នៅព្រឹកថ្ងៃទី១៩ ខែកក្កដា នេះផលិតកម្មចក្រវាលពេជ្រភាពយន្តបានក្រុងពលីចេញថត ភាពយន្តខ្នាតធំថ្មីមួយទៀតរឿង”រថយន្តទៅសៀមរាប”ដែលជារឿងបែបកំប្លែងនិងអប់រំ។ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះលោកស៊ឹមសុរ៉ាមភូមិ ដែលជាតារាសម្ដែងស្រាប់តែវិវឌ្ឍន៍ខ្លួនក្លាយជាអ្នកនិពន្ធនិងដឹកនាំសម្ដែងរឿងនេះ។
លោកស៊ឹម សុរ៉ាមភូមិ បានថ្លែងឲ្យដឹងថា ក្រៅពីអាជីពសម្ដែងលោកបានសម្ងំហាត់រៀនផ្នែកនិពន្ធរឿង និងដឹកនាំសម្ដែង រយៈពេល៤ឆ្នាំមកហើយ ដែលក្រៅពីរៀននៅសាលាវិចិត្រសិល្បៈលោកធ្លាប់បាន សិក្សាជាមួយគ្រូដឹកនាំសម្ដែងជាជនជាតិបរទេសមួយចំនួនដូចជាគ្រូជនជាតិថៃ កូរ៉េ និងគ្រូជាជនជាតិអាមេរិកជាដើម។ពោលគឺការឈោងចាប់អាជីពជាអ្នកនិពន្ធនិងដឹកនាំសម្ដែង នេះគឺលោកបានឆ្លងការកាសិក្សាយ៉ាងច្បាស់លាស់ពីវិស័យមួយនេះជាមួយនឹងបទពិសោធន៍ សម្ដែងភាពយន្តជាច្រើនរឿង។
លោកសុរ៉ាមភូមិ បានថ្លែងឲ្យដឹងដែរថា ការបាត់មុខពីសិល្បៈមួយរយៈនាពេលកន្លងមកដោយសារតែ លោកជាប់រវល់សិក្សាលើផ្នែកដឹកនាំសម្ដែងនិងមុខជំនួញក្រៅសិល្បៈមួយចំនួនតែពេលនេះលោកប្រឡូក ពេញទំហឹងវិញហើយទាំងដឹកនាំសម្ដែងនិងទទួលថតភាពយន្តផងដែរ។
តារាភាពយន្តនិងជាផលិតកររូបនេះបានថ្លែងឲ្យដឹងដែរថាភាពយន្តរឿង”រថយន្តទៅសៀមរាប”ដែលជាស្នាដៃដឹកនាំសម្ដែងដំបូងរបស់លោកនេះនឹងចាប់ផ្ដើមចេញថតចាប់ពីថ្ងៃទី២០ខែកក្កដា តទៅដែលជារឿងបែបកំប្លែងនិងអប់រំដែលមានឈុតឆាកប្រទាក់ក្រឡាគ្នាគួរឲ្យចង់ទស្សនាហើយលោកនឹងប្រឹងប្រែងដឹកនាំឲ្យបានល្អបំផុតដោយមិនទស្សនិកជនខកបំណងទេ។ម្យ៉ាងក្រៅពីគ្រោងដាក់បញ្ចាំងនៅតាមរោងភាពយន្តនានានៅអំឡុងពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ លោកក៏យកស្នាដៃដំបូងរបស់ខ្លួនលើការផលិតភាពយន្តទៅប្រកួតប្រជែងដាក់បញ្ចាំងនៅក្នុងកម្មវិធី មហោស្រពភាពយន្តនាពេលខាងមុខផងដែរ។
លោកសុរ៉ាមភូមិ សុំមិនបញ្ជាក់ពីការចំណាយផលិតភាពយន្តនេះទេតែលោកអះអាងថា លោកក៏មានភាគហ៊ុនមួយ ចំណែកនៅក្នុងរឿងនេះផងដែរខណៈដែលលោករំពឹងថាស្នាដៃដំបូង របស់លោកនឹងទទួលបានជោគជ័យមានការគាំទ្រខ្លាំងពីទស្សនិកជន៕
តារាសម្ដែងនៅក្នុងរឿង”រថយន្ត ទៅសៀមរាប”