ភ្នំពេញៈ ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោករស់ សារ៉ុម បានហៅរបបកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃថា “របបតិរច្ឆាន” បើទោះបីមុននេះ រាជរដ្ឋា ភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា បានប្រតិកម្មទៅនឹងការហៅពាក្យនេះក៏ដោយ។
លោករស់ សារ៉ុម បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក ក្នុងឱកាសខួបគម្រប់ ១ឆ្នាំ នៃការស្លាប់របស់លោកបណ្ឌិតកែម ឡី អ្នកស្រាវជ្រាវ និងវិភាគនយោបាយសង្គមដ៏ល្បីល្បាញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅថា “អតីតក្មេងវត្តស្ម័គ្របន្តស៊ីកេរយួន កាឡៃប្រវត្តិសាស្ត្រ ចង់ធ្វើជាអគ្គមគ្គុទេសក៍ យួនចូលស្រុកកន្លះប្រទេស អំពើអយុត្តិធម៌សង្គម និងវប្បធម៌និទ្ទណ្ឌភាព កើតមានគ្រប់ទិសទី ចុះវាសនាអនាគតខ្មែរ នឹងទៅជាយ៉ាងណា នៅពេលអតីតក្មេងវត្តបន្តុបក្មេងសាលាឆាន់ឱ្យដឹកនាំប្រទេស បន្តស្មោះស្ម័គ្រ បម្រើ និងស៊ីកេរយួនជាន់កខ្មែរ?
បញ្ជាក់ ៖ យួន ១៩៧៩ មុខមាត់ រូបរាង ភាសា ខុសពីខ្មែរដាច់ ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចជាង៣០ឆ្នាំ សម្តេចបាន កែមុខមាត់ រូបរាង និងភាសាយួន នៅនិងកើតក្នុងស្រុកខ្មែរ តាំងពី១៩៧៩ មក ក្លាយជាខ្មែរសុទ្ធ។
ថ្ងៃនេះ ឆ្នាំមុន ១០ កក្កដា ២០១៦ ប្រហែលម៉ោង១០ព្រឹក លោកបណ្ឌិតកែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់យ៉ាងសាហាវព្រៃផ្សៃ ដោយសារលោកហ៊ាននិយាយបកអាក្រាតការពិតអំពីសង្គមខ្មៅងងឹតមួយនេះ តាំងពីដើមមក របបផ្តាច់ការរណបយួនមួយនេះ មិនហ៊ានប្រឈមការពិតនោះទេ កុំសង្ឃឹមថាទទួលបានយុត្តិធម៌ពីរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានបិតាស្ថាបនិកជា ហូ ជីមិញ នោះ គ្មានផ្លូវឡើយ។ បើសម្តេចយល់ថា ការកម្ទេចអ្នកប្រឆាំងសម្តេច ១០០ ឬ២០០នាក់ ដើម្បីឱ្យសម្តេចអាចការពារអំណាចបន្ត ហើយបម្រើមហិច្ឆតា យួនលើប្រទេសខ្មែរទៀតនោះ សូមសម្តេចកុំភ្លេចថែមខ្ញុំម្នាក់ទៀតផង ខ្ញុំត្រៀមខ្លួនរួចហើយ យ៉ាងច្រើនខ្ញុំទៅមុនសម្តេច ២០ឆ្នាំ ប៉ុន្តែ២០ក្រោយ ខ្ញុំនៅតែជាយុវជនខ្មែរ ដែលប្រឆាំងនឹង របបតិរច្ឆាននេះដដែល។ យ៉ាងណាក៏ដោយ សម្តេច ខ្ញុំបានមើលតារាសាស្ត្ររួចហើយ អ្នកដែលទៅមុន មិនមែនខ្ញុំទេ គឺ ២០១៨ សម្តេច និងគណបក្សប្រជាជនកម្ពុជា មិនស្លាប់ និងរលាយទេ ប៉ុន្តែងើបលែងរួច។ បើចង់ប្រឆាំងព្រហ្មលិខិត ចង់ឱ្យខ្ញុំទៅមុន ខ្ញុំត្រៀមខ្លួនរួចហើយ ប៉ុន្តែខ្ញុំទៅដោយអស់ចិត្ត បើខ្ញុំមិនបានឃើញផ្ទាល់ភ្នែក