ពួកគេក្លាយជាតួឯកប្រុសស្រីក្នុងរឿង “ស្នេហ៍ឆ្លងវណ្ណៈ” ដូចគ្នា ហើយកំពុងប្រឈមនឹងជតាកម្មពីរយ៉ាងដូចគ្នា គឺបន្ទាប់ពីបើកចំហគូស្នេហ៍ជាសាធារណៈរួចមក ស្រាប់តែពួកគេត្រូវបាត់បង់អ្នកមានគុណដូចគ្នាតែម្តង។
មុននេះបន្តិច យើងទើបតែផ្សាយជូនប្រវត្តិស្នេហ៍វ័យជ្រេរបស់តារាប្រុស នុម សនរ៉ាម ទេពភិថាក់ តួឯកប្រុសក្នុងរឿង “ស្នេហ៍ឆ្លងវណ្ណៈ” នឹងតារាចម្រៀងមេម៉ាយកូនមួយ នីខូល។ ក្រោយពីការបើកចំហស្នេហ៍នេះមិនបានយូរប៉ុន្មានផង ស្រាប់តែលោកឪពុករបស់គេត្រូវបាត់បង់ជីវិតដោយបញ្ហាស្ទះសរសៃឈាមក្នុងខួរក្បាលក្នុងវ័យ៧៨ឆ្នាំ។ ឪពុករបស់ សនរ៉ាម បានបូជារួចរាល់ហើយកាលពីថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០១៧។
ចំពោះការបារម្ភរបស់ប្រិយមិត្តដែលថា សនរ៉ាម អាចនឹងកើតទុក្ខសោកសង្រេងចំពោះការបាត់បង់លោកឪពុក ឈុមផន នេះ សនរ៉ាម បានឱ្យដឹងថា ពេលនេះស្ថានភាពផ្លូវចិត្តរបស់គេល្អប្រសើរច្រើនហើយ។ គេពុំបានលិចលង់ក្នុងវិបយោគយូរទេ ព្រោះគេបានដឹងច្បាស់ពីស្ថានភាពជំងឺរបស់លោកជាឪពុក។ ម៉្យាងទៀត កាលគាត់នៅរស់ រូបគេក៏បានមើលថែទាំបម្រើប្រណិប័តន៍អស់ចិត្តហើយ។
ហេតុការណ៍ដែល សនរ៉ាម ជួបប្រទះនៅពេលនេះ ក៏កំពុងកើតឡើងចំពោះនាង ប៉ាន់ប៉ាន់ តេមហ្វា តួឯកស្រីក្នុងរឿង “ស្នេហ៍ឆ្លងវណ្ណៈ” ដូចគ្នាដែរ។
មុននេះបន្តិច ប៉ាន់ប៉ាន់ ទើបតែបង្ហាញជាសាធារណៈនូវសង្សារសំណព្វចិត្តជានិស្សិតសិក្សានៅបរទេសឈ្មោះ គុក ព្រិត។ នាងប្រាប់ថា នាងនិង ព្រិត ជួបគ្នាក្នុងពេលដែលនាងជានិស្សិតផ្លាស់ប្តូរទៅសិក្សានៅអាមេរិក ហើយបានរួមថ្នាក់ជាមួយគ្នា។ ស្នេហារបស់តារាឯកស្រីវ័យ២១ឆ្នាំនេះ ទទួលបានការស្វាគមន៍យ៉ាងល្អពីម្តាយរបស់នាងគឺតារាចម្រៀងជើងចាស់ វ៉ែន ធិទិម៉ា ព្រោះគាត់យល់ថា អ្នកកំលោះរូបនេះជាមនុស្សល្អអាចទុកចិត្តបាន។
ដោយសារមានការទទួលស្គាល់ពីអ្នកម្តាយ ធ្វើឱ្យ ប៉ាន់ប៉ាន់ ហ៊ានចេញមុខទៅអបអរការទទួលបរិញ្ញាបត្ររបស់ ព្រិត ដល់មហាវិទ្យាល័យកាលីហ្វ័រនីញ៉ា ប៊ើកលីយ៍ សហរដ្ឋអាមេរិក ទៀតផង។
ក្រោយការបើកចំហស្នេហាមិនដល់១ខែផង ម្តាយរបស់នាង ដែលជាតារាចម្រៀងរ៉ក់ល្បី ក៏ទទួលមរណភាពក្នុងពេលប្រហាក់ប្រហែលឪពុករបស់ សនរ៉ាម ដែរ ហើយថែមទាំងបូជាក្នុងថ្ងៃ១៧ ខែកក្កដា ឆ្នាំ២០១៧ ដូចគ្នាទៀតផង។
អ្វីដែលខុសពី សនរ៉ាម គឺ ប៉ាន់ប៉ាន់ ហាក់កើតទុក្ខខ្លាំងណាស់ក្នុងការបាត់បង់ អ្នកម្តាយជាទីស្រលាញ់នេះ។
នាងផ្តល់កិច្ចសម្ភាសន៍ទាំងទឹកភ្នែកថា “ពេលនេះ ព្យាយាមធ្វើចិត្តឱ្យរឹងប៉ឹង បំផុត ព្រោះលោកពុក ក៏ពិបាកចិត្តខ្លាំងណាស់ក្នុងការបាត់បង់អ្នកម៉ែ។ លោករស់នៅជាមួយអ្នកម៉ែ តាំងពីអ្នកម៉ែរៀនឆ្នាំទី៣នៅមហាវិទ្យាល័យជុឡាឡុងកន។ ពេលនោះ អ្នកម៉ែទើបតែមានអាយុ១៩ឆ្នាំប៉ុណ្ណោះ។ ការពិតខ្ញុំ ទើបតែដឹងថា អ្នកម៉ែនឹងចាកទៅកាលពីថ្មីៗនេះឯង គឺចាប់ពីពេលយើងទៅដើរលេងនៅបារាំងជាមួយគ្នា។ អ្នកម៉ែប្រាប់ថា នេះអាចជាដំណើរចុងក្រោយហើយ។ អ្នកម៉ែមិនបានប្រាប់អ្វីទេ ព្រោះមិនចង់ឱ្យកូនពិបាកចិត្ត។ គាត់គ្រាន់តែប្រាប់ថា គាត់មានជំងឺមហារីក ក្នុងដំណាក់កាលរីករាលដាល។ ដំណើរកម្សាន្តនោះ យើងយំទាំងអស់គ្នា និងព្យាយាមប្រើពេលនៅជាមួយគ្នាឱ្យមានតម្លៃបំផុត”។
ខណៈដែលនាងកំពុងសសឹកយំនោះ ឪពុករបស់នាងក៏ចូលរួមឱ្យបរិយាកាសកាន់តែស្រងេះស្រងោចថែមទៀត ដោយផ្តាំផ្ញើអ្នកកាសែតថា “សុំផ្ញើកូនខ្ញុំផង មិនយូរទៀតទេ ខ្ញុំនឹងតាមនាង (ប្រពន្ធ) ទៅហើយ”។
វាជារឿងចម្លែកដែរ ដែលអ្នកទាំងពីរមានឱកាសសម្តែងរឿង “ស្នេហ៍ឆ្លងវណ្ណៈ” រួមគ្នា និងត្រូវបូជាសពអ្នកមានគុណ ក្នុងថ្ងៃតែមួយដូចគ្នាទៀត៕