ភ្នំពេញ ៖ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងថា គោលនយោបាយអាទិភាពចំណុច ទី៥ របស់គណបក្សប្រឆាំង ក្នុងការទម្លាក់លុយ៥០ម៉ឺនដុល្លារ ជូន ឃុំ-សង្កាត់ ដើម្បីអភិវឌ្ឍន៍មូលដ្ឋាននោះ គឺ អនុវត្តតាមអនុសាសន៍របស់លោកបណ្ឌិតកែម ឡី ដែលបានផ្តល់មតិណែនាំក្នុងជំនួបពិភាក្សា ជាមួយលោកមុនពេលលោកបណ្ឌិតត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ។
លោកកឹម សុខា បានថ្លែងបញ្ជាក់បែបនេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់ ១ឆ្នាំ របស់លោកបណ្ឌិត កែម ឡី កាលពីរសៀល នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ នៅទឹកដីកំណើតលោកបណ្ឌិតកែម ឡី ស្ថិតក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
លោកកឹម សុខា បានថ្លែងនៅពេលនោះថា “យើងនៅតែទទូចទាមទារ ដើម្បីរកយុត្តិធម៌ឱ្យគាត់ (លោកបណ្ឌិត កែម ឡី) ឱ្យបាន ពីព្រោះខ្ញុំគិតថា វីរភាពប្រហែលលោកបណ្ឌិតកែម ឡី មិនអាចអ្នកណាយកទៅជីកកប់វីរភាពរបស់គាត់បានទេ យកទៅលាក់បាំងបានទេ ហើយយុត្តិធម៌ហ្នឹង ទោះបីមិនរកឃើញពេលនេះ ក៏ប្រជាពលរដ្ឋខ្មែរនៅតែទាមទារឱ្យរកឱ្យឃើញ ការពិតដែរ”។
លោកកឹម សុខា បានបន្ថែមថា “គាត់បានបញ្ចោញនូវទស្សនៈល្អៗ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាសង្គម ហើយអ្វីដែលគណបក្សសង្គ្រោះជាតិ បានទទួលមរតកទស្សនៈពីគាត់ (លោកបណ្ឌិតកែម ឡី) ពីរឿងបញ្ហាអភិវឌ្ឍន៍មូលដ្ឋានហ្នឹងអភិវឌ្ឍន៍ភូមិ-ឃុំហ្នឹង គឺគាត់បានផ្តាំប្រាប់ខ្ញុំផ្ទាល់ថា គាត់មានគំនិតចង់ឱ្យភូមិ-ឃុំ រស់រវើក គឺមានការរីកចម្រើនរស់រវើក ហើយគោលនយោបាយអាទិភាពចំណុចទី៥ របស់គណបក្សសង្គ្រោះជាតិហ្នឹង ការផ្តល់ថវិកាជាតិ ទៅថ្នាក់មូលដ្ឋានហ្នឹងហើយ ជាគំនិតលោក កែម ឡី…”។
គួររំលឹកថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ដែលជាថ្ងៃហែសពលោកកែម ឡី ទៅបញ្ចុះនៅឯស្រុកកំណើត នាខេត្តតាកែវ លោកកឹម សុខា មិនមានឱកាសបានទៅចូលរួមហែសពទេ ដោយសារលោកត្រូវសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ព្រោះខ្លាចមានការចាប់ខ្លួនលោក បន្ទាប់ពីត្រូវបានតុលាការចោទប្រកាន់ ពីបទ “បដិសេធ ក្នុងការចូលខ្លួន” នោះ លោកកឹម សុខា សន្យានឹងយកគំនិតយោបល់ល្អៗរបស់លោកបណ្ឌិត កែម ឡី មកប្រើប្រាស់ក្នុងការអនុវត្តគោល នយោបាយគណបក្សសង្គ្រោះជាតិ ជាពិសេស គោលនយោបាយ “វិមជ្ឈការអំណាច”។
លោកកឹម សុខា បានបញ្ជាក់តាមបណ្តាញសង្គមហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ថា “ជូនចំពោះវិញ្ញាណក្ខន្ធលោកប្អូនបណ្ឌិតកែម ឡី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នេះ បងប្អូនខ្មែរស្នេហាជាតិ ទាំង ប្រុសស្រី ក្មេងចាស់ ព្រះសង្ឃ គ្រហស្ថ បាននិង កំពុងដង្ហែជូនដំណើរសពរបស់លោកប្អូនកែម ឡី ទៅកាន់ទីកន្លែងដែលលោកប្អូន និងក្រុមគ្រួសារ ប្រាថ្នាចង់ទុកដាក់ក្នុងស្រុកកំណើតរបស់យើង នៅស្រុកត្រាំកក់ ខេត្តតាកែវ នោះហើយ។
ក្នុងថ្ងៃនេះដែរ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំនៅចងចាំជានិច្ចនូវពាក្យពេចន៍របស់លោកប្អូន ដែលបាននិយាយនិងពិភាក្សាជាមួយខ្ញុំផ្ទាល់ នូវយោបល់របស់លោកប្អូនផ្តល់ឱ្យខ្ញុំកន្លងមក ក្នុងការរៀបចំសង្គម និងប្រទេសជាតិ ជាពិសេស កម្មវិធីនយោបាយមូលដ្ឋាន “វិមជ្ឈការអំណាច” ដែលលោកប្អូនបានសរសេរឱ្យខ្ញុំនោះ។ ខ្ញុំសូមសន្យាថា ខ្ញុំនឹងយកគំនិតយោបល់ដ៏ល្អៗរបស់លោកប្អូនរៀបចំសង្គម និងដឹកនាំប្រទេសកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋយើង ឱ្យបានតាមបំណងប្រាថ្នារបស់លោកប្អូន នៅពេលដែលខ្ញុំមានឱកាសដឹកនាំប្រទេស។ ខ្ញុំនឹងបន្តដំណើរទៅមុខរហូតដល់គោលដៅដែលប្រជាពលរដ្ឋខ្មែរយើងចង់បាន”។
