ខេត្តសៀមរាប ៖ បន្ទាប់ពីមានការផ្សាយព័ត៌មាន ដែលមានប្រភពចេញពីវត្តរាជបូណ៌ ក្រុងសៀមរាប ស្តីពីតារាភាពយន្តដ៏ល្បីល្បាញរបស់ឥណ្ឌា លោកហ្គាហ្គាន ម៉ាលីក (Gagan Malik) ដែលធ្លាប់សម្តែងជាតួអង្គព្រះពុទ្ធ បានមកទស្សនកិច្ចប្រទេសកម្ពុជា ជាលើកដំបូង ដោយបានទៅថ្វាយបង្គំព្រះព្រហ្មរតនមុនី ពិន សែម នៅវត្តរាជបូណ៌ នៅថ្ងៃទិ២០ ខែមីនា ឆ្នាំ២០២៤ នោះមក ស្រាប់តែមានមនុស្សមួយចំនួន បានចេញមុខអះអាងដោយមិនបានដឹងច្បាស់ថា តារាភាពយន្ត ហ្គាហ្គាន ម៉ាលីក មិនដែលសម្តែងជាតួអង្គព្រះពុទ្ធ ទេ តារាឥណ្ឌា ដែលសម្តែងជាតួអង្គព្រះពុទ្ធ គឺលោក ហ៊ិម៉ានស៊ុ សូនី (Himanshu Soni) ឯណោះទេ។
តាមពិត ទាំងហ្គាហ្គាន ម៉ាលីក និងហ៊ិម៉ានស៊ុ សូនី គឺសុទ្ធតែធ្លាប់សម្តែងជាតួអង្គព្រះពុទ្ធ ដូចគ្នា គ្រាន់តែរឿងផ្សេងគ្នា និងផលិតកម្មផ្សេងគ្នា។ ដោយឡែក ហ្គាហ្គាន ម៉ាលីក ធ្លាប់សម្តែងជាតួអង្គព្រះរាម ក្នុងរឿង «រាមាយណ:» (រាមកេរ្តិ៍) ផងដែរ កាលពីឆ្នាំ២០១២។
ក្នុងឆ្នាំ 2005 Malik បានដើរតួជាតួឯកក្នុងរឿង Hum Ladkiyan ។ វាប្រាប់ពីដំណើររឿងរបស់វិស្វករវ័យក្មេង Siddharth ដែលជាវិស្វករដើមកំណើតឥណ្ឌា ដែលធំដឹងក្តី និងរស់នៅក្នុងសហរដ្ឋអាមេរិក មកដល់ទីក្រុង Varanasi ដើម្បីធ្វើការលើគម្រោង Ganga Cleaning Project។ កម្មវិធីនេះបានចាក់បញ្ចាំងនៅទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែលនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០០៥។
នៅឆ្នាំ២០១៣ ហ្គាហ្គាន ម៉ាលីក បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងខ្សែភាពយន្តអន្តរជាតិរឿង “Sri Siddhartha Gautama” (ព្រះស្រីសិត្ថាទ្ធ គោតម) ជាតួឯក (តួអង្គព្រះពុទ្ធ) ដែលខ្សែភាពយន្តនេះ ទទួលពានរង្វាន់អន្តរជាតិ នៅមហោស្រពភាពយន្តអន្តរជាតិ Delhi នៅប្រទេសឥណ្ឌា និងមហោស្រពភាពយន្តពុទ្ធសាស នា របស់អង្គការសហប្រជាជាតិ នៅប្រទេសវៀតណាម ។ ហ្គាហ្គាន ម៉ាលីក បានឈ្នះពានរង្វាន់តារាសម្តែងល្អបំផុត នៅក្នុងមហោស្រពភាពយន្តព្រះពុទ្ធសាសនាពិភពលោក ឆ្នាំ២០១៤ សម្រាប់ការសម្តែងរបស់លោក នៅ ក្នុងរឿង “Siddhartha Gauthama” ។
តារាសម្តែងឥណ្ឌារូបនេះ ធ្លាប់បានបួសជាព្រះសង្ឃក្នុងព្រះពុទ្ធសាសនា នៅវត្តមួយ ក្នុងទីក្រុងបាងកក ប្រទេសថៃ រយៈពេល ១៥ថ្ងៃ ផងដែរ៕ ខៀវទុំ