនការកំណត់កុំធ្វើអ្វីតាមតែអារម្មណ៍ រៀងៗខ្លួននោះ ខ្ញុំមានជំនឿថា យើងនឹងអាចធ្វើដំណើរទៅមុខឆ្ពោះទៅរកជ័យជម្នះបាន”។
ជាមួយគ្នានេះ កាលពីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិខេត្តពោធិ៍សាត់ លោកកឹម សុខា បានដឹកនាំប្រជុំថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិខេត្តពោធិ៍សាត់ ដើម្បីស្វែងយល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់គណបក្សកន្លងមក ជាពិសេសជុំវិញការបោះឆ្នោត ដើម្បីលើកយកនូវអនុសាសន៍អនុវត្តផែនការសកម្មភាពបន្តទៀត។
ដោយឡែក កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ថ្លែងនៅក្នុងវេទិកា ជួបជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោត នៅទីស្នាក់ការគណបក្សខេត្តកំពង់ស្ពឺ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បាន បញ្ជាក់ថា “ជាការកត់សម្កាល់ ខ្ញុំឃើញថា ប្រជាពលរដ្ឋខ្មែរភាគច្រើនចង់ឱ្យមានការផ្លាស់ប្តូរ។ ជាពិសេសការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧នេះ បង្ហាញឱ្យឃើញថា សន្ទុះអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ កាន់តែ កើនឡើង ទោះបីនៅមានភាពមិនក្រក្រតីក៏ដោយ។ ក៏ប៉ុន្តែការបោះឆ្នោតឃុំ-សង្កាត់នេះ បានបញ្ចប់ហើយ។
ដូច្នេះ ខ្ញុំសូមឱ្យសកម្មជន និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិយើងទាំងអស់ ផ្តោតលើការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០១៨។ ដើម្បីយកជ័យជម្នះឆ្នាំ២០១៨នេះ យើងត្រូវធ្វើកិច្ចការសំខាន់ ២គឺ ៖
១-ប្រមែប្រមូលកម្លាំងដែលចង់ឱ្យមានការផ្លាស់ប្តូរមកគាំទ្រ មកបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ ឱ្យកាន់តែច្រើនឡើង ជាពិសេស ត្រូវលើកទឹកចិត្តប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ទាំងអ្នកមិនទាន់ចុះឈ្មោះ និងអ្នកទើបគ្រប់អាយុបោះឆ្នោត។ ម៉្យាងទៀត ត្រូវលើកទឹកចិត្តពួកគាត់ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
២-ការពារសន្លឹកឆ្នោតប្រជាពលរដ្ឋខ្មែរ ដែលបានបោះឆ្នោតឱ្យយើងដោយចាប់ផ្តើម ជ្រើសរើសបណ្តុះបណ្តាលភ្នាក់ងារសង្កេតការណ៍ ចាប់ពីពេលនេះតទៅ”។
គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ នេះ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នឹងអញ្ជើញចូលរួមពិធីបុណ្យខួប១ឆ្នាំ របស់លោកបណ្ឌិតកែម ឡី ដែលរៀបចំដោយក្រុមគ្រួសារលោកបណ្ឌិត កែម ឡី នៅទីបញ្ចុះសពឯស្រុកកំណើតលោកកែម ឡី នាភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ផងដែរ៕
ខៀវទុំ