ក៏វិញ្ញាណខ្ញុំនៅសាទរ នៅពេលឃើញខ្មែរអស់ពី របបសម្តេច មានអធិបតេយ្យភាព សន្តិភាព សេរីភាព យុត្តិធម៌សង្គម និងការអភិវឌ្ឍពេញលេញ ពិតប្រាកដ មិនមែនក្លែងក្លាយដូចបច្ចុប្បន្ននោះទេ។ សូមសម្តេច គិតជាតិខ្លះផង ១៩៧៩ ដល់បច្ចុប្បន្ន មេដឹកនាំខ្មែរបម្រើផលប្រយោជន៍យួន ចុះទៅមុខទៀត យួនសុទ្ធកើតនៅស្រុកខ្មែរ ឡើងមកដឹកនាំខ្មែរ សង្គមខ្មែរនឹងទៅជាយ៉ាងណា? អ្នកស្នេហាជាតិ សម្ងំយកសុខក្នុងបក្សប្រជាជនអើយ ភ្ញាក់រលឹកក្រោកឡើង ថ្ងៃនេះអ្នកសុខ ប៉ុន្តែកូនចៅ អ្នកទៅថ្ងៃមុខ មិនប្រាកដឡើយ”។
បន្ថែមលើសំណេរខាងលើនេះ លោករស់ សារ៉ុម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ថា ពាក់ព័ន្ធនឹងចំណុច ដែលលោកហៅថា សង្គមនេះជាសង្គមតិរច្ឆាននេះ គឺលោកមិនខ្លាចការគំរាមកំហែងណាមួយពីគណបក្សកាន់អំណាចនោះទេ ព្រោះក្នុងនាមប្រជាពលរដ្ឋខ្មែរម្នាក់ លោកចង់ឃើញសង្គមខ្មែរមានយុត្តិធម៌ពិតប្រាកដ។
លោករស់ សារ៉ុម មានប្រសាសន៍ថា “យើងខ្ញុំនៅក្នុងប្រទេស អ៊ីចឹងយើងខ្ញុំអត់មានខ្លាចទេ ពីព្រោះយើងជាពលរដ្ឋខ្មែរម្នាក់ដែរ ខ្ញុំចង់បានសង្គមរបស់ខ្ញុំនេះ មានសេរីភាព មានយុត្តិធម៌ មួយយ៉ាងពិតប្រាកដ មិនមែនយុត្តិធម៌មានសម្រាប់តែអ្នកដែលមានអំណាច មានធនធាន នោះទេ គឺប្រជាពលរដ្ឋមួយប្រទេស ត្រូវការសេរីភាព និងយុត្តិធម៌ពិតប្រាកដ មិនមែនត្រូវការត្រឹមតែសន្តិភាពដែលយើងមើលទៅឃើញ សព្វថ្ងៃនេះ គ្រាន់តែជាសន្តិភាពមួយក្លែងក្លាយ តែប៉ុណ្ណោះឯង។ ជារួម ខ្ញុំនិយាយក្នុងនាមប្រជាពលរដ្ឋខ្មែរ ដែលយើងខ្ញុំហៅថា សង្គមនេះជាសង្គមតិរច្ឆានហ្នឹង គឺខ្ញុំចង់ជម្រាបទៅថ្នាក់ដឹកនាំរបបសព្វថ្ងៃនេះ សូមគិតគូរពីបញ្ហាប្រទេសជាតិផង ហើយមិនមែនយុត៉្តិធម៌មានត្រឹមតែត្រកូល ហ៊ុន និងអ្នកដែលនៅកៀនៗត្រកូលហ៊ុនហ្នឹងទេ គឺមួយប្រទេស គេនៅជាមួយគ្នា។ យើងអាចនៅជាមួយគ្នាបាន លុះត្រាតែប្រព័ន្ធដឹកនាំ របបសព្វថ្ងៃនេះ កែទម្រង់ឱ្យបានដាច់ខាតនូវប្រព័ន្ធតុលាការ ហើយនិងប្រព័ន្ធយុត្តិធម៌សង្គម នេះឱ្យបានល្អប្រសើរបន្តិចជាងហ្នឹងទៅ កុំឱ្យដូចបច្ចុប្បន្ននេះ វាទៅជាតុលាការអាយ៉ងមួយ ដែលបម្រើតែអ្នកដែលមានអំណាច ហើយនិងមានធនធានតែប៉ុណ្ណោះឯង។ ហើយដូចខ្ញុំបញ្ជាក់ខាងដើមអ៊ីចឹងថា អ្វីដែលយើងកំពុងនិយាយ យើងខ្ញុំហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ ហើយ យើងខ្ញុំអត់ខ្លាចនៅក្នុងការដើរចូលពន្ធនាគារនោះទេ ព្រោះហេតុអីបានខ្ញុំហ៊ាននិយាយអ៊ីចឹង? មុននឹងខ្ញុំប្តេជ្ញាចិត្តនូវការរិះគន់របបដឹកនាំសព្វថ្ងៃថា ជារបបតិរច្ឆាននេះ ខ្ញុំសូមបញ្ជាក់ថា