វាជារឿងគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលតារាឯកស្រីក្នុងរឿង “ស្នេហ៍ប្រែរូប” គឺនាង វិវ វណ្ណរ៉ុត ជាប់ចំណាត់ថ្នាក់ទី១ តារាដែលមានប្រុសច្រើនបំផុត!!
សម្រាប់ វិវ វណ្ណរ៉ុត សន្ធិឆៃ តារាឯកសិចស៊ីម្នាក់នេះ ពិតជាមានមន្តស្នេហ៍រោលរាលមែន។ បុរសណាបាននៅក្បែរនាង ប្រាកដជាត្រូវមន្តស្នេហ៍របស់នាងខាបអន្ទងព្រលឹងមិនខាន។ ដូច្នោះហើយ ទើបនាងឧស្សាហ៍មានព័ត៌មានជាមួយ ប្រុសៗស្ទើរគ្មានលោះថ្ងៃ រហូតទទួលបានចំណាត់ថ្នាក់ទី១ ក្នុងចំណោមស្ត្រីទាំង៥ ដែលមានប្រុសច្រើនបំផុតប្រចាំប្រទេសថៃ។
កន្លងមក បុរសដែលមានឈ្មោះថា ជាសង្សារនាង ឬធ្លាប់មានដំណឹងស្នេហាជាមួយមានច្រើនហួសគណនា។ គ្រាន់តែបុរសក្នុងរង្វង់សិល្បៈ ក៏មានច្រើនរាប់រួយមាត់ទៅហើយ ដូចជាលោក ភុត ភុទ្ធិឆៃ, ម៉ាកព្រិន, អភិជនរូបសង្ហា ពុន, តូណូ ផាឃិន, សុន យុក ហ្វៃសាល៘
ព័ត៌មានដែលហាក់ដូចជាធ្ងន់ធ្ងរបន្តិច សម្រាប់រូបនាង គឺព័ត៌មានស្មាមួយអំរែកពីរ ឬខ្លួនមួយជិះទូកពីរ ក្នុងពេលតែមួយ។ ព័ត៌មានដែលធ្វើឱ្យញ័ររញ្ជួយពិភពសិល្បៈថៃ គឺដំណឹងនាងលបចូលទៅក្នុងខន់ដូរបស់តារាឯក តូណូ ផាឃិន ស្ងាត់ៗ ហើយចៃដន្យ សុនយុក ដែលជាសង្សារនាងម្នាក់ទៀត មកជួបឃើញក៏កើតទៅជារឿងប្រចែប្រចណ្ឌ រហូតដល់ក្លាយជាឆាកប្រយុទ្ធ វាយតប់គ្នារវាងបុរសទាំងពីរ។
ទោះជាយ៉ាងណាក៏ដោយ បុរសទាំងពីរក្នុងសង្គ្រាមស្នេហាក៏បានចេញមកបកស្រាយថានោះពុំមែនជាការពិត ហើយថែមបង្ហាញក្តីបារម្ភខ្លាចភាគី ស្រីខូចឈ្មោះទៀតផង។
ដូចគ្នាដែរ វិវ វណ្ណរ៉ុត ក៏ចេញមកបដិសេធដំណឹងនោះ ដោយថា នាងមានការភ្ញាក់ផ្អើលចំពោះរឿងនេះ ព្រោះនាងពុំដែលបានលបទៅជួប តូណូ ដូចការចុះផ្សាយនោះទេ។
ចំពោះករណីដែលគេចាត់ចំណាត់ថ្នាក់ឱ្យនាងថា ជាស្រីមានប្រុសច្រើនជាងគេក្នុងចំណោម ស្ត្រីទាំង៥នោះ ត្រូវបាននាងបង្ហាញអារម្មណ៍ថា នាងមានអារម្មណ៍មិនល្អទាល់តែសោះ។ ការចាត់ ចំណាត់ថ្នាក់បែបនេះ ពុំមែនជារឿងល្អឡើយ ព្រោះបុរសទាំងអស់ដែលមានដំណឹងជាមួយគ្នានោះ ក៏មានទាំងអ្នកធ្លាប់រួមការងារជាមួយគ្នា និងមិនធ្លាប់រួមការងារ។ នាងមិនដឹងថា ព័ត៌មាននោះ កើតឡើងដោយរបៀបណាទេ។ នាងបារម្ភថា ពេលកើតមានព័ត៌មានរបៀបនេះ នាំឱ្យបាត់បង់មិត្តភាពក្នុងចំណោមមិត្តភក្តិ។
នាងសន្និដ្ឋានថា មូលហេតុដែលនាងឧស្សាហ៍មានព័ត៌មានជាមួយបុរស អាចមកពីវ័យដែលនាង កាន់តែលូតលាស់ធំជាងមុន រួមផ្សំនឹងការថតរូបសិចស៊ីផង។ ប៉ុន្តែនាងចង់ឱ្យមហាជនមើលរឿងទាំងនេះក្នុងផ្លូវវិជ្ជមាន ដោយប្តូរពីការសម្លឹងមើលថា ជាស្រីមានប្រុសច្រើន ទៅជានារីមានមន្តស្នេហ៍គួរឱ្យស្រលាញ់វិញ។
មែនហើយ មន្តស្នេហ៍គួរឱ្យស្រលាញ់របស់នាង នៅតែសាយភាយអនុភាពអន្ទងចិត្តបុរសឱ្យញាប់ញ័រជាដរាប។ បុរសពីម្នាក់ទៅម្នាក់បន្តកន្ទុយគ្នាចូលមក ក្នុងវដ្តចក្រស្នេហារបស់នាង ដោយបុរសចុងក្រោយបំផុតនេះឈ្មោះ ណង ថាណា ហាក់ដូចជាមានដំណឹងជិតស្និទ្ធនឹងនាងបានយូរជាងគេដល់ទៅ២ឆ្នាំ។
ណង ថាណា ប្រុសស្នេហ៍ចុងក្រោយរបស់ វិវ វណ្ណរ៉ុត អះអាងថា ពីរឆ្នាំដែលបានស្គាល់ វណ្ណរ៉ុត រូបគេមានសេចក្តីសុខខ្លាំងណាស់។ តែអ្នកតាមដានរឿងរ៉ាវរបស់ វិវ វណ្ណរ៉ុត យល់ថា ណង ថាណា នឹងមិនមែនជាបុរសចុងក្រោយរបស់ នាងទេ ព្រោះបើដូច្នោះនាងនឹងរបូតចំណាត់ថ្នាក់ប្រុសច្រើនជាមិនខាន៕