ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះឃាត់ខ្លួនស្រ្តីម្នាក់ជាម្ចាស់ទីតាំង និងនារីរងគ្រោះចំនួន៥នាក់ ជាអនីតិជន នៅហាងរ៉ូ កាត់សក់បុរស ម៉ាស្សាប្រេង និងម៉ាស្សាបាតជើង បង្កប់សេវាផ្លូវភេទ ក្នុងនោះក៏មានការសម្របសម្រួលពី លោកគុជ គឹមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ មានការដឹកនាំចុះធ្វើការបង្ក្រាប់ជាក់ស្ដែងដោយលោកវសេនីយឯក ចាន់ កិតិខុម ស្នងការរងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ប្រតិបត្តិការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅទីតាំងហាងរ៉ូសកាត់សក់បុរស ម៉ាស្សាប្រេង និងម៉ាស្សាបាតជើង តាមបណ្ដោយផ្លូវវេងស្រេង ស្ថិតនៅចំណុចទល់មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីសង្ស័យជាម្ចាស់ទីតាំង មានឈ្មោះសុខា សុថារី អាយុ៣៨ឆ្នាំ ភេទស្រី ស្នាក់នៅផ្ទះទីតាំងហាងរ៉ូសកាត់សក់បុរស ម៉ាស្សាប្រេង និងម៉ាស្សាបាតជើង តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីនគរបាលបានអោយដឹងថា នៅមុនពេលឈានដល់ការចុះបង្ក្រាប់នៅទីតាំងនេះ កម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវចំពោះទីតាំងខាងលើនេះ ដោយដាក់យីហោហាងរ៉ូស កាត់សក់បុរស ម៉ាស្សាប្រេង និងម៉ាស្សាបាតជើង តែបង្កប់បំរើសេវាផ្លូវភេទ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា ជារៀងរាល់ថ្ងៃ ទីតាំងហាងបានបើករកស៊ីចាប់ ពីម៉ោង៦ល្ងាច ដល់ម៉ោង៦ព្រឹក ដោយពេលខ្លះមានភ្ញៀវចូលមកម៉ាស្សា តម្លៃ១ម៉ោង ៤ដុល្លារ ហើយភ្ញៀវខ្លះក៏មករួមភេទ ដោយរួមភេទម្ដង តម្លៃ២០ដុល្លារ ទៅ៣០ដុល្លារ។
បច្ចុប្បន្នស្រី្តសង្ស័យជាម្ចាស់ទីតាំង ត្រូវបានកម្លាំងនគរបាលនាំមកឃុំខ្លួនបណ្ដោះអាសន្ន នៅ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះត្រូវបាននគរបាលបញ្ជូនទៅខាងសង្គមកិច្ច ដើម្បីធ្វើការអប់រំ៕