យួន ខ្ញុំមិនខ្លាចផង រឿងអីខ្ញុំទៅខ្លាចរដ្ឋាភិបាលសព្វថ្ងៃ? បើធ្វើត្រឹមត្រូវ អាហ្នឹងខ្ញុំគោរព តែបើសិនជាធ្វើខុស អាហ្នឹងបើចង់បានជីវិតខ្ញុំទេ ក៏យកទៅចុះ ខ្ញុំអត់សោកស្តាយទេ។ ដើម្បី សង្គមនេះមានយុត្តិធម៌ សង្គមពិតប្រាកដមួយ គឺយើងត្រូវតែក្លាហានងើបឈរទាំងអស់គ្នា ក្នុង នាមជាប្រជាពលរដ្ឋខ្មែរ យើងកុំខ្លាច។ កាលណាយើងខ្លាច គេរឹតតែជាន់យើងថែមទៀត”។
ទោះយ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាល លោកផៃ ស៊ីផាន បានចាត់ទុកថា លោករស់ សារ៉ុម មិនសមជាប្រធានសមាគមបញ្ញាជនទេ ព្រោះថា បញ្ញាជន មានន័យសំខាន់ណាស់ មិនមែនចេះតែប្រើពាក្យដែលប្រាសចាកការពិត ឬប្រមាថមើលងាយមកលើរដ្ឋាភិបាលបែបនេះទេ។
លោកផៃ ស៊ីផាន បានមានប្រសាសន៍ថា “ខ្ញុំជឿថា គាត់គ្រាន់តែយកម្នាក់២នាក់ យកទៅរៀបចំខ្លួនក្នុងងារមួយថា ជាសមាជិកបញ្ញាជន ប៉ុន្តែពាក្យបញ្ញាជនហ្នឹងមានន័យសំខាន់ ណាស់ គឺថា មតិនេះ យើងគឺឱ្យន័យថាមពល និងវិជ្ជមាន ទើបជាបញ្ញាជន ឬបញ្ញវន្ត មិនមែនជាបញ្ញវន្តដែលប្រមាថមើលងាយរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតនោះទេ គឺបញ្ញវន្តតិរច្ឆានទៅវិញទេ។ ដូច្នេះបញ្ញវន្តហ្នឹង ជាការប្រើពាក្យយ៉ាងម៉េចឱ្យមានទិដ្ឋភាពវិជ្ជមាននៅក្នុងសង្គម ការសម្របសម្រួលគ្នាទៅវិញទៅមក ជាពិសេស រាជរដ្ឋាភិបាលដែលកើតចេញពីប្រជាពលរដ្ឋ។ គាត់ធ្វើម៉េច ដើម្បីឱ្យគាត់ល្បីហ្នឹង ជាពួកឧទ្ទាមទាក់ទាញអំពើហិង្សា ដូច្នេះយើង មិនថោកជាមួយទេ។ សរុបទៅការលើកឡើងហ្នឹង ជាពួកតិរច្ឆានហ្នឹងឯង ហើយគាត់ក៏មិនស្ថិតនៅក្នុងលក្ខខណ្ឌជាយុវជនបញ្ញវន្តដែរ”។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកឈឹម ផលវរុណ បានបញ្ជាក់ថា ការប្រមាថប្រទេសខ្លួនឯង មិនមែន ជាសេរីភាពនៃការបញ្ចោញមតិនោះទេ។
លោកឈឹម ផលវរុណ បានមានប្រសាសន៍ថា “ការប្រមាថទៅលើប្រទេសខ្លួនឯង វាលែងទៅជាសេរីភាពបញ្ចោញមតិហើយ អាហ្នឹង គឺជាការជេរប្រមាថហើយៗដូច្នេះហើយបុគ្គលដែល ជាប្រធានសមាគមហ្នឹង បញ្ចោញមតិដោយបុគ្គលខ្លួនឯង ឬក៏បញ្ចោញមតិតំណាងឱ្យសមាគមហ្នឹង។ អានេះជាសំណួរមួយ ដែលបុគ្គលសាមី ខ្លួនត្រូវបញ្ជាក់ ហើយមួយទៀត តើបុគ្គលហ្នឹង ហើយនិងសមាគមហ្នឹង មានពិនិត្យទៅលើច្បាប់ស្តីអំពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ឬអត់? សួរថា លក្ខន្តិកៈសមាគមរបស់ខ្លួននោះ គឺបង្កើតឡើងក្នុងគោលដៅអី? ហើយបើធ្វើ ខុសគោលដៅ បានន័យថា អ្នកឯងខ្លួនទេ ដែលរំលោភលក្ខន្តកៈរបស់សមាគមខ្លួនឯងរួចបាត់ ទៅហើយ។ ចំណុចហ្នឹងហើយ ពាក្យតិរច្ឆាន