ភ្នំពេញ៖ នឹកស្មានមិនដល់គ្រាន់តែរឿងទ្វារបងចេញចូលរួមគ្នាផ្ទះ០២គ្រួសារ នៅផ្ទះក្បែរគ្នា បែរឈ្លោះគ្នាបែកផ្សែង ឈានដល់ថ្នាក់ប្រើហិង្សាដាក់គ្នាទៅវិញទៅមក ដោយក្នុងនោះម្នាក់ចូលដេកពេទ្យ និង០៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកមកកាន់អធិការនគរបាលខណ្ឌសែនសុខ។ហេតុកាណ៍នេះបង្ករភ្ញាក់ផ្អើលកាលពីម៉ោង២៣និង០០នាទីយប់ ថ្ងៃទី១៤ ខែកក្កដា នៅក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ភាគីទី១ ឃាត់២នាក់ឳពុកកូន មានឈ្មោះសួន សិរីកុសល ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរបុគ្គលិកអង្គការ ស្នាក់នៅផ្ទះលេខ២៩ ផ្លូវលំ ក្រុម១១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ កូនឈ្មោះសួន ភាឡុក ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន។
ភាគីទី២ ឃាត់២នាក់ឳពុកកូន មានឈ្មោះព្រំ សាមិត ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៣១ ផ្លូវលំ ក្រុម០៦ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ កូនឈ្មោះ មុត ថាវី ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរមេផ្ទះ ផ្ទះស្នាក់នៅផ្ទះលេខ៣១ ផ្លូវលំ ក្រុម០៦ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ កូនឈ្មោះ មុត រស្មី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររត់កង់បីស្នាក់នៅផ្លូវលំ ក្រុម១១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ដេកនៅមន្ទីពេទ្យ)។
យោងតាមរបាយការណ៍សមត្ថកិិច្ចបញ្ជាក់ថា នៅមុនកើតហេតុម៉ោង២៣និង០០នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ភាគីទីមួយបានបិតទ្វារបងចំហៀងផ្ទះ និងខ្ទាស់គន្លឹះ ដើម្បើចូលដេក ស្រាប់តែឈ្មោះ មុត រស្មី បានមកដល់ក៍ធាក់ទ្វារបងខាងលើ (ទ្វារបងចេញចូលរួមគ្នា) និងបានស្រែកឡូឡា ពេលនោះភាគីទី១បានចេញមកសាកសួរ ហើយក៍មានទំនាស់ជាពាក្យសម្តី និងគ្នាតែម្តង ពេលនោះមិនបានប្រើហិង្សាអ្វីឡើយ គ្រាន់តែប៉ះសម្តីប៉ុណ្ណោះ។
ក្នុងរបាយការណ៍បន្ថែមទៀតថា ភ្លាមៗនោះ ឈ្មោះ មុត រស្មី បានទូរស័ព្ទទៅហៅឳពុកខ្លួននិងបងស្រី ដែលនៅផ្ទះផ្សេងឲ្យមកជួយ ខណៈឳពុកនិងបងស្រីក៏មានទំនាស់ម្តងទៀត ឈានប្រើហិង្សាដាក់គ្នាទៅវិញទៅមកតែម្តង បណ្តាលឲ្យឈ្មោះមុត រស្មី របួសចូលដេកពេទ្យព្រះកុសុមៈ។
បច្ចុប្បន្នភាគីសងខាងមានគ្នា០៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសាកសួរបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