តារាតូចច្រឡឹង ឡោម លក្ខិណា ដែលពីមុនត្រូវបានអ្នកសិល្បៈជាច្រើនបានហៅថាជាប្រពន្ធ DJ ក្តឹប នោះ ពេលនេះនាងត្រៀមគ្រងឈុតកូនក្រមុំមែនទែន ក្នុងពេលឆាប់ៗនេះហើយ តែមិនមែនក្រាបផ្ទឹមជាមួយលោកក្តឹប ឡើយ គឺជាមួយប្រុសស្នេហ៍ថ្មីរូបសង្ហា ឈ្មោះប៉ា ច័ន្ទពិសិដ្ឋ ដែលជាក្មួយរបស់អតីតអភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស។
អ្នកសិល្បៈជាច្រើនបានខ្សឹបខ្សៀវគ្នាថា ពេលនេះ ឡោម លក្ខិណា ពិតជាចង់ឱ្យអ្នកនិពន្ធបទ “រាំអីចេះ” DJ ក្តឹប ស្រក់ទឹកភ្នែក ដោយសារនាងបោះបង់ស្នេហ៍ចាស់ទៅស្រវាស្នេហ៍ថ្មី ជាក្មួយអ្នកធំនេះហើយ…។
រូបភាពដែលឡោម លក្ខិណា- DJ ក្តឹប តែងតែបណ្តើរគ្នាដូចប្តីប្រពន្ធថ្មោងថ្មីទៅណាមកណា ដូចលលកញីឈ្មោលនោះ ពេលនេះបានរលាយអស់ហើយ ដោយស្រីស្រស់តូចច្រឡឹងរូបនេះ ងាកទៅផ្អែមល្ហែមស្នេហ៍ជាមួយប្រុសស្នេហ៍ថ្មី រូបសង្ហា ប៉ា ច័ន្ទពិសិដ្ឋ ដែលត្រូវជាក្មួយអតីតលោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស នាំឱ្យលុបដានស្នេហ៍ចាស់ជាមួយ DJ ក្តឹប អស់រលីង។
ឡោម លក្ខិណា បានបណ្តើរប្រុសស្នេហ៍ថ្មីទៅចូលរួមកម្មវិធីខួបកំណើតលោកម៉ាដូណា ហៅសេះ កាលពីពេលថ្មីៗនេះ នាំឱ្យអ្នកសារព័ត៌មានជាច្រើនបានចាប់អារម្មណ៍ ហើយក្នុងនោះដែរ អ្នកសិល្បៈជាច្រើនស្រាប់តែបានសរសើរលក្ខិណា ថា ពូកែរកសង្សារថ្មីបានរូបរាងសង្ហាដាច់ជាងសង្សារចាស់តែម្តង ធ្វើឱ្យលក្ខិណា សប្បាយរីករាយចិត្តជាខ្លាំង ញញឹមបិទមាត់មិនជិតឡើយ។
ក្នុងជំនួបផ្ទាល់ជាមួយឡោម លក្ខិណា តារាសម្តែងរូបនេះបាននិយាយយ៉ាងរីករាយថា នាងប្រាកដជាត្រៀមចូលរោងការឆាប់ៗនេះមែន តែនាងសូមមិនប្រាប់ថា ជាថ្ងៃណាពិតប្រាកដទេ ព្រោះចង់ឱ្យមានការភ្ញាក់ផ្អើល។
លក្ខិណា និយាយខ្លីថា “ខ្ញុំនិងគាត់ (សង្សារថ្មី) នឹងរៀបការក្នុងពេលឆាប់ៗនេះមែនបង តែខ្ញុំសូមមិននិយាយថា ពេលណាទេ គ្រាន់តែបញ្ជាក់ថា ត្រៀមរៀបការមែនបង។ ខ្ញុំចង់ឱ្យមានការភ្ញាក់ផ្អើល គង់តែបានឃើញទេ…”។
ឡោម លក្ខិណា បានភ្ជាប់ស្នេហ៍ថ្មីជាមួយលោកប៉ា ច័ន្ទពិសិដ្ឋ ក្មួយលោកប៉ា សុជាតិវង្ស អំឡុងពេលដែលអ្នកទាំង២ បានជួបគ្នានៅពេលដែលថត MV ឱ្យផលិតកម្មតោមាសរៃមាស ហើយពេលនោះ DJ ក្តឹប ក៏បានបណ្តើរលក្ខិណា ទៅដូចរាល់ដងដែរ តែចៃដន្យអី ស្រាប់តែនៅពេលដែលលោកក្តឹប កំពុងតែរ៉េបលើឆាក ហើយលក្ខិណា ត្រូវចាប់ដៃគូច្រៀងរាំស្លូវជាមួយលោកប៉ា ច័ន្ទពិសិដ្ឋ នោះ ស្រាប់តែអ្នកទាំង២ បានលួចបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា ដោយមិនខ្វល់ពី DJ ក្តឹប ទៀតឡើយ បន្ទាប់ពីអ្នកសិល្បៈជាច្រើនបានចំអន់ទៅលក្ខិណា ថា នាងសមគ្នាជាមួយពិសិដ្ឋ ណាស់ តែបើជាមួយ DJ ក្តឹប អត់សូវសមសោះ។