គឺសំដៅទៅលើសាមីខ្លួនឯងទៅវិញទេ ដែលមិនគោរពទៅលើលក្ខន្តិកៈ និងអត្តសញ្ញាណរបស់សមាគមខ្លួន ឯប្រទេសជាតិទាំងមូល ដែលប្រជាពលរដ្ឋជាង១៥លាននាក់រស់នៅ ព្រមទាំងសាមីខ្លួនហ្នឹងផង គឺម្នាក់ៗរស់តាមការយល់ឃើញរៀងៗខ្លួន ប៉ុន្តែក៏ត្រូវរស់ក្នុងសេរីភាពមួយ ដែលស្ថិតនៅក្នុងក្របខណ្ឌនៃការទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។ បានន័យថា គណបក្សមិនមានភាពចាំបាច់អ្វីទៅចាត់ការនោះទេ ព្រោះនេះជាដែនសមត្ថកិច្ចរបស់ក្រសួងរបស់រដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃ ដែលជាអាណាព្យាបាលទៅលើសមាគម និងអង្គការមិនមែនរដ្ឋាភិបាល គឺក្រសួងមហាផ្ទៃ ជាអ្នកមានសមត្ថកិច្ចពិនិត្យទៅលើលក្ខណសម្បត្តិនៃការដៀលប្រមាថរបស់បុគ្គលហ្នឹង ឯគណបក្សអត់ទេ គឺគណបក្សគ្រាន់តែយើងអាចបញ្ចោញមតិតតាំង និងការពារនូវផលប្រយោជន៍រួមរបស់ជាតិ”។
ក្នុងន័យនេះ លោកឈឹម ផលវរុណ បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស តែមួយគត់ ដែលបានស្តារនិងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនឡើងវិញ រហូតមកដល់ពេលនេះ ដែលគ្រប់គ្នា គ្រប់និន្នាការនយោបាយ អាចរស់នៅជាមួយគ្នាបានដោយសុខដុមរមនា ហើយជាគណបក្សដែលឈរលើសតិសម្បជញ្ញៈ នៃការគោរពច្បាប់។
លោកឈឹម ផលវរុណ បានមានប្រសាសន៍ បន្តថា “បានន័យថា គណបក្សលើកស្ទួយនូវតម្លៃ សិទ្ធិមនុស្ស លើកស្ទួយនូវសេរីភាពបុគ្គល ប៉ុន្តែ ក៏ត្រូវការភាពសុខក្សេមក្សាន្តរវាងការរស់នៅជុំគ្នា ដោយលើកស្ទួយនូវសតិសម្បជញ្ញោៈគោរពច្បាប់មួយទៀត បានយើងអាចសម្រេចបាននូវ ការថែរក្សាសន្តិភាព ហើយនិងរួមរស់ជាមួយគ្នាឈានទៅការអភិវឌ្ឍមួយជំហានទៅមួយជំហាន តាមសមត្ថភាព និងកម្រិតស៊ីវិល័យជាក់ស្តែងរបស់ប្រទេស។ ដូច្នេះការហៅរបបតិរច្ឆាន អាហ្នឹងគឺជាបុគ្គលមួយដែលមានចរិតមិនទទួលយកនូវសុភវិនិច្ឆ័យ ហើយតម្លៃរបស់មនុស្សគឺស្ថិតនៅក្នុងការប្រើសេរីភាពប្រកបដោយសុភនិវិច្ឆ័យមួយទៀត មិនមែនគ្រាន់តែការបន្លឺសំឡេងសម្រាប់តែការដៀលប្រមាថ ជេរប្រមាថ អ្នកដទៃ រហូតដល់ជេរប្រមាថសង្គមខ្មែរទាំងមូល អាហ្នឹងគឺជាបុគ្គលមួយដែលគ្មានតម្លៃជាមនុស្សទេ ហើយបុគ្គលដែលគ្មានតម្លៃជាមនុស្សហ្នឹងហើយ បានមានបុគ្គលមួយចំនួនរស់នៅក្នុងពន្ធនាគារ ដោយសារតែបុគ្គលទាំងនោះ ពុំទាន់មានសមត្ថភាពប្រើសេរីភាព និងការគោរពនូវសេចក្តីថ្លៃថ្នូរ កិត្តិយសរបស់ប្រទេសរបស់អ្នកដទៃ។អ៊ីចឹងហើយ បុគ្គលដែលជេរប្រមាថរបៀប នេះ គឺជាការបង្ហាញថា បុគ្គលនេះគ្មានសមត្ថភាពក្នុងការប្រើសេរីភាពរបស់ខ្លួនទេ” ៕
កុលបុត្រ