ទាក់ទងទៅនឹងការស្លាប់របស់លោកបណ្ឌិត កែម ឡី នេះដែរ លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ថា “សពលោក កែម ឡី គួរឋិតនៅក្នុងគុណធម៌ និងសីលធម៌ ជាជាងនយោបាយ ដូចនៅក្នុងសម័យកាលរបប លន់ នល់ ដែលគេសម្លាប់មន្ត្រីរបស់លោកសេនា ប្រមុខលន់ នល់ ដើម្បីសម្ពាធនយោបាយ។ មេរៀនរបស់ខ្មែរ គួរពិចារណា ! សូមវិញ្ញាណក្ខន្ធលោកកែម ឡី ស្ថិតនៅក្នុងភាពក្សេមក្សាន្ត ដើម្បីក្រុមគ្រួសារទទួលបាននូវភាពស្ងប់ស្ងាត់…”។
ដោយឡែកលោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីព្រឹកថ្ងៃ ទី០៩ ខែកក្កដា ឆ្នាំ២០១៧ ទាក់ទងទៅនឹងការស្លាប់របស់លោកបណ្ឌិតកែម ឡី ថា “ព្រឹកនេះ មានសារព័ត៌មាន២ បានសម្ភាសន៍ខ្ញុំទាំងព្រឹក សួរសំណួរដូចគ្នាថា ៖ ហេតុអ្វីបានតាំងពីចូលមកធ្វើនយោបាយក្នុងស្រុក ខ្ញុំមិនដែលចេញមុខទៅធ្វើពិធី ឬរំលឹកខួបអ្នកសំខាន់ ដែលគេបាញ់ស្លាប់ ដូចជា ជា វិជ្ជា (អតីតមិត្តភក្តិ) ឈុត វុទ្ធី ដែលគេធ្វើកន្លងមក និងកែម ឡី ដែលគេនាំគ្នាធ្វើថ្ងៃនេះ?
ចម្លើយ ៖ ពីព្រោះខ្ញុំបែងចែកច្បាស់រវាងការធ្វើបុណ្យខ្មោច និងការធ្វើនយោបាយ។ អ្នកដែលគេសម្លាប់បំបិទមាត់ ដោយសារបញ្ចោញមតិរិះគន់ និងដើម្បីការពារប្រយោជន៍ជាតិទាំងអស់ មិនថា អ្នកល្បី ឬអ្នកមិនល្បី កម្មករ ឬអ្នកនយោបាយ បណ្ឌិត ឬមិនបណ្ឌិត គឺខ្ញុំ គោរពជា “វីរជន” ដូចមានចែងក្នុងបាវចនា គណបក្សអំណាចខ្មែរ។ តែខ្ញុំដឹកនាំគណបក្សអំណាចខ្មែរ គឺមិនធ្វើនយោបាយស៊ីកេរខ្មោច កេងចំណេញលើខ្មោច ឬយកខ្មោចធ្វើអាជីវកម្ម ដាច់ខាត ! ខ្ញុំធ្វើនយោបាយ គឺបង្កើតស្នាដៃ សកម្មភាព និងព្រឹត្តិការណ៍ដោយខ្លួនឯង ឈរលើសមត្ថភាពរបស់ខ្លួន ហើយទាំងអស់នេះ ខ្ញុំធ្វើជាមួយមនុស្សរស់ ដើម្បីយកជ័យជម្នះ អាចរកយុត្តិធម៌ជូនអ្នកស្លាប់ និងក្រុមគ្រួសាររបស់ពួកគេនៅថ្ងៃខាងមុខ។
នយោបាយស៊ីកេរខ្មោច យកខ្មោចបើកផ្លូវនយោបាយ យកកេងចំណេញលើខ្មោចដែលគេបាញ់សម្លាប់ មកធ្វើអាជីកម្ម និងយំយួន ធ្វើស្រណោះស្តាយខ្មោច ទាំងកាលពីគេនៅរស់ នោះ ខ្លួនមិនដែលស្តាប់គេនិយាយ មិនដែល ស្គាល់គេ មិនដែលចូលរួមជាមួយសកម្មភាពគេផងនោះ គឺមិនមែនជាចរិតនយោបាយ ឬស្ទីលរបស់ខ្ញុំ សួន សេរីរដ្ឋា ទេ…”។
គួររំព្ញកថា លោកបណ្ឌិតកែម ឡី អ្នកស្រាវជ្រាវសង្គម ដើម្បីការអភិវឌ្ឍត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ២គ្រាប់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងស្តារម៉ាត ស្ថានីយប្រេងឥន្ធនៈកាល់តិច (ស្តុបបូកគោ) តាមបណ្តោយមហាវិថីព្រះមុនីវង្ស កែងមហាវិថីម៉ៅសេទុង ស្ថិតក្រុម៧៦ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ខណៈដែលលោកកំពុងអង្គុយទទួលទានកាហ្វេនៅទីនោះ។ សពលោកកែម ឡី ត្រូវដង្ហែចេញពីទីតម្កល់សពនាវត្តពោធិយារាម ហៅវត្តចាស់ រាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទឹកដីកំណើតរបស់លោកឯខេត្តតាកែវ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ និងបានបញ្ចុះរួចរាល់ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦៕
ខៀវទុំ