ចាប់តាំងពីពេលនោះមក លក្ខិណា ក៏លែងចង់ដើរជាមួយលោកក្តឹប ទៀតហើយ ព្រោះចាប់អារម្មណ៍ពិសិដ្ឋ ជាង។ DJ ក្តឹប ដែលត្រូវមិត្តភក្តិជាច្រើនបានខ្សឹបប្រាប់ថា សង្សារខ្លួនងាកទៅស្នេហាលោកពិសិដ្ឋ ហើយនោះ មុនដំបូងតារាពូកែរ៉េប មាឌល្អិតរូបនេះ មិនជឿឡើយ តែក្រោយពេលដែលរូបភាពលក្ខិណា និងលោកពិសិដ្ឋ ថតកៀកកើយឱបថើបគ្នានៅលើឆ្នេរសមុទ្រជាច្រើនប៉ុស្តិ៍ ត្រូវបានបែកធ្លាយនោះមក ស្រាប់តែ DJ មាឌល្អិតរូបនេះ បានត្រឹមតែរកដង្ហើមធំ ហើយចាប់ផ្តើមគេចៗពីមុខលក្ខិណា រហូតតែម្តង ទើបធ្វើឱ្យលោកពិសិដ្ឋ បានដៃកាន់តែហ៊ានបណ្តើរលក្ខិណា គ្រប់ជំហានទាំងអស់ ហើយពេលនេះ ស្រាប់តែលក្ខិណា ប្រកាសថា ត្រៀមលាភាពនៅលីវ ដើម្បីរៀបការជាមួយក្មួយប្រុសលោកប៉ា សុជាតិវង្ស។
តាមប្រភពបានឱ្យដឹងថា ចំណងស្នេហាថ្មីរបស់ឡោម លក្ខិណា នៅពេលនេះ គឺត្រូវបានក្រុមគ្រួសារនាងគាំទ្រយ៉ាងពេញទំហឹងតែម្តង មិនមានការជំទាស់ និងមិនពេញចិត្តដូចកាលដែលលក្ខិណា ភ្ជាប់ស្នេហ៍ជាមួយ DJ ក្តឹប ទៀតឡើយ ហេតុនេះហើយចំណងស្នេហ៍តារាសិល្បៈ១គូនេះ មិនមានឧបសគ្គដូចលើកមុនទៀតឡើយ។ ប៉ុន្តែ អ្វីដែលអ្នកសិល្បៈជាច្រើនកំពុងតែមានការខ្លោចចិត្តអាណិត DJ ក្តឹប នោះ គឺអ្នកនិពន្ធបទ “រាំអីចេះ” នេះ មានការតុកស៊ិកជាខ្លាំង នៅពេលដែលត្រូវបណ្តូលចិត្តបោះបង់លោកចោល ហើយទៅភ្ជាប់ស្នេហ៍ថ្មី គឺជាប្រុសសង្ហា និងមានទ្រព្យជាងខ្លួន ទើបនាំឱ្យលោកក្តឹប លែងនិយាយរកលក្ខិណា តែម្តង នៅពេលចុងក្រោយនេះ។
គួរបញ្ជាក់ថា ឡោម លក្ខិណា ដែលពីមុនច្រើនតែផ្តោតការចេញទៅសម្តែងច្រៀងនៅក្រៅប្រទេស ដើម្បីរកប្រាក់បន្ថែមពីការថតភាពយន្តនោះ ស្រាប់តែពេលនេះ នាងលែងចង់ចេញទៅបរទេសដូចមុនទៀតហើយ ដែលអ្នកខ្លះថា មកពីសង្សារថ្មីនាង ដែលជាក្មួយប្រុសលោកប៉ា សុជាតិវង្ស ហួងហែងខ្លាំងពេក ព្រោះខ្លាចប្រុសក្រៅស្រុកឆក់ទៅបាត់ ទើបនាំឱ្យស្រីស្រស់លក្ខិណា ហាក់ចាប់ផ្តើមកាត់បន្ថយអាជីពសិល្បៈបន្តិចម្តង មុនពេលដែលនាងសម្រេចចិត្តដឹកដៃសង្សារថ្មីរៀបការ ដែលអាចនឹងប្រព្រឹត្តឡើងនៅចុងឆ្នាំ២០១៧ នេះហើយ។
ប្រភពបានឱ្យដឹងថា លក្ខិណា កំពុងតែត្រៀមហៅអ្នកសិល្បៈជាច្រើនរយនាក់ ដើម្បីទៅចូលរួមអបអរសាទរ ថ្ងៃមង្គលការរបស់នាង តែក្នុងនោះ គ្មានឈ្មោះលោកក្តឹប ឡើយ។ ដោយឡែក លោកប៉ា ច័ន្ទពិសិដ្ឋ បានត្រៀមហៅភ្ញៀវតារារួមអាជីពមួយចំនួន តែភាគច្រើនជាមន្ត្រីធំខាងលោកប៉ា សុជាតិវង្ស អតីតអភិបាលរាជធានីភ្នំពេញ ដែលពេលនេះជាទីប្រឹក្សារាជរដ្ឋាភិបាល និងជាទីប្រឹក្សាផ្ទាល់សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន៕