ភ្នំពេញ ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោកកឹម សុខា បានដឹកនាំមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងជាច្រើនរូប ទៅជួបលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅឯក្រៅប្រទេស ដើម្បីបានចាប់ដៃពិភាក្សាគ្នាជាលើកចុងក្រោយ ជុំវិញបញ្ហានយោបាយ និងបញ្ហាផ្ទៃក្នុងបក្ស រួមទាំងការដូរស្លាកគណបក្ស ដោយដករូបលោកសម រង្ស៊ី ចេញ មុនពេលដែលវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដែលហាមបក្សប្រឆាំងទាក់ទងលោកសម រង្ស៊ី ជាទណ្ឌិតចូលជាធរមាន។
ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា កាលពីថ្ងៃ១២ ខែកក្កដា ឆ្នាំ២០១៧ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានចាកចេញពី ប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសថៃ និងបន្តដំណើរទៅកាន់ទីក្រុងហុងកុង ដើម្បីជួបពិភាក្សា កិច្ចការសម្ងាត់ជាមួយលោកសម រង្ស៊ី នៅទីនោះ ដែលការជួបនោះ អាចជាឱកាសលើកចុងក្រោយ មុនពេលវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដែលមានខ្លឹមសារ ហាមទណ្ឌិតធ្វើសកម្មភាពជាមួយគណបក្សនយោបាយ ត្រូវចូលជាធរមាន។
ប្រភពព័ត៌មានបានឱ្យដឹងបន្តថា ក្រោយចាកចេញរបស់លោកកឹម សុខា គឺនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ តំណាងរាស្ត្រ និងជាមន្ត្រី ជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ មួយចំនួនទៀត រួមមានលោកស្រីមួរ សុខហួរ អនុប្រធានគណបក្ស និងជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង លោក សុន ឆ័យ អភិបាលនៃគណៈអភិបាលក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ជាដើម ក៏បានចាកចេញពីប្រទេសកម្ពុជា ក្នុងគោលដៅទៅជួបលោកសម រង្ស៊ី ផងដែរ។
ការចាកចេញរបស់លោកកឹម សុខា និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមួយចំនួន បានធ្វើឡើងក្រោយពេលដែលលោកកឹម សុខា និងតំណាងរាស្ត្រជាច្រើន រួមមានលោកប៉ុល ហំម តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាអនុប្រធានគណបក្ស លោកអេង ឆៃអ៊ាង តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជាអនុប្រធានគណបក្ស លោកស្រីកែ សុវណ្ណរតន៍ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងជាប្រធានក្រុមការងារគណបក្សខេត្តកំពង់ធំ លោកអ៊ូ ច័ន្ទរ័ត្ន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាអភិបាលរងនៃក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ លោក ជាម ច័ន្ទនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស និងលោកលឹម ប៊ុនស៊ីដារ៉េត តំណាងរាស្ត្រ មណ្ឌលខេត្តកំពត ជាដើម បានជួបជុំគ្នានៅលើទឹកដីស្រុកទឹកឈូ ខេត្តកំពត ហើយបានបង្ហោះរូបភាពតាមបណ្តាញសង្គមហ្វេសប៊ុកជាមួយ បង្កប់ខ្លឹមសារថា “សម្រាប់ការដឹកនាំគណបក្សសង្គ្រោះជាតិ ឆ្ពោះទៅជ័យជម្នះឆ្នាំ២០១៨។ គោលដៅរបស់គណបក្សធ្វើដំណើរឆ្ពោះទៅរកការផ្លាស់ប្តូរជាវិជ្ជមានមួយ ដោយមានការបោះឆ្នោតមួយប្រកបដោយសេរី យុត្តិធម៌ និងតម្លាភាព”។
