Thursday, January 23, 2025
Homeព័ត៌មានជាតិបុរសស្រវឹងតាំងខ្លួនជាខ្សែអ្នកធំ អុកឡុកផ្អើលសមត្ថកិច្ចទាំងកណ្តាលយប់

បុរសស្រវឹងតាំងខ្លួនជាខ្សែអ្នកធំ អុកឡុកផ្អើលសមត្ថកិច្ចទាំងកណ្តាលយប់

ខេត្តព្រះសីហនុ៖ បុរសម្នាក់ទៀតហើយ នាយប់ថ្ងៃទី២០វេលាម៉ោង ២រំលងអាធ្រាត បាន​បង្ក​ការអុកឡុកហាងខារ៉ាអូខេ និងបានធ្វើឲ្យផ្អើលសមត្ថកិច្ចទាំងកណ្តាលយប់ ដោយ​បាន​តាំងខ្លួនជាខ្សែអ្នកធំ មានឈ្មោះថា ស លីហ៊ួរ ៦៦៦៦ ហៅខ្លាក្រហឹម ។

ជុំវិញការភ្ញាក់ផ្អើលដល់សមត្ថកិច្ចស្ទើរមួយក្រុងនេះ ពុំមានការបកស្រាយណាមួយពី​សមត្ថកិច្ចនោះទេ ប៉ុន្តែបើយោងតាមប្រភពនៅកន្លែងកើតហេតុ ក៏ដូចជាសម្តីជនបង្កផ្ទាល់ បានស្រែកឡូឡា គំរាមដកសមត្ថកិច្ចប៉ូលីសណាដែលពុំធ្វើតាមគេ ដោយគេបានតាំង​ខ្លួន​ថា រូបគេមានឈ្មោះថា ស លីហ៊ួរ ៦៦៦៦ ហៅខ្លាក្រហឹម រូបគេនឹងសមត្ថកិច្ច​ណា​ដែល​ពុំធ្វើការ បណ្តោយឲ្យជនជាតិវៀតណាម មកបើកហាងខារ៉ាអូខេ បើទោះបីជាសមត្ថកិច្ច​ខិតខំ​សម្រប​​សម្រួលយ៉ាងណាក្តី រហូតសមត្ថកិច្ចក្តៅស្លឹកត្រចៀក ចាប់វ៉ៃខ្នោះលើកឡើងឡាន​ដូច​ជ្រូក ក៏បុរសរូបនោះនៅតែសម្តែងអាការៈក្អេងក្អាងដែរ។

ដោយឡែក បើយោងតាមប្រភពម្ចាស់ហាងឈ្មោះ ធីតា មានទីតាំងម្តុំក្រោយពេទ្យ ស្ថិត​ក្នុងក្រុមទី០២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានអះអាងថា នៅមុនកើតហេតុបុរស់​រូបនេះ បានចូលទៅផឹកបៀរជាមួយមិត្តភក្តិ៣នាក់ផ្សេងទៀត រហូតអស់ជិតចំនួន០២ថូធំ បុរស់រូបនោះមានអាការៈស្រវឹង បានស្រែកឡូឡា ដើររករឿងគេឯង បើទោះបីជាមិត្តខិតខំអង្វរ​យ៉ាង​ណាក៏ដោយ ដោយការនិយាយមិនស្តាប់គ្នា ទើបមិត្តចំនួន០៣នាក់ផ្សេងទៀត (ស្រី​ម្នាក់​ប្រុស០២នាក់) បានជិះម៉ូតូចេញទៅមុន ។

ប្រភពដដែលបានបន្តថា ក្រោយពីមិត្តចេញទៅបាត់ ជនបង្កនៅតែបន្តស្រែកដើរករឿងក្នុងហាងដដែល ទើបរូបគាត់ប្តឹងសមត្ថកិច្ច រហូតសមត្ថ​កិច្ច​មកដល់ ក៏ជនបង្កនៅតែសម្តែងអាការៈអួតអាងដដែល មិនត្រឹមតែ​ប៉ុណ្ណោះបានប្រតាយ​ប្រតប់​ជា​មួយសមត្ថកិច្ចថែមទៀតផង បើទោះបីជាស្នងការរងអន្តោប្រវេសន៍ មកឃាត់សម្របសម្រួល ក៏​ជននោះតែមិនស្តាប់ ហើយបានចង្អុលក្រុមសមត្ថកិច្ច ដោយចោទសួរថា ហេតុអីក៏ជន​ជាតិ​វៀតណាម មានសិទ្ឋបើកហាងខារ៉ាអូខេ ហើយមានអត្តសញ្ញាណប័ណ្ណថែមទៀត៕

RELATED ARTICLES