ភ្នំពេញ៖ រថយន្តតាក់ស៊ីដឹកម៉ូយពេញ បើកបរដោយបុរសម្នាក់លឿនដូចហោះចាប់ហ្វាំ្រងមិនស៊ីជ្រុលចង្កូតទៅបុករថយន្តក្រុងរបស់រដ្ឋ កំពុងបើកបរដឹកអ្នកដំណើរនៅខាងមុខ ខណៈពេលស៊ីញ៉ូអែបខាងដាក់ភ្ញៀវយ៉ាងពេញទំហឹង បណ្តាលឱ្យរួញមួយកំណាត់មុខយ៉ាងដំណំ ក្រោយកើតហេតុអ្នកបើកបររថយន្តបង្ក និងអ្នករួមដំណើររត់គេចខ្លួនអស់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះ៨៦០ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្រុមទី៦ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
រថយនបង្កម៉ាកស៊ាំងយ៉ុង មានពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2Q-2178 ជារថយន្តតាក់ស៊ី (ខេត្តពោធិ៍សាត់-ភ្នំពេញ) អ្នកបើកបរមានឈ្មោះ សុខ សេង។ រថយន្តរងគ្រោះម៉ាកហ៊ីយ៉ាន់ដា ពណ៌ខៀវ ពាក់ស្លាកលេខរដ្ឋ37 3-0034 ជារថយន្តក្រុងដឹកអ្នកដំណើរ ចំណែកឯអ្នកបើកបរមានឈ្មោះណុំ សុវណ្ណ ភេទប្រុស អាយុ៥២ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
បើតាមប្រភព័ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តក្រុងរងគ្រោះដឹកអ្នកដំណើរពេញ ចេញពីចំណតគីឡូម៉ែត្រលេខ៩ ដោយបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ បើកបរក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ រថយន្តក្រុងរងគ្រោះបានសុីញ៉ូអែបខាងស្តាំដៃ ដើម្បីដាក់អ្នកធ្វើដំណើរក្នុងរថយន្តក្រុងចូលចំណត ខណៈសុីញ៉ូមិនទាន់បាមអែបស្តាំផង ស្រាប់តែមានរថយន្តបង្កបើកបរពីក្រោយរថយន្តក្រុងរងគ្រោះលឿនដូចហោះ ស្រាប់តែរថយន្តស៊ាំងយ៉ុងចាប់ហ្វាំ្រងមិនស៊ី ក៏ជ្រុលចង្កូតទៅបុកគូទពីក្រោយរថយន្តក្រុងយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ក្រោយពេលកើតហេតុអ្នកបើកបររថយន្តស៊ាំយ៉ុង និងអ្នកជិះលើរថយន្តបាននាំគ្នាចុះរត់គេចខ្លួនបាត់ ដោយបន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានធ្វើការចុះទៅកន្លែងកើតហេតុ និងទាក់ទងទៅការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញ ឲ្យចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់៕