គួរបញ្ជាក់ដែរថា ក្នុងការនិរទេសខ្លួននៅក្រៅប្រទេស លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បើទោះបីបានលាលែងពីប្រធាន និងសមាជិកភាពគណបក្សសង្គ្រោះជាតិ ហើយក៏ដោយ ក៏នៅតែមានទំនាក់ទំនង ជាមួយគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំគណបក្សប្រឆាំងនេះដដែល ហើយថ្នាក់ដឹកនាំបក្សប្រឆាំងនេះ នៅតែចាត់ទុកលោកសម រង្ស៊ី ជាប្រធានគណបក្សសង្គ្រោះជាតិ និងតែងទាក់ទង ពិភាក្សាការងារបក្ស និងបញ្ហានយោបាយជាប្រចាំ។
ដោយឡែក ក្រោយពេលក្រុមសមាជិក សភាគណបក្សកាន់អំណាច បានអនុម័តវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដែលហាមឃាត់អ្នកមានទោស (ទណ្ឌិត) ធ្វើនយោបាយ ទាក់ទងជាមួយគណបក្សនយោបាយនោះ គណបក្សសង្គ្រោះជាតិ ទោះបីបានធ្វើពហិការចំពោះការប្រជុំអនុម័តវិសោធនកម្មច្បាប់បក្សនយោបាយនេះ ក៏មិនអាចប្រឆាំងនឹងច្បាប់ដែលរដ្ឋសភា បានអនុម័តដាក់ឱ្យចូលជាធរមាននោះបានទេ ទើបគណបក្សប្រឆាំងនេះ ត្រូវបង្ខំចិត្តផ្តាច់ទំនាក់ទំនងជាមួយលោកសម រង្ស៊ី (ដោយសារតែលោកសម រង្ស៊ី មានឈ្មោះជាទណ្ឌិត) ដែលច្បាប់គណបក្សនយោបាយថ្មី បានចែងហាមឃាត់អ្នកមានទោសធ្វើនយោបាយ។ ក្នុងនោះ គណបក្សសង្គ្រោះជាតិ បានប្រកាសដករូបលោក សម រង្ស៊ី ចេញពីស្លាកគណបក្ស ដែលតាមមន្ត្រីជាន់ខ្ពស់គណបក្សនេះ បានបញ្ជាក់ប្រាប់ “នគរធំ” មុននេះថា រូបភាពលោកសម រង្ស៊ី ចាប់ដៃ លោកកឹម សុខា នៅលើស្លាកលេខគណបក្សសង្គ្រោះជាតិនោះ នឹងត្រូវដកចេញ ហើយដាក់ជំនួសវិញដោយអក្សរថា “រួមគ្នាសង្គ្រោះជាតិយើង” ហើយនៅពេលវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ចូលជាធរមាន គណបក្សសង្គ្រោះជាតិ មិនអាចមានសកម្មភាពណាមួយ ពាក់ព័ន្ធជាមួយលោកសម រង្ស៊ី បានទៀតទេ ដើម្បីបញ្ចៀសពីការប្រឈមនឹងច្បាប់ ពិសេស គឺការរំលាយគណបក្ស។
ទោះបីយ៉ាងណា ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ មិនអាចទាក់ទងសុំការបញ្ជាក់បំភ្លឺពីលោក យឹម សុវណ្ណ និងលោកយ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ រួមទាំងថ្នាក់ដឹកនាំគណបក្សប្រឆាំងនេះ បានទេ កាលពីម្សិលមិញ។
ចំណែកលោកអេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ក៏មិនអាចទាក់ទងសុំយោបល់បានដែរ នៅថ្ងៃដដែលនោះ ប៉ុន្តែលោក អេង ឆៃអ៊ាង បានបង្ហោះរូបថតលោកជាមួយ លោកអ៊ូ ច័ន្ទឫទ្ធិ តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងប្រធានគណៈកម្មាធិការវិន័យគណបក្សសង្គ្រោះជាតិ នៅលើយន្តហោះ ខណៈពេលធ្វើដំណើរឆ្ពោះទៅក្រៅប្រទេស ជួបលោកសម រង្ស៊ី ព្រមជាមួយសំណេរខ្លីថា “ពួកយើងទាំងពីរនាក់ កំពុងស្ថិតនៅលើអាកាសវេហា។ មានយីហោធំ លុយតិច បើកថ្នាក់អេកូណូមិច (economic class)”៕
កុលបុត្រ